រាជធានីភ្នំពេញ ៖ មន្ត្រីអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌប្ញស្សីកែវរួមដំណើរជាមួយព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ប្រធាន សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា កម្ពុជា និងជាចៅអធិការវត្តញាណរង្សី កាលពីព្រឹកថ្ងៃទី១០ ឧសភា បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ពិការ គ្មានទីពឹង និងផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសារ រស់នៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
អំណោយដែលនាំទៅជួយឧបត្ថម្ភក្នុងឱកាសនោះ សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥ គីឡូក្រាម , ចានស្រាក់១សម្រាប់ តែ៦កញ្ចប់ ស្ករស៣គីឡូក្រាម ទឹកដោះគោ២កំប៉ុង ធុងទឹក១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ២កំប៉ុង ថវិកាចំនួន៥ម៉ឺនរៀល ។ ដោយឡែកអំណោយរបស់ព្រះតេជគុណសុវណ្ណ ជោតិ ខឹម សម្បត្តិ ឧបត្ថម្ភក្នុង១គ្រួសារៗទទួលបានអង្ករ២៥ គីឡូក្រាម មី១កេសតូច ស្ករសចំនួន១គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល ។ ក្រៅពីនោះកាកបាទក្រហមសង្កាត់ប្ញស្សីកែវ ក៏បានជួយឧបត្ថម្ភក្នុង១គ្រួសារៗ១ម៉ឺនរៀលបន្ថែមទៀតផងដែរ ។
លោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់ជាន់ថ្នាក់ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋងាយរងគ្រោះដូចជា គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង ពិការ និងផ្ទុកមេរោគអេដស៍ ហើយបានចាត់ឱ្យមន្ត្រីកាកបាទក្រហម តាមភូមិ-សង្កាត់ចុះស្រាវជ្រាវរកជនងាយរងគ្រោះទាំងនោះ ដើម្បីនាំអំណោយមកឧបត្ថម្ភជាបន្តបន្ទាប់ ។
លោកនុត ពុធដារ៉ា បានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានលោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបានក្រើនរំលឹកដល់មន្ត្រីកាកបាទក្រហមទូទាំងប្រទេសឱ្យយកចិត្តទុកដាក់ចុះជួយដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ចាស់ជរា ពិការ និងគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ គ្រួសារផ្ទុកមេរោគអេដស៍ ហើយនាំអំណោយចុះជួយឧបត្ថម្ភដល់លំនៅឋាន ។ ថ្មីនេះៗទៀត បន្ទាប់ពីមានការឈ្លានពានពីសំណាក់ទាហានសៀម មន្ត្រីកាកបាទក្រហមបានចុះជួយដល់ជនភៀសសឹក និងជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋ ដែលរងការខូចខាត និងឆាបឆេះដោយគ្រាប់កាំភ្លើងសៀម ដើម្បីជួយសម្រួលការលំបាកក្នុងនាមមនុស្សធម៌បំផុត ។
លោកនុត ពុធដារ៉ា បានបញ្ជាក់ថា បងប្អូនមិនត្រូវអស់សង្ឃឹមឡើយ ទីណាមានការលំបាកយើងមានកាកបាទក្រហមចុះជួយដល់លំនៅឋាន ។ លោកក៏បានថ្លែងអំណរគុណដល់ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការវត្តញាណរង្សី ដែលបានរួមដំណើរជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវនាំយកអំណោយមកជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅពេលនេះ ។ នេះជាកាយវិការនិងសកម្មភាពដ៏ល្អដែលព្រះ ពុទ្ធសាសនាមានព្រះសង្ឃ តាអាចារ្យ និងពុទ្ធបរិស័ទបានរួមគ្នាក្នុងនាមមនុស្សធម៌ សង្គហធម៌បំផុត ។ នៅក្នុងឱកាសនោះដែរ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវដែលមានលោកនុត ពុធដារ៉ា ជាប្រធាន និងព្រះតេជគុណសុវណ្ណ ជោតិ ខឹម សម្បតិ្ត ក៏បានរួមគ្នាជួយសងប្រាក់ចំនួន២០០ដុល្លារដល់លោកយាយផិត ផន អាយុ៦៨ឆ្នាំ ចាស់ជរាគ្មានទីពឹងចិញ្ចឹមចៅកំព្រាចំនួន២នាក់ ដែលបានចងការប្រាក់គេ និងរស់នៅក្នុងខ្ទមដ៏កំសត់ ៕
ចែករំលែកព័តមាននេះ