ខេត្តសៀមរាប ៖ កូនស្រីមន្ត្រីអ្នកធំម្នាក់ បានបើករថយន្តបុ.កគេហើយ គ្មានដោះស្រាយនៅកន្លែងកើតហេតុ សង្ស័យសមត្ថកិច្ចត្រូវរ៉ូវគ្នាឱ្យគេចខ្លួនបាត់ បណ្តាលឱ្យក្មេងស្រីរងគ្រោះបាក់ជើងទាំងសងខាង និងដៃដេកនៅមន្ទីរពេទ្យ ធ្វើឱ្យឪពុកម្តាយក្មេងស្រីរងគ្រោះបានត្រឹមតែយំសោកស្ដាយ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កាលពីវេលាម៉ោង២១និង០០នាទីយប់ ស្ថិតនៅត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ខាងលិចផ្សារកន្ត្រក ៥០០ម៉ែត្រ)។

បើតាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមមិនបញ្ចេញឈ្មោះ បានប្រាប់នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿង ម៉ាក Mecedez GLA 180 ផ្លាកលេខ រដ្ឋ 36 2-0245 ដែលបុ.កជាមួយនឹងម៉ូតូហុងដា scoopy ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប1M-7888 ពណ៌ក្រហម។

ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូប៉ះគ្នាភ្លាម ពួកខ្ញុំ (មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក) បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែត្រូវគេយកជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយឈ្មោះ ស៊ឹង រិទ្ធីរ៉េត បាត់ទៅហើយ នៅសល់តែជនបង្កដែលជាក្មេងស្រីអាយុប្រហែល២០ឆ្នាំ រួមនឹងវត្ថុតាងរថយន្តបើកទៅទុកនៅម្ខាងផ្លូវ និងម៉ូតូសិស្សសាលានៅកន្លែងកើតហេតុទាំងអស់។ ហើយនៅពេលឃើញម្តាយជនបង្កមកដល់ ស្រាប់តែជនបង្កស្រែកយំខ្លាំងៗតែម្តង។

ក្រោយពេលមានហេតុការណ៍នោះដែរ ក៏ឃើញមានបុរសម្នាក់ជាឪពុករបស់ជនបង្កម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Rom Lyhov» បានអះអាងថា «ខ្លួនមានសាច់ញាតិជាមន្ត្រីនៅក្នុងក្រសួង ហើយនឹងជាមន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។ ថែមទាំងអះអាងទៀតថា «ខ្លួនជាសាច់ញាតិក្មេងស្រីបង្កមិនទាន់គ្រប់អាយុ ដែលបើកបររថយន្ដ Mecedez GLA 180 ផ្លាកលេខ រដ្ឋ 36 2-0245 បុកជាមួយនឹងម៉ូតូហុងដា scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរា 1M-7888 និងបានផ្ញើរសារមកគំរា.មអ្នកសារព័ត៌មានថា ឱ្យលុបវីដេអូដែលបានផ្សាយឡាយចេញវិញ បើមិនដូច្នោះទេ នឹងត្រូវក្រុមពួកគេចូលទៅ report page និង facebook ឱ្យខូចជាមិនខាន»។

បើតាមមន្ត្រីនគរបាលចរាចរណ៍រហ័សនាមថា «ដំបង ៥៨» បានប្រាប់ភ្នាក់ងារកោះសន្តិភាព យើងឱ្យទៅសុំរបាយការណ៍នោះនៅកន្លែងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយប្រាប់ថា រថយន្តមួយគ្រឿង ដែលប៉ះជាមួយម៉ូតូនោះ មិនស្គាល់អ្នក បើកបរ ក៏មិនស្គាល់អត្តសញ្ញាណ (ក្រោយពេលបុករួចបានរត់គេចចេញពីកន្លែងកើតហេតុបាត់) អ្នកបើកបរក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូមួយគ្រឿងម៉ាក scoopy ផ្លាកលេខ សៀមរាប 1M- 7888 ពណ៌ក្រហម បើកបរដោយឈ្មោះ ពៅ ស្រីថាច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិភ្នៅ សង្កាត់សំបួរ ក្រុង-ខេត្តសៀមរាប ទិសដៅពីកើតទៅលិច។ ចំពោះមូលហេតុ គឺរថយន្តបើកបរក្នុងល្បឿនលឿន បណ្តាលឱ្យអ្នកបើកបរម៉ូតូរបួសបាក់ជើងទាំង២ និងបាក់ដៃឆ្វេងម្ខាង (សម្រាកព្យាបាលនៅមន្ទីរពេទ្យស៊ឹងរិទ្ធីរ៉េត)។ ចំណែកម៉ូតូខូចខាតធ្ងន់ រីឯអ្នកបើកបររថយន្តវិញ មិនស្គាល់ឈ្មោះ ភេទស្រី រស់នៅក្នុងក្រុងសៀមរាប។

ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាល បានធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុ រួចយកវត្ថុតាងមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំណែកអ្នកបើករថយន្តក៏ត្រូវឱ្យទៅផ្ទះបាត់ទៅ… ហេ! ហេ!

មន្ត្រីចរាចរណ៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់រួចរាល់អស់ហើយ។

ចំណែកតាមប្រភពពីប្រជាពលរដ្ឋដែលបានមកមើលនៅកន្លែងកើតហេតុ ក៏បានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះដែរថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក Mecedez GLA 180 ផ្លាកលេខ រដ្ឋ36 2-0245 ដែលបុកជាមួយនឹងម៉ូតូហុងដា scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរាប1M-7888 នោះ គឺខណៈពេលបុករួច ក្មេងស្រីអាយុប្រហែល២០ឆ្នាំបានយំស្រែកហៅឱ្យឪពុកម្តាយមកជួយ។

ពលរដ្ឋបន្តថា លុះបានមួយសន្ទុះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ក៏មកដល់ ប៉ុន្តែឪពុកខាងក្មេងស្រីជនរងគ្រោះបានឱ្យរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ស៊ឹង រឹទ្ធីរ៉េត មកដឹកយកទៅសង្គ្រោះបាត់ទៅហើយ។ ចំណែកជនបង្ក និងម្តាយវិញ កំពុងដោះស្រាយជាមួយឪពុកជនរងគ្រោះ តែបែរជាសមត្ថកិច្ចប្រាប់អ្នកព័ត៌មានថា ជនបង្កបើករថយន្តគេចបាត់ទៅហើយ ហាក់បីដូចជា ចង់លាក់កំបាំងពីភ្នែកប្រជាពលរដ្ឋ តែលាក់មិនជិតទេ… លោកម្ចាស់… ហេ! ហេ!
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕






ចែករំលែកព័តមាននេះ