ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចុងខែ​សីហា​នេះ កម្ពុជា​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​រដ្ឋមន្ត្រី​ជា​ច្រើន​នឹង​ត្រូវ​ដក​ចេញ ឬ​ប្តូរ​ដាក់​អ្នក​ថ្មី​ដែល​ជា​មនុស្ស​ជំនាន់​ថ្មី ។ ការ​ផ្លាស់​ប្តូរ​នោះ ក៏​រួម​មាន​ផង​ដែរ…

នៅ​ចុងខែ​សីហា​នេះ កម្ពុជា​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​រដ្ឋមន្ត្រី​ជា​ច្រើន​នឹង​ត្រូវ​ដក​ចេញ ឬ​ប្តូរ​ដាក់​អ្នក​ថ្មី​ដែល​ជា​មនុស្ស​ជំនាន់​ថ្មី ។ ការ​ផ្លាស់​ប្តូរ​នោះ ក៏​រួម​មាន​ផង​ដែរ ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ក្រសួងការបរទេស ។ នេះ​បើ​តាម​តារាងបញ្ជី​គណរដ្ឋមន្ត្រី​ព្រាង​មួយ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ។

តើ​ការ​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​រដ្ឋមន្ត្រី​វ័យក្មេង​ជា​ច្រើន​នោះ​នឹង​ជា​សញ្ញា​អាច​នាំ​ដល់​ការ​ផ្លាស់​ប្តូរ​នយោបាយ​សំខាន់​ៗ​របស់​កម្ពុជា ពិសេស​នយោបាយ​ការ​បរទេស​ដែរ​ឬទេ?

តាម​សារ​នយោបាយ​ដែល​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា​កន្លង​ទៅ ក្រោម​ការ​ដឹកនាំ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវ​បាន​គណបក្ស​គាំទ្រ និង​ជ្រើសរើស​ឲ្យ​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៣ ខែកក្កដា នឹង​មានការ​រ​រុះរើ​សមាជិក​គណរដ្ឋមន្ត្រី​ច្រើន គ្រាន់តែ​សម្តេច​នៅ​មិន​ទាន់​បង្ហើប​លំអិត​ប៉ុណ្ណោះ ។

តាម​ការ​ស្ទាបស្ទង់​ក្បាលម៉ាស៊ីន នៅ​តាម​ស្ថាប័ន​ក្រសួង​ជា​ច្រើន​នឹង​មានការ​ប្រែប្រួល និង​ផ្លាស់​ប្តូរ​ដោយ​រួម​ទាំង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​គេ​ដឹង​ថា គឺជា​ស្ថាប័ន​ដ៏​សំខាន់​សម្រាប់​កំណត់​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​គោលនយោបាយ​ការ​បរទេស​កម្ពុជា គឺ​ទំនង​មិន​ផ្លាស់​ប្តូរ ឬ​ក៏​ប្រែប្រួល​ច្រើន​នោះ​ឡើយ ។

មូលហេតុ​ដែល​យើង​ហ៊ាន​សន្និដ្ឋាន​បែប​នេះ គឺ​ដោយ​ផ្អែក​នៅ​លើ​សារ​នយោបាយ​ដែល​បាន​ថ្លែង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច​នៅ​ពេល​ប្រកាស​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០១ ខែ កក្កដា កន្លង​ទៅ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៨ គឺ​បន្ត​កម្មវិធី​នយោបាយ​ឆ្នាំ​២០១៨-២០២៣ ហើយ​ឆ្លើយ​តប​នឹង​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​ជាក់ស្តែង​ទាំង​នៅ​ក្នុង​ប្រទេស និង​បរទេស ។

