រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសនៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣នេះថា សម្តេចនឹងឈប់ធ្វើជានាយករដ្ឋមន្ត្រី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ សម្តេចប្រកាសតាមរយៈការផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលគណៈរដ្ឋមន្ត្រីភាគច្រើនសុទ្ធជាមនុស្សវ័យក្មេង។

សម្តេចតេជោ ប្រកាសថា សម្តេចបានចូលគាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៦ កក្កដានេះ ហើយព្រះអង្គត្រាស់បង្គាប់តែងតាំង សម្តេចតេជោ «ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ»។ ហើយសម្តេចតេជោ ក៏បានថ្លែងថា សម្តេចក៏នឹងតំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ជុំផងដែរ ក្រោយមានការឯកភាពគ្នាដែលការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភានឹងអាចធ្វើឡើងក្នុងខែមីនា ឆ្នាំ២០២៤ ។
សម្តេចបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រែតជ្រែកលើកិច្ចការរបស់រាជរដ្ឋាភិបាលថ្មី»។ ពោល គឺចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចបន្តថា «កុំឱ្យយប់យូរសុបិនច្រើន» សម្រាប់ពួកអ្នកវិភាគដូរបាយ ពួកនិយមជ្រុលចិត្តវា.យប្រហារនោះ «ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី តែជាង៣អាទិត្យទៀតតែប៉ុណ្ណោះ» ។ ហ៊ុន ម៉ាណែត មានលទ្ធភាពហើយ គឺបំពេញកិច្ចការ២ គណបក្ស និងក្លាយជានាយករដ្ឋនៅប៉ុន្មានសប្តាហ៍ខាងមុខ ។
ហ៊ុន ម៉ាណែត ជាប់ជាអ្នកតំណាងរាស្ត្រទៅហើយ ។ ចូលគាល់ព្រះមហាក្សត្រ ហើយព្រះមហាក្សត្រក៏ទទួលយកសំណើរចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រី គឺ ហ៊ុន ម៉ាណែត ។

សម្តេចបន្តថា ការសម្រេចលាឈប់ពីតួនាទីជានាយករដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលថ្មី «ខ្ញុំសូមបញ្ជាក់សារជាថ្មីថា នេះជាការលះបង់មួយដ៏ធំ តែដើម្បីធានានូវការសុខសាន្តរបស់ប្រជាជន» ។ សម្តេចបន្តថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ៕

ចែករំលែកព័តមាននេះ