ដំណើរទេសចរណ៍ផ្សងព្រេងនៅកម្ពុជាកាន់តែពេញនិយមពីមួយថ្ងៃទៅមួយថ្ងៃ ហើយការឃោសនាអន្ទងអារម្មណ៍ និងបំផុសបំផុលគំនិតកាន់តែសកម្ម ប៉ុន្តែប្រសិនបើយើងធ្វេសប្រហែសវាអាចគ្រោះថ្នាក់ដូចជាករណីដែលបានកើតឡើងនៅលើយុវតីពីរនាក់ដែលបានទៅលេងនៅជ្រោះឪម៉ាល់ នៅឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។ កាលពីចុងខែកក្កដា យុវតី២នាក់បានបាត់បង់ជីវិតហើយម្នាក់នៅក្នុងចំណោមនោះ…
ដំណើរទេសចរណ៍ផ្សងព្រេងនៅកម្ពុជាកាន់តែពេញនិយមពីមួយថ្ងៃទៅមួយថ្ងៃ ហើយការឃោសនាអន្ទងអារម្មណ៍ និងបំផុសបំផុលគំនិតកាន់តែសកម្ម ប៉ុន្តែប្រសិនបើយើងធ្វេសប្រហែសវាអាចគ្រោះថ្នាក់ដូចជាករណីដែលបានកើតឡើងនៅលើយុវតីពីរនាក់ដែលបានទៅលេងនៅជ្រោះឪម៉ាល់ នៅឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។

កាលពីចុងខែកក្កដា យុវតី២នាក់បានបាត់បង់ជីវិតហើយម្នាក់នៅក្នុងចំណោមនោះ គឺបាត់សាកស.ពដល់ទៅ៤ថ្ងៃទើបសមត្ថកិច្ចរកឃើញ ក្រោយពួកគេ និងគ្នីគ្នា៤នាក់បានមកបោះតង់រួមគ្នាសម្រាកជាមួយនឹងក្រុមអ្នកទេសចរ៤៣នាក់ផ្សេងទៀតដែលបានមកបោះតង់សម្រាក នៅជ្រោះឪម៉ាល់ ។
ពួកគេទាំងអស់គ្នានោះ គឺបានមកប៉ោះតង់ នៅថ្ងៃទី២៩ ខែកក្កដា ហើយនៅរង្វង់ពេលទៀបភ្លឺកន្លែងដែលពួកគេបោះតង់ គឺត្រូវបានទឹកហូរពីលើភ្នំកួចពួកគេទាំង៤នាក់ទៅ ប៉ុន្តែ២នាក់បានត្រូវជួយសង្គ្រោះ នៅពេលពួកគេអណ្តែតជាប់នឹងដើមឫស្ស៊ី ហើយក្រៅពីនោះអ្នកទេសចរផ្សេងទៀត៤៣នាក់ ដែលជាប់នៅលើកោះនោះត្រូវបានអាជ្ញាធរជួយជម្លៀសមានសុវត្ថិភាពទាំងអស់ ។

នេះ គឺជាគ្រោះថ្នាក់ដល់ជីវិតលើកទីមួយសម្រាប់ក្រុមអ្នកទេសចរដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង និងបោះតង់សម្រាកកើតមាននៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍បែបនេះកំពុងតែមានប្រជាប្រិយភាព និងពេញនិយមច្រើនជាពិសេសនៅក្នុងមជ្ឈដ្ឋានយុវវ័យ ។
ក្រុមអ្នកទេសចរខ្លះ គឺទៅកន្លែងដែលគេធ្លាប់ទៅ ប៉ុន្តែក្រុមខ្លះទៀត គឺចូលចិត្តលុកព្រៃទៅទីកន្លែងណាដែលគេមិនដែលបានទៅពីមុន ហើយក្រុមទាំងនេះតែងតែចេញទៅនឹងធ្វើវីដេអូផ្សព្វផ្សាយចែករំលែកដល់អ្នកដទៃ ។ ជាការពិត ដំណើរកំសាន្តបែបផ្សងព្រេងបែបនេះជាការកម្សាន្ដក្រៅផ្ទះ គឺស្ថិតនៅក្នុងតម្រូវការដ៏ពេញនិយម ដើម្បីស្វែងរកព្រៃសេចក្តីសុខនៅក្នុងដែនជំរកធម្មជាតិ ដែលពោរពេញដោយអាថ៌កំបាំង ហើយអាចនឹងមានគ្រោះថ្នាក់ជាយថាហេតុ ដូចជា ករណីដែលបានកើតឡើងនៅជ្រោះឪម៉ាល់ខាងលើជាដើម ។

ជ្រោះឪម៉ាល់នេះ មិនមែនជាកន្លែងថ្មីមិនដែលមានអ្នកណាទៅដល់នោះទេ វា គឺជាគោលដៅទេសចរណ៍ផ្សងព្រេងដែលមានអ្នកដែលធ្លាប់ទៅជាបន្តបន្ទាប់ ប៉ុន្តែវានៅតែមានហេតុការណ៍អកុសលកើតឡើងទាល់តែបាន ។ ដូចនេះសម្រាប់ក្រុមអ្នកដែលមានបំណងធ្វើដំណើរផ្សងព្រេងនៅកន្លែងផ្សេងទៀតៗ គឺដាច់ខាតត្រូវតែយកចិត្តទុកដាក់លើកត្តាសំខាន់៤យ៉ាង ។
កត្តាទាំង៤យ៉ាងនេះ ប្រសិនបើយើងអនុវត្តបានច្បាស់លាស់ វាពិតជានឹងអាចជួយកាត់បន្ថយ ឬបង្កាហានិភ័យដែលអាចបង្កការរំខាន ឬធ្វើឲ្យដំណើរកំសាន្តផ្សេងព្រេងរបស់យើងជួបឧបសគ្គ ។ កត្តាទាំងនេះ រួមមានទីមួយ គឺត្រូវរៀបចំគម្រោងឲ្យច្បាស់លាស់ជាមុនការរៀបចំគម្រោងទុកជាមុននេះអាចនឹងអោយយើងមានផែនការ និង កំណត់ទីតាំងច្បាស់លាស់ ហើយក៏អាចនឹងត្រៀមបម្រុងសម្ភារៈចាំបាច់នានាបានគ្រប់គ្រាន់ ។