នា​ឱកាស​នោះ សម្តេច​តេ​ជោ បាន​អាន​នូវ​សារ​នយោបាយ​ជា​ច្រើន​ចំណុច ប៉ុន្តែ​សំខាន់ គឺ​ការពារ​សន្តិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​លើកកម្ពស់​កិត្យានុភាព​កម្ពុជា នៅ​គ្រប់​វេទិកា​ជាតិ និង​អន្តរជាតិ ព្រមទាំង​ធានា​នូវ​ការ​អភិ​វ​ឌ្ឈ​ប្រកបដោយ​និរន្តរភាព ។

តាម​ឯកសារ​ដែល​យើង​ទទួល​បាន បាន​ឲ្យ​ដឹង​ថា នៅ​លើ​ជំហរ​ការ​បរទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ការ​បរទេស​ដែល​បម្រើ​លើក​ស្ទួយ និង​ការពារ​ផលប្រយោជន៍​ជាតិ​ដោយ​ផ្តោត​លើ​ការងារ​ទាំង​៥ ដូច​ខាងក្រោម ៖ ១. ការពារ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី អ​ព្យា​ក្រឹត្យ​ភាព រក្សា​ការពារ​ឱ្យ​បាន​គត់មត់​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និង​ឯកភាព​សង្គម ។ ២. បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរ​លើ​ស្មារតី​ឯករាជ្យ​ជាតិ ។ ៣. ជំរុញ​ការងារ​ការទូត​សេដ្ឋកិច្ច​។ ៤. បន្ត​គាំទ្រ និង​ពង្រឹង​ពហុភាគី​និយម ។ និង​៥. លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ការទូត ។

កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​ចំណង​ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ដែល​មាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត​នានា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចាស់ និង​ស្វែងរក​កសាង​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​ថ្មី ជា​ពិសេស​នៅ​អឺរ៉ុប​ខាងកើត និង​កណ្តាល នៅ​អាស៊ី​កណ្តាល នៅ​អាហ្វ្រិក មជ្ឈិមបូព៌ា និង​អា​មេ​រិ​កឡា​ទី​ន ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​ភាព​ប្រកួតប្រជែង​គ្នា​ដណ្តើម​ឧត្តមភាព នៅ​តំបន់​អាស៊ី​រវាង​ចិន និង​អា​មេ​រិ​ក​នឹង​នៅ​តែ​បន្ត​ធ្វើ​អោយ​កម្ពុជា​ពិបាក​នៅ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មហាអំណាច​ទាំង​ពីរ ។ ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​នឹង​បន្ត​រីក​លូតលាស់ និង​កាន់តែ​ស៊ីជម្រៅ ខណៈ​ដែល​កម្ពុជា​នឹង​ពិបាក​ក្នុង​ការ​កសាង​ទំនាក់ទំនង​ដ៏​កាន់ តែ​ល្អ​ប្រសើរ​មួយ​ជាមួយ​អា​មេ​រិ​ក ។

ក្រោយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា មេដឹកនាំ​ចិន​បាន​រួសរាន់​មុនគេ ក្នុង​ការ​អបអរសាទរ​ដល់​ជ័យ​ជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ នេះ​ជា​កាយវិការ​បញ្ជាក់​ពី​ជំហរ​ចិន​នៅ​ក្នុង​ការ​កសាង​ទំនាក់ទំនង ល្អ​ជាមួយ​កម្ពុជា ទោះបីជា​កម្ពុជា​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​លោក ហ៊ុន ម៉ា​ណែ​ត ចាប់ពី​ចុងខែ​សីហា​ទៅ​ក្តី ។

ផ្ទុយ​ពី​ចិន រដ្ឋាភិបាល​អា​មេ​រិ​ក​វិញ​បាន​រិះគន់​ដល់​ដំណើរការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ថា វា​មិន​ដំណើរការ​ក្រោម​បរិយាកាស​សេរី​និង​ត្រឹមត្រូវ​នោះ​ឡើយ ទោះបីជា​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា ដំណើរការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹមត្រូវ និង​សេរី​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ក្តី ។ សារ​នេះ​របស់​អា​មេ​រិ​ក​នឹង​ធ្វើ​អោយ​កម្ពុជា និង​អា​មេ​រិ​ក​នៅ​តែ​ពិបាក​មើល​មុខ​គ្នា​អោយ​ចំ ។

