ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ណាស់​! រក​ឃើញ​បាក់តេរី​១​ប្រភេទ អាច​ជួយ​បញ្ឈប់​ការ​ចម្លងជំងឺ​គ្រុនចាញ់

8 ខែ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​បាក់តេរី​កើតឡើង​តាម​ធម្មជាតិ​១​ប្រភេទ ដែល​អាច​

អេ​ស្ប៉ា​ញ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​បាក់តេរី​កើតឡើង​តាម​ធម្មជាតិ​១​ប្រភេទ ដែល​អាច​ជួយ​បញ្ឈប់​ការ​ចម្លងជំងឺ​គ្រុនចាញ់​ពី​មូស​ទៅ​មនុស្ស​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វា​ដោយ​ចៃដន្យ បន្ទាប់​ពី​ហ្វូង​មូស​ក្នុង​ការ​ពិសោធន៍​មួយ​មិន​បាន​បង្កើត​ប៉ារ៉ាស៊ីត​បង្ក​ជំងឺគ្រុនចាញ់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ ២០២៣ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា បាក់តេរី​នេះ អាច​ជា​សមាសភាព​ដំ​សំខាន់​ថ្មី សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​ចំណាស់​បំផុត​មួយ​របស់​ពិភពលោក ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ៦០​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ដែល​ការ​សាកល្បង​វាយតម្លៃ​សុវត្ថិភាព​របស់​វា​នៅ​ក្នុង​ពិភព​ពិត ឥឡូវនេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ហើយ​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ឯ​កន្លែង​ស្រាវជ្រាវ​មួយ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឱសថ GSK បាន​ធ្វើ​របកគំហើញ​នេះ បន្ទាប់​ពី​បាន​កត់សម្គាល់​ឃើញ​ថា សត្វ​មូស​នៅ​ក្នុង​ការ​ពិសោធន៍ ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ថ្នាំ​បាន​បញ្ឈប់​ការ​ចម្លងជំងឺ​គ្រុនចាញ់​។ វេជ្ជបណ្ឌិត Janneth Rodrigues ដែល​ដឹកនាំ​កម្មវិធី​បាន​និយាយ​ថា «​អត្រា​នៃ​ការ​ឆ្លង​នៅ​ក្នុង​សត្វ​មូស​ចាប់ផ្តើម​ថយ​ចុះ ហើយ​ដូច្នេះ​នៅ​ចុងឆ្នាំ​នេះ មូស​នឹង​មិន​ត្រូវ​បាន​ឆ្លង​ប៉ារ៉ាស៊ីត​គ្រុនចាញ់​នោះ​ទេ​»​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នេះ បាន​បង្កក​សំណាក​ពី​ការ​ពិសោធន៍​ឆ្នាំ ២០១៤ របស់​ពួក​គេ ហើយ​យក​មក​ធ្វើការ​ពិសោធន៍​វិញ នៅ​២​ឆ្នាំ​ក្រោយ ដើម្បី​ស្វែង​យល់​ពី​អ្វី​ដែល​បាន​កើតឡើង​។ ការ​សិក្សា​បន្ថែម​បាន​បង្ហាញ​ថា បាក់តេរី​ជាក់លាក់​មួយ​ប្រភេទ «TC1» ដែល​មាន​វត្ត​មាននៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​បាន​បញ្ឈប់​កា​រវិ​វត្ត​នៃ​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់​នៅ​ក្នុង​ពោះវៀន​របស់​មូស​។ វេជ្ជបណ្ឌិត Rodrigues បន្ត​ថា «​នៅ​ពេល​ដែល​វា​គ្រប់​ដណ្តប់​លើ​មូស វា​មាន​រយៈពេល​ពេញ​មួយ​ជីវិត​។ ហើយ​យើង​បាន​រក​ឃើញ​ថា វា​គឺជា​បាក់តេរី​ដែល​មាន​តួនាទី​កាត់​បន្ថយ​ការ​ចម្លង​តាម​មូស​ទាំងនោះ​»​។

ទិន្នន័យ​ថ្មី ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា បាក់តេរី​អាច​កាត់​បន្ថយ​ការ​ផ្ទុក​ប៉ារ៉ាស៊ីត​របស់​មូស​បាន​ដល់​ទៅ ៧៣%​។ បាក់តេរី​នេះ ធ្វើការ​ដោយ​សម្ងាត់​នូវ​ម៉ូលេគុល​តូច​មួយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Harmane ដែល​រារាំង​ដំណាក់កាល​ដំបូង​នៃ​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់ ដែល​រីក​លូតលាស់​នៅ​ក្នុង​ពោះវៀន​របស់​មូស​។

យ៉ាងណាមិញ ការ​សាកល្បង​បន្ថែម​ទៀត ឥឡូវនេះ កំពុង​ធ្វើ​ឡើង​នៅ​ឯ​កន្លែង​ស្រាវជ្រាវ​វាល​ដែល​មានឈ្មោះ MosquitoSphere នៅ​ក្នុង​ប្រទេស​បួ​គី​ណា​ហ្វា​សូ ដើម្បី​វាយតម្លៃ​ថា តើ​វា​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ប៉ុនណា​ក្នុង​ការ​ប្រើ Harmane តាម​មាត្រដ្ឋាន​នៅ​ក្នុង​ពិភព​ពិត?

ក្តី​សង្ឃឹម​នោះ​គឺថា តាម​រយៈ​ការ​បង្កើត​អន្តរាគមន៍ ដែល​ផ្អែក​លើ​បាក់តេរី​នេះ​ទៅ​ក្នុង​ផលិតផល​មួយ អ្នក​វិទ្យាសាស្ត្រ​អាច​នឹង​មាន​សមាសភាព​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត ដើម្បី​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​ដ៏​កា.ច​សាហា.វ​។

គួរ​បញ្ជាក់​ថា ជំងឺគ្រុនចាញ់​បាន​សម្លាប់​មនុស្ស​ប្រហែល ៦២០,០០០​នាក់​ក្នុង​មួយ​ឆ្នាំ ដែល​ជា​រឿយ​ៗ​ជា​កុមារ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​។ ឥឡូវនេះ វ៉ាក់សាំង​ត្រូវ​បាន​បង្កើត​ឡើង ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ទ្វីបអាហ្វ្រិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