កត្តាទីពីរ គឺត្រូវដឹង ឬប្រមូលព័ត៌មាននូវទីតាំងដែលយើងចង់ទៅមកដល់ពេលនេះលក្ខណៈភូមិសាស្ត្រ និងទីតាំងដែលយើងត្រូវទៅ គឺតែងតែមានលក្ខណៈខុសប្លែកពីគ្នាដូចនេះតម្រូវការ និងសម្ភារៈចាំបាច់ដែលត្រូវត្រៀមក៏អាចនឹងខុសគ្នាផងដែរ ។ ជាក់ស្តែងនៅកម្ពុជាលក្ខណៈ និងសណ្ឋានជីវចម្រុះនៅក្នុងព្រៃពីតំបន់មួយទៅតំបន់មួយអាចខុសគ្នា ហើយសត្វព្រៃ និងបរិស្ថាននៅក្នុងតំបន់ដែលខុសគ្នាក៏អាចបង្កគ្រោះថ្នាក់ផ្សេងៗគ្នាផងដែរ ។
ទីបីកម្មវិធីដំណើរកំសាន្តទេសចរណ៍ផ្សេងព្រេងនានាគួរបង្កើតឡើងដោយការទទួលខុសត្រូវ ពោល គឺដំណើរកំសាន្តនេះ គឺនៅក្នុងគោលបំណងតែកំសាន្ត ហើយមិនគួរដើម្បីហេតុផលធ្វើអាជីវកម្មណាដែលមានចរិតបំផ្លិចបំផ្លាញនៅកន្លែងដែលយើងទៅដល់នោះឡើយ ។ នេះគឺជាទំនួលខុសត្រូវសំខាន់បំផុតពីព្រោះកន្លងមកនៅទីណាដែលមានមនុស្សទៅដល់ទីនោះនឹងរងការទន្ទ្រានបំពារបំពានធនធានធម្មជាតិ ។ ទីបួន គឺត្រូវតែជូនដំណឹងទៅអ្នកដែលពាក់ព័ន្ធ ដើម្បីគេមានដាននៅក្នុងការជួយសង្គ្រោះនៅក្នុងករណីមានហេតុការណ៍អាក្រក់ណាមួយកើតមានឡើងដោយចៃដន្យដោយគ្មានការត្រៀមទុក ។

ក្រៅពីនេះអ្នកដែលចូលចិត្តដំណើរទេសចរណ៍បែបនេះក៏ត្រូវតែត្រៀមសម្ភារៈ និងឧបករណ៍ដែលគួរតែត្រៀមដូចជា អង្រឹង តង់ អាហារក្រៀមៗឧបករណ៍ការពារខ្លួនដូចជាប្រភេទកាំបិទ គ្រឿងបង្កាត់ភ្លើង ពិល ឆ្នាំង និងថ្នាំសង្កូវខ្លះៗ ជាពិសេស គឺប្រភេទថ្នាំឈឺពោះ និងថ្នាំគ្រុនជាដើម ។ ហើយអ្វីដែលសំខាន់ បំផុតដែលមិនគួរភ្លេចនោះ គឺឧបករណ៍កំណត់ទិស ដែលគេហៅថា ត្រីវិស័យហើយក៏គួរតែមានខ្សែ មានអាវពោង ឬឧបករណ៍ជំនួយពេលហែលឆ្លងកាត់ទឹកផងដែរ ។
សរុបទៅដំណើរកំសាន្តទេសចរណ៍បែបនេះ មិនមែនដូចជា ដំណើរកំសាន្ត ដែលមានលក្ខណៈដូចជា គេរៀបចំស្រេចនៅតាមរមណីដ្ឋាន ស្អាតៗនៅកណ្តាលក្រុងកន្លែងមនុស្សម្នាទៅច្រើនកន្លែងស្នាក់នៅជាសណ្ឋាគារប្រណីត មានអាហារថ្លៃៗទទួលទានស្រាប់ៗនោះឡើយ ។ កន្លែងដែលគេច្រើនតែរៀបចំដំណើរកំសាន្តបែបផ្សងព្រេងនេះជាកន្លែងដែលយើងអាចងាយនឹងជួបករណីគ្រោះថ្នាក់ចៃដន្យជាច្រើន រាប់តាំងពីបាតុភូតធម្មជាតិ សត្វព្រៃ អព្ភូតហេតុចម្លែកៗលើសពីការរំពឹងទុកជាច្រើន ។
៣៩៧៥០០
ដូច្នេះការត្រៀមបម្រុងទុកជាមុន គឺជារឿងដែលចាំបាច់បំផុត ដើម្បីឲ្យដំណើរកំសាន្តយើងអាចប្រពឹត្តទៅដោយរលូន និងមានសុវត្ថិភាព ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