- ភ្នំពេញ
ប្រជាជនជាអាទិភាពចម្បង ។ នេះ គឺជាអ្វីដែលអ្នកនយោបាយត្រូវទន្ទិញអោយចាំមាត់ ជាពិសេស គឺរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីថ្មីដែលចេញជារូបរាងនៅចុងខែសីហាខាងមុខ ។ សម្តេច ហ៊ុន…
ប្រជាជនជាអាទិភាពចម្បង ។ នេះ គឺជាអ្វីដែលអ្នកនយោបាយត្រូវទន្ទិញអោយចាំមាត់ ជាពិសេស គឺរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីថ្មីដែលចេញជារូបរាងនៅចុងខែសីហាខាងមុខ ។ សម្តេច ហ៊ុន…
ប្រជាជនជាអាទិភាពចម្បង ។ នេះ គឺជាអ្វីដែលអ្នកនយោបាយត្រូវទន្ទិញអោយចាំមាត់ ជាពិសេស គឺរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីថ្មីដែលចេញជារូបរាងនៅចុងខែសីហាខាងមុខ ។
សម្តេច ហ៊ុន សែន បានផ្តល់ពាក្យគន្លឹះបីម៉ាត់ដល់លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីនៅពេលដ៏ខ្លីខាងមុខ ។ ពាក្យនោះ គឺ «សន្តិភាព» «ការអភិវឌ្ឍ» និង «សេចក្តីសុខសាន្តរបស់ប្រជាជន » ។
នេះជាពាក្យពេចន៍មានន័យបំផុតសម្រាប់លោក ហ៊ុន ម៉ាណែត និងគណរដ្ឋមន្ត្រីថ្មីរបស់លោកត្រូវគូសវាងចេញជាគោលនយោបាយ និងការអនុវត្តមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជន ។
គេបានដឹងហើយប្រមុខដឹកនាំថ្មីរាជរដ្ឋាភិបាលអាណត្តិទី៧ គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ។ សម្តេច ហ៊ុន សែន បានប្រកាសលាឈប់មិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតនោះបន្ទាប់ពីសម្តេចបានកាន់តំណែងនេះជិត៤ ទស្សវត្ស៍ហើយក្លាយជាអ្នកកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេបំផុតក្នុងពិភពលោក ។ សម្តេចទុកឱ្យអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច ។ អ្វីដែលពលរដ្ឋចង់ឃើញ គឺការដឹកនាំមួយប្រកបដោយគុណភាព អាចដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ និងសង្គមជាតិបានពិសេសបន្តនាំកម្ពុជាឈានទៅរកការអភិវឌ្ឍបន្តទៀតបាន ។
គេបានដឹងហើយថា ក្រោយពីវិបត្តិរាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែនមកសេដ្ឋកិច្ចកម្ពុជាក៏ដូចជា ពិភពលោកបានរងផលប៉ះពាល់ជាទម្ងន់។ ផលប៉ះពាល់ដែលធ្វើឱ្យចំណូលពលរដ្ឋធ្លាក់ចុះចំណែកទំនិញឡើងថ្លៃ ។ ការស្តារសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារពលរដ្ឋជាបន្ទុកមួយដែលរាជរដ្ឋាភិបាលថ្មីត្រូវដោះស្រាយ ។
ក្រៅពីនោះនៅមានបញ្ហាសង្គមដ៏ស្មុគស្មាញជាច្រើនទៀតដូចជា បញ្ហាអំពើពុករលួយនៅក្នុងសង្គមបញ្ហាលើកកម្ពស់វិស័យកសិកម្ម បង្កើតទីផ្សារលក់កសិផល។ ទីផ្សាកសិផលដែលជាចំណោទមួយហាក់មិនមានដោះស្រាយប្រកបប្រសិទ្ធភាពសោះ នៅក្នុងរយៈពេលកន្លងមកនេះ ។ កសិករនៅតែត្អូញរៀងរាល់ឆ្នាំពីស្រូវធ្លាក់ចុះត្រីគ្មានទីផ្សារ សត្វជ្រូកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតសត្វនាំចូល បន្លែនាំចូលពីបរទេសច្រើនពេកអ្នកដាំក្នុងស្រុកខាតបង់ថវិការាល់ឆ្នាំជីប្រេង ឡើងថ្លៃជាដើម ។ ក្រៅពីនោះបញ្ហាទីផ្សារការងារក៏ជាបន្ទុកមួយសំខាន់ដែលរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ។
