ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​បន្ត​ស៊ើប​អង្កេត​ការ​ស.ម្លា.ប់​ជន​ជាតិ​បរទេស​ រួច​កា.ត់​ជា​ក.ង់​ៗដាក់​ចូល​ក្នុង​ថង់​ផ្លាស្ទិច

1 ឆ្នាំ មុន

ភ្ញាក់​ផ្អើល​នឹង​ការ​រក​ឃើញ​សរី​រៈ​រាង​របស់​មនុស្ស​នៅ​កន្លែង​ចាក់​សំរាម​នៃ​កោះ​ផាង៉ាន (Pha-ngan) ​ខេត្ត​ស៊ូរ៉ាត ថានី (Surat Thani) ​ប្រទេស​ថៃ​ ដែល​​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ អ្នក​ភូមិ​ដែល​រស់​នៅ​ម្ដុំ​ៗ​នោះ​។ សរីរៈ​រាង​នោះ​ត្រូវ​គេ​វេច​ខ្ចប់​នៅ​ក្នុង​​ថង់​​ផ្លាស្ទិច​។…

ភ្ញាក់​ផ្អើល​នឹង​ការ​រក​ឃើញ​សរី​រៈ​រាង​របស់​មនុស្ស​នៅ​កន្លែង​ចាក់​សំរាម​នៃ​កោះ​ផាង៉ាន (Pha-ngan) ​ខេត្ត​ស៊ូរ៉ាត ថានី (Surat Thani) ​ប្រទេស​ថៃ​ ដែល​​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ អ្នក​ភូមិ​ដែល​រស់​នៅ​ម្ដុំ​ៗ​នោះ​។ សរីរៈ​រាង​នោះ​ត្រូវ​គេ​វេច​ខ្ចប់​នៅ​ក្នុង​​ថង់​​ផ្លាស្ទិច​។ សមត្ថ​កិច្ច​ជឿ​ជាក់​ថា​​នេះ​ជា​​បំណែក​សាក​សព​​​​​បុរស​ជន​ជាតិ​បរទេស​​ដែល​គេ​មិន​ទាន់​ស្រាវ​ជ្រាវ​ដឹង​អត្ត​សញ្ញាណ​របស់​គាត់​នៅ​ឡើយ​ទេ​។ សូម្បី​តែ​គាត់​ជា​ជន​ជាតិ​អ្វី​ក៏​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ​។​

​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា​នេះ​ជា​បំណែក​សាក​សព​ជន​ជាតិ​បរទេស​ អាច​ប៉ែក​អឺរ៉ុប​ ឬ​អាមេរិក​ ព្រោះ​ឆ្អឹង​ត្រគាក​នោះ​មាន​ទំហំ​ធំ​ជាង​ពួក​អាស៊ី​។​​ ​ក្រោយ​ការ​រក​ឃើញ​នេះ, គេ​បាន​បញ្ជូន​សរីរៈ​រាង​នោះ​ទៅ​មន្ទីរ​ពេទ្យ​​កោះ​ផាង៉ាន​ដើម្បី​ធ្វើ​​កោសល្យ​វិច័យ​​។ បំណែក​សាក​សព​​​បាន​ស្លាប់​លើស​ពី​៤៨​ម៉ោង​​មុន​ពេល​គេ​រក​ឃើញ​នៅ​វាល​ចាក់​សំរាម​​នៅ​វេលា​ម៉ោង​១២:៣០​ថ្ងៃ​ត្រង់​​។​ ​

ថង់​​​ពណ៌​ខៀវ​ដែល​វេច​ខ្ចប់​បំណែក​សាក​សព​​​នៅ​ឡូក​ឡំ​ជា​មួយ​សំរាម​​ដទៃ​​ទៀត​ដែល​​ដឹក​តាម​ឡាន​​​សំរាម​​​ចេញ​ពី​តំបន់​បាន​ថងសាលា​ (Ban Thong Sala) ​ដើម្បី​បំបែក​​​សំរាម​ទៅ​តាម​​ក្រុម​ផ្សេង​ៗ​គ្នា​​​។ បន្ទាប់​មក​, គេ​​ត្រូវ​​ដឹក​​​បន្ត​ទៅ​កន្លែង​ចាក់​សំរាម​​​។ ​​គឺ​នៅ​អំឡុង​ពេល​បំបែក​សំរាម​​ចេញ​​ពី​គ្នា​​នេះ​​ហើយ​​​ដែល​​​​ក្រុម​ការ​ងារ​ស្រាយ​ថង់​​ និង​រក​ឃើញ​​​​បំណែក​​សាក​សព​តែ​ម្ដង​​។ ​សមត្ថ​កិច្ច​បាន​ហៅ​អ្នក​បើក​ឡាន​ដឹក​សំរាម​ទៅ​សាក​សួរ​ដើម្បី​ចង់​ដឹង​​ថា​តើ​ថង់​​​ពណ៌​ខៀវ​​នេះ​​រក​ឃើញ​ដំបូង​នៅ​​កន្លែង​ណា​។ ​​​