ប៉ុន្តែ​ក្នុង​ទិដ្ឋភាព​នយោបាយ​ការ​បរទេស​របស់​ខ្លួន​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​សំខាន់​ថែម​ទៀត​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ដោយ​សំដៅ​បំរើប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល​រក្សា និង​ពង្រឹង​ឯកភាព​និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន ហើយ​តាម​រយៈ​អាស៊ាន​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ ដើម្បី​ការ​អភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច និង​សង្គម​ផ្អែក​លើ​គោលការណ៍​គ្រឹះ​២ គឺ​ការ​ប្រកាន់​កុង​សង់​ស៊ុ​ស​ក្នុង​រាល់​សេចក្តីសម្រេច និង​ការ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ។

ផ្អែក​តាម​ទស្សនៈវិស័យ​ទាំងនេះ កម្ពុជា​នឹង​បន្តដំណើរ​លើ​ផ្លូវ​នៃ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច ពាណិជ្ជកម្ម​បើកចំហ និង​សកលភាវូបនីយកម្ម ក៏​ដូច​ជា ជំរុញ​ពាណិជ្ជកម្ម​ពហុភាគី​និយម ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សហគមន៍​អន្តរជាតិ ។
មក​ដល់​ពេល​នេះ កម្ពុជា​ក៏​បាន​រួមចំណែក​ក្នុង​កិច្ច​ប្រឹងប្រែង​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) និង​បន្ត​ចរចា​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​នានា ដូច​ជា សាធារណរដ្ឋ​កូរ៉េ និង​សហភាព សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ារ​ជាដើម ។ នៅ​ក្នុង​ការ​ចាត់ចែង​កិច្ចការ​ពិភពលោក និង​រួមចំណែក​ក្នុង​កិច្ច​ប្រឹងប្រែង​ជាស​កល​ក្នុង​ការ​ដោះស្រាយ​បញ្ហា ការ​ប្រឈម និង​គ្រោះថ្នាក់​នានា​ដែល​គំ​រា​.​ម​កំហែង​ដល់​សន្តិភាព​សន្តិសុខ របៀបរបប​អន្តរជាតិ​មួយ ដែល​ផ្អែក​លើ​ច្បាប់ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

កម្ពុជា​ក៏​នឹង​បន្ត​ចូលរួម​យ៉ាង​សកម្ម​ដល់​បុព្វហេតុ​សន្តិភាព​លើ​ពិភពលោក ដោយ​បញ្ជូន​កងកម្លាំង​ខ្លួន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បំពេញភារកិច្ច មនុស្សធម៌​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ច្បាប់​អន្តរជាតិ និង​កសាង​ទំនាក់ទំនង​ល្អជា​មួយ​អង្គភាព និង​ប្រជាជន​មូលដ្ឋាន​។

កម្ពុជា​ក៏​នឹង​បន្ត​ស្វាគមន៍ និង​គាំទ្រ​នូវ​រាល់​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ណា ដែល​លើកកម្ពស់ សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​រួម​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​ធ្វើ​ឱ្យ​ស៊ីសង្វាក់​គ្នា និង​ការ​បំពេញ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​គំនិត​ផ្តួចផ្តើម​តំបន់​នានា​មាន «​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​» «​យុទ្ធសាស្ត្រ ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​» និង​នយោបាយ​របស់​ប្រទេស​ធំ​ៗ ក្នុង​តំបន់ ដែល​សម្លឹង​មក​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​ក្របខ័ណ្ឌ​ទន្លេមេគង្គ គឺ​សំខាន់ និង​ចាំបាច់ ៕ ដោយៈ ប្រេ​វី​ន និង​ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