បញ្ហាការងារកម្ពុជាគួរបង្កើតទីផ្សារនៅក្នុងស្រុកឱ្យបានច្រើន ជាមួយប្រាក់បៀវត្សរ៍សមរម្យ ត្បិតអីបច្ចុប្បន្ននេះ មានពលករកម្ពុជាប្រមាណជាង២លាននាក់កំពុងលក់កម្លាំងពលកម្មនៅក្រៅប្រទេសនៅក្នុងនោះមានប្រទេសថៃច្រើនជាងគេបំផុតជាដើម ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាឈាមថ្មីជាអ្នកបន្តវេនប្រកបគុណភាពដែលមានការសិក្សា ខ្ពង់ខ្ពស់ពីបរទេស ។ ពលរដ្ឋសង្ឃឹមថា លោកនឹងមានសមត្ថភាពដោះស្រាយបញ្ហាសង្គម ដែលកំពុងកើតមាន ដោយសារលោកមានចំណេះដឹងជ្រៅជ្រះដោយទទួលការសិក្សានៅប្រទេសអាមេរិក ។ ពលរដ្ឋសង្ឃឹមថា ប្រមុខដឹកនាំប្រកបដោយថាមពល វ័យក្មេងរូបនេះនឹងធ្វើឱ្យមុខមាត់កម្ពុជាកាន់តែលេចធ្លោនៅឆាកអន្តរជាតិផងដែរ។
បេសកកម្មដំបូងរបស់លោក គឺបង្កើតចេញគណរដ្ឋមន្ត្រីមួយក្រុមដែលមិនត្រឹមតែមានចំណេះដឹងខ្ពង់ខ្ពស់ទេពួកគេក៏ត្រូវតែជាមនុស្សមានផ្នត់គំនិតជឿនលឿនមានស្មារតីធ្វើការជាក្រុម និងសំខាន់ដូចគ្នានេះមានស្មារតីស្នេហាជាតិនិយម ហើយមានសីលធម៌ខ្ពស់ និងមានគំនិតស្អាតស្អំមិនពុករលួយក្នុងការកាន់មុខតំណែង ។
ការនិយាយប្រហែលជាងាយស្រួល ប៉ុន្តែការជ្រើសរើសមនុស្សជាក់ស្តែង ជាមួយនឹងលក្ខណៈសម្បត្តិខាងលើអាចនឹងជាការលំបាកសម្រាប់លោក ហ៊ុន ម៉ាណែត ។ ប៉ុន្តែលោកត្រូវតែធ្វើការសម្រេចចិត្តប្រកបដោយភាពប្រាកដនិយមថា រដ្ឋមន្ត្រីរបស់លោក គឺជាមនុស្សសាច់ការ និងអាចជួយលោកតាមជំនាញរបស់ពួកគេក្នុងការរុញសន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយមានការរីកចម្រើនកាន់តែខ្លាំងឡើង ហើយប្រជាពលរដ្ឋអាចរស់នៅក្នុងតែសុខសាន្តក្រោមការដឹកនាំរបស់លោក ។
សម្តីចុងក្រោយរបស់ឪពុកលោក គឺសម្តេចតេជោ ហ៊ុន សែន បាននិយាយថា «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រួវតែការពារអោយខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ និងភាពសុខសាន្តរបស់ប្រជាជន» ។ លោក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជាខ្លាំងចំពោះបណ្តាំនេះ ដោយលោកបានយកវាមកផូសក្នុងហ្វេសប៊ុករបស់លោក ដើម្បីជាការចងចាំនិងសម្រេចអោយបានតាមបំណងឪពុករបស់លោក ។
លោក ហ៊ុន ម៉ាណែត ត្រូវតែយកប្រយោគដ៏មាននេះមកបំបែកអោយតូចៗដើម្បីរៀបចំគោលនយោបាយច្បាស់លាស់ឆ្លើយតបចំពោះបណ្តាំដ៏មានអត្ថន័យនេះ ។ លោកត្រូវយកចិត្តទុកដាក់ចំពោះពាក្យបីម៉ាត់ គឺ «សន្តិភាព» «ការអភិវឌ្ឍ» និង «ភាពសុខសាន្តរបស់ប្រជាជន»។ ចេញពីពាក្យបីម៉ាត់នេះ លោកត្រូវតែដាក់ចេញគោលនយោបាយច្បាស់លាស់ និងអាចអនុវត្តបានដើម្បីសម្រេចតាមបំណងរបស់ឪពុកលោក ក៏ដូចជា បំណងរបស់ប្រជាជនដែលបានបោះឆ្នោតជូនលោក និងគណបក្សប្រជាជនកម្ពុជា។ ចេញពីពាក្យសន្តិភាពលោកត្រូវធ្វើអោយសម្រេចទាំងសន្តិភាព ក្នុងប្រទេស និងជាមួយប្រទេសនានា ពិសេសប្រទេសជិតខាងរបស់កម្ពុជា ។ មានន័យថាលោកត្រូវធ្វើអោយប្រាកដថា ប្រជាជនអាចរស់នៅ និងប្រកបរបរក្នុងបរិយាកាសដែលមានស្ថិរភាពនយោបាយគ្មានជម្លោះ និងសង្គ្រាមហើយមានការធានាសន្តសុខ និងសុវត្ថិភាពដល់ប្រជាជនគ្រប់រូប ។