សមត្ថ​កិច្ច​សន្និ​ដ្ឋាន​​​ថា​ជន​រង​គ្រោះ​ទំនង​ជា​​រង​ការ​កាប់​សម្លាប់​ពី​សំណាក់​​ជន​ដៃ​ដល់​​ម្នាក់​ ឬ​លើស​ពី​ម្នាក់​​​។ ម៉្យាង​ទៀត​ ជន​ដៃ​ដល់​ និង​ជន​រង​គ្រោះ​ទំនង​ជា​ស្គាល់​គ្នា​ពី​មុន​មក​។​ ​សមត្ថ​កិច្ច​បាន​រើ​កកាយ​សំរាម​ឃើញ​​សរីរៈ​រាង​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ថង់​មួយ​ទៀត​ពណ៌​ខ្មៅ​។ ​គណៈ​អភិបាល​ខេត្ត​ស៊ូរ៉ាតថានី រួម​ទាំង​​សមត្ថ​កិច្ច​, បុគ្គលិក​ពេទ្យ និង​ក្រុម​អ្នក​ធ្វើ​កោសល្យ​វិច័យ​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​​​​។​ ​គេ​បើក​ថង់​ខ្មៅ​​​ឃើញ​​កំភួន​ជើង​១​គូ, អាវ​យឺត​មួយ​, ខោ​ជើង​ខ្លី​មួយ​ និង​​ខោ​ក្នុង​ពណ៌​ក្រហម​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍,​​ ​បុគ្គលិក​​នៅ​កន្លែង​ចាក់​សំរាម​​​​​រក​ឃើញ​សរីរៈ​រាង​មួយ​ចំនួន​របស់​ជន​រង​គ្រោះ​ដូច​ជា​ត្រគាក​ដែល​ត្រូវ​គេ​កាត់​ជា​កង់​ៗ​​ រួម​ទាំង​ពោះ​វៀន​មនុស្ស​ទម្ងន់​​៥​គីឡូក្រាម​។ ​កាល​ពី​ថ្ងៃ​សុក្រ​, សមត្ថ​កិច្ច​នាំ​ខ្លួន​ជន​ជាតិ​អេស្ប៉ាញ​​ម្នាក់​មក​​សាក​សួរ​​ដើម្បី​ចង់​ដឹង​ថា​តើ​គាត់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​សម្លាប់​​ជន​រង​គ្រោះ​​ដែរ​ឬ​ទេ​។​​​ ​បុរស​​នេះ​​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​។​ ​​គាត់​​​​បាន​​​​ដាក់​ពាក្យ​ប្ដឹង​ទៅ​​ប៉ុស្តិ៍​នគរ​បាល​នៅ​លើ​កោះ​​ផាង៉ាន​ ដោយ​ប្រាប់​​ថា​​​គាត់​បាត់​មិត្ត​ភក្ដិ​ម្នាក់​ជា​ជន​ជាតិ​កូឡុំប៊ី។​

​សូម​ជម្រាប​ថា​នៅ​​កន្លែង​ចាក់​សំរាម​នេះ​មាន​ការ​យាម​កាម​យ៉ាង​តឹង​តែង​។​ មាន​តែ​បុគ្គលិក​ធ្វើ​ការ​ផ្នែក​គ្រប់​គ្រង​សំរាម និង​​អ្នក​បើក​ឡាន​ដឹក​សំរាម​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​ទី​នោះ​បាន​។ ដូច្នេះ​ ករណី​ដែលថា​​​អ្នក​ខាង​ក្រៅ​យក​​ថង់​ដាក់​បំណែក​សាក​សព​ទៅ​ចោល​ទី​នោះ​មិន​អាច​ទៅ​រួច​ទេ​។ សមត្ថ​កិច្ច​​យល់​​ថា​ថង់​​ទាំង​នេះ​​​ដឹក​ចេញ​ពី​កន្លែងដទៃ​​។ ក្រៅ​ពី​ការ​រើ​កកាយ​សំរាម​ដើម្បី​ស្វែង​រក​បំណែក​​ដទៃ​ទៀត​នៃ​សាក​សព​​, សមត្ថ​កិច្ច​​កំពុង​​​សាក​សួរ​មនុស្ស​មួយ​ចំនួន​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​។

