- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងនៅពេលសម្តេចប្រញាប់ប្រញាល់ក្នុងការលាតត្រដាង ផែនការលាលែងតំណែងជានាយករដ្ឋមន្ត្រី ហើយបើកផ្លូវអោយលោក ហ៊ុន ម៉ាណែត…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងនៅពេលសម្តេចប្រញាប់ប្រញាល់ក្នុងការលាតត្រដាង ផែនការលាលែងតំណែងជានាយករដ្ឋមន្ត្រី ហើយបើកផ្លូវអោយលោក ហ៊ុន ម៉ាណែត…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងនៅពេលសម្តេចប្រញាប់ប្រញាល់ក្នុងការលាតត្រដាង ផែនការលាលែងតំណែងជានាយករដ្ឋមន្ត្រី ហើយបើកផ្លូវអោយលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកបន្តវេនក្នុងមុខតំណែងនេះជំនួសសម្តេច ។
សម្តេចបានប្រកាសពីការលាលែង និងការបន្តវេនរបស់លោក ហ៊ុន ម៉ាណែត តែប៉ុន្មានថ្មីប៉ុណ្ណោះបន្ទាប់ពីការបោះឆ្នោតតំណាងរាស្ត្រដែលលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសន: ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៥អាសន: ។ លទ្ធផលនេះ គឺបើកផ្លូវអោយគណបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មីដោយគ្មានការរាំងស្ទះ ។ តាមអ្វីដែលសម្តេចមានប្រសាសន៍ រដ្ឋាភិបាលថ្មីមួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវ័យក្មេងលោក ហ៊ុន ម៉ាណែត អាចត្រូវបង្កើតឡើងនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ។ ប៉ុន្តែរឿងដែលគួរអោយភ្ញាក់ផ្អើល គឺសម្តេចតេជោ ហ៊ុនសែន បានប្រកាសលាលែងតំណែងនាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២២ ខែសីហា ទៅហើយទុកអោយកូនប្រុសច្បងរបស់លោក វ័យ៤៥ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីបន្តវេន ។
មកដល់ពេលនេះ ផ្អែកនៅលើលទ្ធផលបឋមដែលគ.ជ.ប.បានប្រកាស គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៤៤ឆ្នាំបានបន្តទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីជាថ្មី ទោះបីជាអាចរបូតកៅអីសភាខ្លះទៅគណបក្សហ្វ៊ុនស៊ិនប៉ិចក៏ដោយ ក៏គណបក្សនេះនៅតែអាចបង្កើតរដ្ឋាភិបាលដោយឯកច្ឆ័ន និងគ្មានឧបសគ្គ ដូច្នេះហើយនេះ គឺជាពេលវេលាមួយដ៏ប្រសើរដែលគណបក្សអាចនឹងដាក់ក្រុមអ្នកដឹកនាំបន្តវេនអោយចូលកាន់តំណែងនៅក្នុងរដ្ឋាភិបាលថ្មីតែម្តង ។
លោក គិន ភា ដែលគេដឹងថា គឺជាអ្នកវិភាគបញ្ហាទំនាក់ទំនងអន្តរជាតិ និងនយោបាយនៅកម្ពុជា ក៏បានចាត់ទុករឿងប្រកាសការបន្តវេនភ្លាមៗនេះ គឺជារឿងមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រយូរលង់របស់កម្ពុជា ។ លោកបានបន្តទៀតថា បើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោតមែនការផ្ទេរអំណាចនេះនឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ជាពិសេសរយៈពេលជិត១០០ឆ្នាំចុងក្រោយ, ហើយរឹតតែមិនធ្លាប់មានទាល់តែសោះ ដែលការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ដែលភាគច្រើនលើសលប់សុទ្ធតែជាយុវជន, មិនថា តែនៅកម្ពុជាទេ សូម្បីតែនៅអាស៊ីទាំងមូលក៏មិនធ្លាប់មានបែបនេះដែរ ។ ការផ្ទេរអំណាចនៅកម្ពុជានាពេលនេះនឹងក្លាយជាបទពិសោធន៍មួយដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹងការរៀបចំផែនការយុវជនបន្តវេន ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា សម្តេចបានជួបព្រះមហាក្សត្រ កាលពីថ្ងៃទី២៦ ខែកក្កដា ហើយព្រះមហាក្សត្របានយល់ស្របនឹងការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីរៀបចំសមាសភាពគណរដ្ឋមន្ត្រី ដើម្បីសុំការទុកចិត្តពីរដ្ឋសភា ។ សម្តេចបានមានប្រសាសន៍ថា បើសិនជាគណកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី៩ ខែសីហា ព្រះមហាក្សត្រនឹងតែងតាំងលោកហ៊ុន ម៉ាណែត នៅថ្ងៃទី១០ សីហា ។ ក្រោយមកទៀតលោក ហ៊ុន ម៉ាណែត ត្រូវរៀបចំគណរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីទៅ សុំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា ។
សម្តេចមានប្រសាសន៍ថា ព្រះមហាក្សត្រនឹងកោះប្រជុំរដ្ឋសភាលើកដំបូង នៅថ្ងៃទី២១ ខែសីហា ។ បន្ទាប់មក នៅថ្ងៃទី២២ សភានឹងកោះប្រជុំក្រោមអធិបតីភាពសមាជិក សភាដែលមានវ័យច្រើនជាងគេ ដើម្បីបោះឆ្នោតជាកញ្ចប់ដែលមានថ្នាក់ដឹកនាំរដ្ឋសភា និងគណរដ្ឋមន្ត្រីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ។
សម្តេចតេជោ ហ៊ុន សែន បានរៀបចំផែនការលាលែងតំណែង និងផ្ទេរតំណែងទៅកាន់មនុស្សជំនាន់ថ្មីយ៉ាងប្រយ័ត្នប្រយ៉ែង ដើម្បីធានាថាដំណើរការនេះអាចធ្វើបានដោយរលូន និងដើម្បីធានាសន្តិសុខ និងសន្តិភាព ។ ដូច្នេះ លោក ហ៊ុន ម៉ាណែត កំពុងស្ថិតនៅលើផ្លូវដ៏ងាយស្រួលមួយឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រី ។
ដោយសារលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់សម្តេចតេជោ គេក៏ឃើញមានការរិះគន់ខ្លះពីក្រុមប្រឆាំងចំពោះការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនកាន់តំណែងនាយករដ្ឋមន្ត្រី ។ ប៉ុន្តែសម្តេចតេជោ បានមានប្រសាសន៍បកវិញថា បើទោះបីជាលោក ហ៊ុន ម៉ាណែតមិនមែនជាកូនរបស់សម្តេចក្តី សម្តេចនឹងនៅតែជ្រើសរើសលោក ហ៊ុន ម៉ាណែត សម្រាប់តំណែងនាយករដ្ឋមន្ត្រីដោយសារ លោក ហ៊ុន ម៉ាណែតមានសមត្ថភាព និងចំណេះដឹងជ្រៅជ្រះ ។
ទន្ទឹមនោះ លោកក៏បានគាំទ្រពីប្រជាជននៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយលោកបានទទួលការគាំទ្រពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត និង ការគាំទ្រពីព្រះមហាក្សត្រផងដែរ ។ រយៈពេលប្រាំឆ្នាំទៅមុខ ដោយចាប់ផ្តើមចេញពីចុងខែសីហាទៅពេលវេលានឹងសាកល្បងថា តើលោក ហ៊ុន ម៉ាណែត នឹងខ្លាំងដូចឪពុករបស់លោក ហើយធ្វើការដឹកនាំប្រទេសបានល្អ ឬយ៉ាងណាទាំងលើទិដ្ឋភាពនយោបាយក្នុងស្រុក និងនយោបាយអន្តរជាតិ ។
ពិសេសជាងនេះនោះ តើលោកអាចដឹកនាំប្រទេសប្រកបដោយសន្តិភាព និងសន្តិសុខ ហើយធ្វើអោយសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនដោយធ្វើអោយប្រជាជនកម្ពុជាទាំងអស់អាចរស់នៅដោយមានក្តីសុខសប្បាយក្រោមការដឹកនាំរបស់លោក ។
បើសិនជាលោកអាចដឹកនាំប្រទេសបានយ៉ាងល្អប្រសើរនៅក្នុងរយៈពេលប្រាំឆ្នាំដំបូងនោះលោកនឹងទំនងជានឹងទទួលការគាំទ្រក្នុងការបោះឆ្នោតក្រោយៗទៀតនៅកម្ពុជា ៕ ដោយៈ ហេង ចេស្តារ និងប្រេវីន
ចែករំលែកព័តមាននេះ