សម្តេចហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា គ្មាន «សន្តិភាព គឺគ្មានការអភិវឌ្ឍ» ។ ដូច្នេះ កាតព្វកិច្ចធំបំផុតមួយរបស់លោកហ៊ុន ម៉ាណែត គឺរក្សាអោយបានសន្តិភាព ដើម្បីជាមូលដ្ឋាននៃការអភវិឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ដែរនោះ លោក កូហ្វីអាណាន់ អតីត:អគ្គលេខាធិការ អង្គការសហប្រជាជាតិក៏បាននិយាយដែរថា «គ្មានការអភិឌ្ឍគ្មានសន្តិភាព» ។ ក្នុងន័យនេះ ការអភិវឌ្ឍសេដ្ឋកិច្ចក៏មានសារសំខាន់ជាអាយុជីវិតផងដែរសម្រាប់លោក ហ៊ុន ម៉ាណែត និងគណរដ្ឋមន្ត្រីរបស់លោកដាក់ចេញគោលនយោបាយ និងការអនុវត្តមានប្រសិទ្ធភាពចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ពីព្រោះថា គេពិបាកនឹងថែរក្សាសន្តិភាពក្នុងប្រទេសមួយដែលគ្មានការអភិវឌ្ឍ ហើយប្រជាជនរស់ក្នុងជីវភាពលំបាកលំបិន ។
មកដល់ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំលោក ហ៊ុន ម៉ាណែត អោយគិតដល់ «សេចក្តីសុខសាន្តរបស់ប្រជាជន» ។ នោះ គឺត្រូវធ្វើអោយប្រជាជនកម្ពុជារស់នៅដោយសេចក្តីសុខសប្បាយរីករាយ មានជីវភាពធូរធា និងមិនកើតទុក្ខដែលបណ្តាលមកពីបញ្ហាសង្គម ជាច្រើនដែលញ៉ាំញីប្រទេសកម្ពុជា ។
មកដល់ត្រង់នេះ វាធ្វើអោយអ្នកនិពន្ធនឹកដល់សម្តីមួយឃ្លារបស់អតីតប្រធានាធិបតី អាមេរិក លោក ថូមាស ចែហ្វឺសុន( Thomas Jefferson) ដែលនិយាយថា « គោលបំណងរបស់រដ្ឋាភិបាលមួយ គឺត្រូវធ្វើអោយប្រជាជនរបស់ប្រទេសមួយអាចរស់នៅដោយសុវត្ថិភាព និងប្រកបដោយសុភមង្គល»។ ក្នុងន័យនេះ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវតែចងចាំសម្តី របស់សម្តេចតេជោ ដែលថានាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីរបស់ខ្លួនត្រូវមាន បេសកកម្មធ្វើអោយប្រជាជនកម្ពុជាអាចរស់នៅដោយសុខសាន្ត ។
តើប្រជាជនកម្ពុជាអាចរស់នៅដោយសុខសាន្តយ៉ាងដូចម្តេច?
ប្រជាជនកម្ពុជានឹងរស់នៅដោយសុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងសប្បាយរីករាយកាលបើពួកគេមានចំណូលគ្រប់គ្រាន់ មានសុខភាពល្អ មានសុវត្ថិភាពក្នុងសង្គមមួយ ប្រកប ដោយយុត្តិធម៌ ។
ដូច្នេះរាល់បញ្ហាទាំងឡាយដែលកំពុងធ្វើបាបដល់ប្រជាជនកម្ពុជាត្រូវតែបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ។ បញ្ហាការងារ បញ្ហាជីវភាព បញ្ហាគ្រឿងញៀ.ន អយុត្តិធម៌សង្គម បញ្ហាអប់រំ បញ្ហាសុខាភិបាល ស្ថិតក្នុងចំណោមបញ្ហាជាច្រើនទៀតដែលរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយអោយបាន ។ ទោះបីជាបញ្ហាទាំងនេះត្រូវការពេលវេលាវែងឆ្ងាយ យ៉ាង ណាក៏ដោយ យើងជឿជាក់លើលោក ហ៊ុន ម៉ាណែត និងគណរដ្ឋមន្ត្រីរបស់លោក ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ៕ ដោយ ប្រេវីន និង សារ៉ាន់
ចែករំលែកព័តមាននេះ