ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ ជិត​ពេជ្រនិល ត្រូវទឹកភ្លៀងជន់លិច ផ្អាកចរាចរណ៍​ជាបណ្តោះអាសន្ន​ នៅយប់ថ្ងៃទី២៨កក្កដានេះ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ ក្នុងឃុំពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ត្រូវទឹកជន់លិច កម្ពស់រហូត​ដល់ ០,៧០ម៉ែត្រ…

ខេត្តកំពង់ស្ពឺ៖ ទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ ក្នុងឃុំពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ត្រូវទឹកជន់លិច កម្ពស់រហូត​ដល់ ០,៧០ម៉ែត្រ គិតត្រឹមម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៨ ខែកក្កដានេះ​។ ដូច្នេះចរាចរណ៍ឆ្លងកាត់​កំណាត់ផ្លូវជាតិលេខ៤ ចំណុចទឹកភ្លៀង​ជន់​លិចនេះ ទាំងចរាចរណ៍ មកពីស្រុកកំពង់សិលា និងពីស្រុកភ្នំស្រួច ត្រូវបានផ្អាកចរាចរណ៍​ជាបណ្តោះអាសន្ន​។ នេះបើតាម​ការបញ្ជាក់របស់សមត្ថកិច្ច​។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែកក្កដា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រទេស​កម្ពុជាយើង ទទួលឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធទាប​អូសបន្លាយ​លើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយ​នឹងខ្យល់​មូសុងនិរតី​ក្នុងកម្រិតមធ្យម។ ឯនៅក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើន​កម្លាំង ទៅជា TY DOKSURI កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះ នឹងអាច​ទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា។

លក្ខណៈទាំងនេះ​ ត្រូវបានក្រសួងធនធានទឹក​ និងឧតុនិយម ប្រកាសថា នៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៦កក្កដា រហូតដល់ថ្ងៃទី១ ខែសីហា នឹងធ្វើឱ្យ​តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ​ អាចមាន​ភ្លៀងធ្លាក់​ ក្នុងកម្រិត​ពីតិច ទៅច្រើន​ ​លាយឡំដោយ​ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​។ ​នៅលើផ្ទៃ​សមុទ្រ នឹងមានខ្យល់​បក់បោកខ្លាំង ព្រមទាំង​រលក​សមុទ្រមានកម្ពស់ខ្ពស់​។

ចំពោះស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម ​បាន​ប្រកាស​​អំពាវ​នាវ​ដល់​សាធារណជន សូមបង្កើន​ការប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ធម្មជាតិ ដែល​អាចកើតមានឡើង​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