​ក្រៅ​ពី​នេះ សមត្ថ​កិច្ច​ក៏​ដើរ​ឆែក​មើល​វីឌីអូ​ឃ្លីប​ពី​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​លើ​កោះ​ផាង៉ាន​។ ជា​ពិសេស​ នៅ​តាម​សណ្ឋាគារ​ ឬ​កន្លែង​ស្នាក់​នៅ​របស់​ជនជាតិ​បរទេស​។ ធ្វើ​បែប​នេះ​ដើម្បី​ដេញ​ថយ​ក្រោយ​​ទៅ​រក​ប្រភព​ដើម​នៃ​ថង់​ផ្លាស្ទិច​ដែល​វេច​ខ្ចប់​បំណែក​សាក​សព​។​ ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ជន​សង្ស័យ​អាច​រត់​គេច​ខ្លួន​ចេញ​ពី​តំបន់​​នោះ, សមត្ថ​កិច្ច​បាន​ដាក់​បារ៉ាស់​បិទ​ខ្ទប់​​គ្រប់​​ច្រក​ចេញ​​ចូល​​នៃ​​កោះ​ផាង៉ាន​យ៉ាង​ជិត​ឈឹង​ជា​បណ្ដោះ​អាសន្ន។​​​​​​

យោង​តាម​កាសែត​ដឹណេសឹន (The Nation), សមត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់​ជន​ជាតិ​បរទេស​ម្នាក់​ដែល​ជា​ជន​សង្ស័យ​ធំ​ជាង​គេ​នៅ​ក្នុងសំណុំ​រឿង​ឃាត​កម្ម​នេះ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​​កំពុង​តាម​រក​​បុរស​​នោះ​​បន្ទាប់​ពី​គាត់​​រត់​គេច​ខ្លួន​​​នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​គួរ​ឱ្យ​សង្ស័យ​ចេញ​ពី​សណ្ឋាគារ​​​នៅ​លើ​កោះ​ផាង៉ាន។ គេ​ជឿ​ជាក់ថា​ជន​សង្ស័យ​រូប​នេះ​បាន​ចាក​ចេញ​ផុត​ពី​កោះ​ផាង៉ាន​​​ហើយ​​នៅ​ពេល​នេះ​។ សមត្ថ​កិច្ច​ស៊ើប​ដឹង​ថា​មុន​ពេល​កើត​ហេតុ​, ​គាត់​បាន​ទៅ​ផ្សារ​​​​ដើម្បី​ទិញ​កាំបិត​ និង​ថង់​ផ្លាស្ទិច​៕​​​​

​​ប្រភព៖ Bangkok Post និង​​ប្រភព​ដទៃ​ទៀត​
https://www.bangkokpost.com/thailand/general/2623603/spaniard-questioned-over-body-parts-found-in-koh-phangan-landfill
https://www.bangkokpost.com/thailand/general/2623085/body-parts-found-on-koh-phangan
https://www.thaipbsworld.com/human-remains-found-at-garbage-dump-on-pha-ngan-island/

https://thethaiger.com/news/national/body-parts-of-a-foreign-man-found-in-trash-bag-on-koh-pha-ngan
https://www.nationthailand.com/thailand/general/40029937

ថង់​ផ្លាស្ទិច​ពណ៌​ខៀវ​ ដែល​ជា​ថង់​មួយ​នៅ​ក្នុង​ចំណោម​ថង់​ចំនួន​២​ដែល​គេ​រក​ឃើញ​បំណែក​សាក​សព​ជន​រង​គ្រោះ​
ថង់​ផ្លាស្ទិច​ពណ៌​​ខ្មៅ ដែល​ជា​ថង់​មួយ​នៅ​ក្នុង​ចំណោម​ថង់​ចំនួន​២​ដែល​គេ​រក​ឃើញ​បំណែក​សាក​សព​ជន​រង​គ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