ខេត្តកំពង់ស្ពឺ ៖ ផ្នូរដំរីបុរាណធំមួយដែលមានទំហំ៤ម៉ែត្រ៤ជ្រុង ដែលតាមការអះអាងថា បានដឹងដោយសារតែការយល់សប្តិនោះបានកើតមានតាំងពីថ្ងៃទី១ មេសា មុនបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ ហើយក៏ទើបតែបែកធ្លាយនៅពេលនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជុំវិញការរកឃើញផ្នូរដំរីនេះ គឺកន្លងមកអ្នកភូមិដែលរស់នៅទីនោះមិនមាននរណាម្នាក់ដឹងថា មានផ្នូរដំរីនៅក្នុងព្រៃក្បែរភូមិនោះទេ សូម្បីតែលោកយាយចំណាស់មួយរូបមានអាយុជាង៩០ឆ្នាំមកហើយក៏គាត់មិនធ្លាប់បានដឹងមានផ្នូរដំរីនោះដែរ ហើយដីព្រៃចំណុចនោះក៏ជាអតីតដីរបស់គាត់ផងដែរ។ ផ្នូរដំរីដែលបានប្រទះឃើញនេះស្ថិតនៅក្នុងព្រៃចំណុចក្រាំងច័ន្ទនា ស្ថិតក្នុងភូមិភ្នំបាត ឃុំប្រាំបីមុំ ស្រុកថ្ពង ដែលបច្ចុប្បន្នផ្ទៃដីព្រៃនោះទំហំ២៨ហិកតាបានក្លាយជាដីក្រុមហ៊ុនចិនទៅហើយ និងកម្មករកំពុងតែកាប់គាស់ឈូសឆាយផងដែរ។
លោកសែម ម៉ាប អាយុ៤៤ឆ្នាំ ជាអ្នកភូមិភ្នំបាតបានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យគាត់គាស់បានឆ្អឹងដំរីស្តរដ៏ធំនេះថា នៅយប់ថ្ងៃ១៣រោជ ខែផល្គុនត្រូវនឹងថ្ងៃទី១ មេសា ពេលគាត់កំពុងលង់លក់ក្នុងដំណេកស្រាប់តែយល់សប្តិហាក់ដូចជាឃើញច្បាស់នឹងភ្នែក មានព្រះសង្ឃមួយអង្គ និងតាអាចារ្យម្នាក់អង្គុយពីលើក្បាលដំណេករបស់គាត់ ហើយប្រាប់គាត់ថា មាណពឯងត្រូវទៅគាស់យកសពដំរីមួយនៅកណ្តាលដំបូកកំពស់មួយម៉ែត្រនៅចំណុចក្រាំងច័ន្ទនា ហើយត្រូវធ្វើពិធីលើកឆ្អឹងឱ្យបានត្រឹមត្រូវ និងបែបន់ម្ចាស់ទឹកម្ចាស់ដីនេះឱ្យបានសមរម្យផង។ លោកសែម ម៉ាប បានបន្តទៀតថា ដំរីដែលស្លាប់នេះស្ថិតនៅក្នុងព្រៃចំការ ដែលបច្ចុប្បន្នត្រូវកាប់គាស់ឈូសឆាយដោយក្រុមហ៊ុនចិនមានទំហំប្រមាណ២៨ហិកតា និងមានកម្មករប្រមាណពី៣០០នាក់ទៅ៥០០នាក់កំពុងកាប់ឆ្ការនៅក្បែរៗដំបូកនោះ តែពុំមានប្រទះផ្នូរដំរីនេះឡើយ។ លោកសែម ម៉ាប បន្តថា ស្អែកឡើងចំថ្ងៃ១៤រោជ ខែផល្គុន ត្រូវនឹងថ្ងៃ២ មេសា គាត់ក៏បបួលអ្នកភូមិបានគ្នាចំនួន១១នាក់ទៅរកចំណុចផ្នូរដំរីបុរាណតាមការយល់សប្តិ ប៉ុន្តែព្រឹកនោះ គឺនាំគ្នារកពុំឃើញទេ ។ ដោយសាររកពុំឃើញដូច្នេះលោក ព្រមទាំងអ្នកភូមិទាំង១១នាក់នោះក៏នាំគ្នាអុជធូបបែបន់ថា ប្រសិនបើមានដូចការពន្យល់សប្តិមែនសូមបារមីម្ចាស់ទឹក ម្ចាស់ដីបារមីយាយម៉ៅភ្នំព្រះជួយតម្រង់ទិសឱ្យពួកយើងរកឃើញ។ ក្រោយពីបែបន់រួចមក លោកសែម ម៉ាប រួមទាំងបងប្អូនអ្នកភូមិក៏ទៅដល់ចំណុចដដែល និងបានធ្វើការពិនិត្យល្អិតល្អន់រកឃើញថ្គាមធំមួយលេចចេញប្រមាណមួយតឹកពីដំបូក។ ក្រោយពីឃើញប្រាកដជាក់ស្តែងក៏ចាប់ផ្តើមគាស់ទើបប្រទះគ្រោងឆ្អឹងដំរីទាំងក្បាល ជើងទាំងអស់។ ប៉ុន្តែគ្រោងឆ្អឹងធំៗមិនផុយពេកទេត្រូវបានយកចេញពីរណ្តៅនោះទាំងអស់។ ទោះបីជាបែបណាក្តីមិនមានការប្រទះឃើញភ្លុកទេ។
