បរទេស ៖ តម្លៃមាសអន្តរជាតិបង្កើតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់ពីមុន លើស ៤ ១០០ដុល្លារក្នុង១អោន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ជំរុញដោយការរំពឹងទុកកាន់តែខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកម្រើកឡើងវិញ នាំឱ្យតម្រូវការមាសកើនឡើងកាន់តែខ្លាំង។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
មាសអន្តរជាតិបានកើនឡើង ០,២% ដល់តម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន ៤ ១៧៩ដុល្លារក្នុង១អោន ឬ ៥ ០៣៤ដុល្លារក្នុង១តម្លឹង នៅថ្ងៃទី១៤ ខែតុលា មុនពេលតម្លៃធ្លាក់ចុះបន្តិចមកនៅ ៤ ១២៥ដុល្លារ/អោន ឬ ៤ ៩៦៩ដុល្លារ/តម្លឹង គិតត្រឹមម៉ោង ២ និង៥៨នាទីរសៀល (ម៉ោងនៅកម្ពុជា)។
សម្រាប់ឆ្នាំនេះ តម្លៃមាសបានកើនឡើង ៥៧% ដែលត្រូវបានជំរុញដោយហានិភ័យភូមិសាស្ត្រនយោបាយ រួមជាមួយការសម្រុកទិញចូលជាទុនបម្រុងរបស់ធនាគារកណ្តាលជុំវិញពិភពលោក មូលនិធិជួញដូរប្រាក់ ETF ក៏ដូចជាការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ដោយ Fed និងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចកើតចេញពីពន្ធគយផងដែរ។
ធនាគារអាមេរិក Bank of America និងធនាគារបារាំង Societe Generale ឥឡូវនេះដាក់ការរំពឹងថា តម្លៃមាសនឹងឡើងដល់ ៥ ០០០ដុល្លារ/អោន ឬ ៦ ០២៤ដុល្លារ/តម្លឹងនៅឆ្នាំក្រោយ ខណៈដែលធនាគារចក្រអង់គ្លេស Standard Chartered ក៏បានបង្កើនការព្យាករណ៍តម្លៃមាសរបស់ខ្លួនសម្រាប់ឆ្នាំក្រោយដល់ ៤ ៤៨៨ដុល្លារ/អោន ឬ ៥ ៤០៧ដុល្លារ/តម្លឹង។
លោក Kelvin Wong អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់គេហទំព័រ OANDA បានលើកឡើងថា «ភាពតានតឹងពាណិជ្ជកម្មមិនមែនជាកត្តាជំរុញចម្បងសម្រាប់តម្លៃមាសនៅថ្ងៃនេះទេ ប៉ុន្តែដោយសារការកើនឡើងការរំពឹងដែលថា Fed បន្តគន្លងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរបស់ខ្លួន។
បណ្តាវិនិយោគិនកំពុងរង់ចាំសុន្ទរកថារបស់លោក Jerome Powell ប្រធាន Fed នៅថ្ងៃទី១៤ ខែតុលា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិសម្រាប់សេដ្ឋកិច្ចពាណិជ្ជកម្ម ហើយនៅទីនោះ លោកអាចផ្តល់នូវគន្លឹះនៃការកាត់បន្ថយអត្រាការប្រាក់ថ្មីផងដែរ។
វិនិយោគិនឥឡូវនេះរំពឹងថានឹងមានឱកាស ៩៩% ដែល Fed និងកាត់បន្ថយ ២៥ពិន្ទុមូលដ្ឋានរបស់ខ្លួនក្នុងខែតុលានេះ និង ៩៤% ផ្សេងទៀតនៃការកាត់ដូចគ្នា នៅក្នុងខែធ្នូខាងមុខ។
ជាមួយគ្នានោះ គ្រប់គ្នាក៏កំពុងតែតាមដានយ៉ាងដិតដល់ពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ខណៈដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងខែតុលានេះ ។
ភាពតានតឹងបានកើនឡើងវិញ នៅពេលដែលប្រទេសចិនបានបង្ហាញការពង្រីកការត្រួតពិនិត្យការនាំចេញធនធានរ៉ែកម្រ ដែលជំរុញឱ្យលោក ត្រាំ គំរាមដាក់ពន្ធបន្ថែម ១០០% លើទំនិញរបស់ចិន និងការត្រួតពិនិត្យការនាំចេញទំនិញសំខាន់ៗរបស់អាមេរិក ដែលបានគ្រោងទុក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ៕
ចែករំលែកព័តមាននេះ