ខេត្តបាត់ដំបង ៖ ភ្លើងបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋអស់មួយខ្នងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ឧសភា នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ធ្វើឱ្យខូចខាត និងបាត់បង់មាសប្រាក់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្ទះនោះ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបវេលឱ្យដឹងថា លំនៅឋាននោះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ មានម្ចាស់ឈ្មោះនួន សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ។
លោកនួន សារិទ្ធ ជាម្ចាស់ផ្ទះបានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់រកមិនឃើញពីមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆេះផ្ទះគាត់នេះទេ។ ផ្ទះរបស់គាត់ខ្ពស់ផុតពីដី ជាហេតុធ្វើឱ្យរូបគាត់ រួមទាំងអ្នកជិតខាងផងមិនអាចជួយរំដោះទ្រព្យសម្បត្តិខ្លះចេញបានទេ។ សូម្បីតែប្រើប្រាស់ទឹកជះពន្លត់ក៏មិនអាចធ្វើបានផង គឺបានត្រឹមតែឈរមើលប៉ុណ្ណោះ។
បុរសនេះនិយាយថា ក្រៅពីផ្ទះ១ខ្នងត្រូវភ្លើងឆេះ នៅមានមាស២តម្លឹង លុយ១៥ម៉ឺនបាត និងទ្រព្យសម្បត្តិជាច្រើនទៀត។
លោកអ៊ួ ព្រឿង អធិការនគរបាលស្រុកបវេលប្រាប់កោះសន្តិភាពថា បើតាមការសាកសួរ និងពិនិត្យកន្លែងកើតហេតុ ទាំងម្ចាស់ផ្ទះ និងសាក្សីជាច្រើនសង្ស័យថា ការឆេះនោះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះពេលមានអណ្តាតភ្លើងឆាបឆេះឡើង គ្មានម្ចាស់ផ្ទះនៅលើផ្ទះទេ ហើយក៏គ្មានចង្ក្រាននៅលើផ្ទះដែរ។ លោកអធិការបញ្ជាក់ថា ម្ចាស់ផ្ទះគ្មានសេសសល់ទ្រព្យសម្បត្តិអ្វីទេ សូម្បីស្រូវប៉ុន្មានការុងនៅក្រោមផ្ទះក៏មិនអាចរំដោះចេញបានដែរ៕
ចែករំលែកព័តមាននេះ