ក្រោយពីបានរកឃើញផ្នូរដំរីនេះ អ្នកភូមិក៏ផ្អើលមកមើលទាំងក្មេងទាំងចាស់ ក៏បាននាំយកទៅរក្សាទុកក្នុងអាស្រមមួយនៅជើងភ្នំបាត ដែលមានយាយជីតាជីគាត់នៅទីនោះ ។ លោកសែម ម៉ាប បន្តថា ពេលនាំយកឆ្អឹងដំរីទៅទុកនៅអាស្រមមួយយប់ គាត់ក៏យល់សប្តិទៀតថា ពុំមែនឱ្យមាណពឯងគាស់យកទៅដោយអត់មានធ្វើពិធីែហហមសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីនោះទេ ទើបពួកគាត់អ្នកភូមិដែលមានជំនឿតាមបារមី ក៏នាំគ្នាដឹកឆ្អឹងដំរីនោះមកទុកកន្លែងដើមវិញ ហើយក៏ផ្តើមធ្វើពិធីសុំស្តេចដំរីយាងទៅអាសនៈ ដ៏សមរម្យដែលពុទ្ធបរិស័ទជាអ្នកភូមិរៀបចំជាស្រេច ហើយ ។
សែម ម៉ាប អ្នកភូមិជាច្រើនទៀតបាននិយាយថា ការហែហមនោះហាក់ដូចជាពិធីដង្ហែព្រះ ឬដូចលើកជំនូនមង្គលការ ព្រោះមានមនុស្សអ្នកភូមិ-ឃុំរាប់រយនាក់បានចូលរួម ។
អ្នកភូមិភ្នំបាតបាននិយាយដែរថា ក្នុងពិធីដង្ហែនោះក៏បានបញ្ជាន់រូបយាយម៉ៅផងដែរ ដែលអ្នកភូមិខ្លះនិយាយស្ងាត់ៗថា គួរយក ទៅលក់វិញអាចបានប្រាក់ច្រើនប្រសើរជាងទុកអត់ប្រយោជន៍នោះ ។ ខ្លះថា មិនអាចលក់ដូរបានទេ ព្រោះអាជ្ញាធរដែនដីដឹងឮ ។ ចំណែកសែម ម៉ាបគាត់ប្រាប់អ្នកយកព័ត៌មានយើងថា ពុំហ៊ានលក់ដូរទេ (ដំរីមួយងាប់ពុំ អាចយកចង្អេរបាំងបិទបានឡើយ) គួរតែរក្សាទុកជាទីគោរពបូជាព្រោះដំរីនោះអាចស្លាប់រាប់រយឆ្នាំមកហើយ ព្រោះឆ្អឹងមួយចំនួនផុយដូចជាឆ្អឹងក្បាលជាដើម ។ អ្នកភូមិភ្នំបាតនិយាយទៀតថា កន្លែងចំណុចដែលដំរីងាប់នេះ កាលពីសម័យយូរលង់ជាព្រៃខ្លា ព្រៃដំរី ព្រៃធំ ពុំមានមនុស្សហ៊ានចូលរុករានទេ សូម្បីតែអ្នកប្រមាញ់ក៏ពុំហ៊ានចូលផង ។
តាមការអះអាងរបស់អ្នកភូមិដំរីនេះពិតជាងាប់នៅចំណុចនោះរាប់រយឆ្នាំមកហើយ ។
បច្ចុប្បន្នឆ្អឹងដំរីនេះត្រូវបានរក្សាទុកនៅអាស្រមជើងភ្នំបាត ក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ។ គេសង្កេតឃើញថា មានអ្នកចម្ងាយ អ្នកនៅក្បែរជាប់ឃុំស្រុកនាំគ្នាទៅសុំទឹកមន្ត ដែលតាអាចារ្យ ដូនជី បានត្រាំឆ្អឹងថ្ពាល់ ឆ្អឹងជើងចែកជូនដោយចាត់ទុកថា ជាទឹកមន្តរបស់ស្តេចដំរីតាមជំនឿរៀងខ្លួន ។ ដំបូកដែលជាផ្នូរដំរីនេះ មានទំហំប្រមាណ៤ម៉ែត្រ ៤ជ្រុង ។ បន្ទាប់ពីល្បីមានការគាស់កាយបានឆ្អឹងដំរីនេះ ខាងក្រុមហ៊ុនបានធ្វើការហាមឃាត់មិនឱ្យមានការគាស់កាយទៀតទេ ។ តាមកម្មករដែលកំពុងកាប់គាស់បាននិយាយថា ពួកគេមិនបានចាប់អារម្មណ៍ថា មានផ្នូរដំរីនោះទេ តែបានកត់សម្គាល់ថា គល់ឈើដែលដុះក្បែរផ្នូរនោះ ពេលគាស់ចេញមិនឃើញមានប្ញសចាក់ទៅរកផ្នូរនោះទេ ហើយពេលមានការកាប់គាស់លើចំណុចនោះ អ្នកខ្លះក៏ឈឺចុកពោះផងដែរ ។
ទោះបីជាបែបណា គាស់ផ្នូរដំរីដ៏ធំនេះហើយមិនមានការប្រទះឃើញភ្លុកនោះទេ ឃើញបែបនេះ ខ្លះបានសន្និដ្ឋានថា ដំរីនេះអាចត្រូវព្រានព្រៃបាញ់សម្លាប់ ឬសម្លាប់ដោយវិធីផ្សេងៗដែលយើងមិនអាចដឹងបាន ហើយការសម្លាប់នោះគឺដើម្បីយកភ្លុកនោះឯង ។ ហេតុនេះដំរីអាចត្រូវសម្លាប់យកភ្លុក ។ បានជាមានការសន្និដ្ឋានបែបនេះដោយសារតែអ្នកភូមិរកឃើញតែឆ្អឹងមិនឃើញភ្លុក នៅក្នុងផ្នូរនោះ ទេ បើមានភ្លុកមិនពុកផុយដូចជាឆ្អឹងនោះឡើយ ៕
ចែករំលែកព័តមាននេះ