លទ្ធផលបណ្តោះអាសន្ន និងក្រៅផ្លូវការនៃការបោះឆ្នោតបង្ហាញថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជាសមាជិករដ្ឋសភាដែលជាផ្លូវមួយនឹងនាំលោកទៅកាន់តំណែងនាយករដ្ឋមន្ត្រីជំនួសឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតមួយនៅក្នុងពិភពលោក ។

ក្រោយការិយាល័យបោះឆ្នោតបានបិទទ្វារតែប៉ុន្មានម៉ោងលទ្ធផលបឋមក្រៅផ្លូវការត្រូវបានគេផ្សព្វផ្សាយ ចំណែកសមាសភាពរដ្ឋាភិបាលថ្មីដែលជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលនាំមុខគេក្នុងការបោះឆ្នោតនោះក៏ត្រូវបានផ្សព្វផ្សាយ ។
ជាមួយនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះគួបផ្សំជាមួយនឹងការលេចចេញបញ្ជីឈ្មោះគណរដ្ឋមន្ត្រីថ្មីជំនាន់ក្រោយនោះ ការផ្លាស់ប្តូរជំនាន់នៃមេដឹកនាំវាគ្រាន់តែជារឿងពេលវេលាប៉ុណ្ណោះ ។ មិនយូរមិនឆាប់គណរដ្ឋមន្ត្រីថ្មីមួយដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នឹងត្រូវលេចជាមួយនឹងមនុស្សវ័យក្មេងជាច្រើនទៀតនៅក្នុងគណបក្សប្រជាជនកម្ពុជា ខណៈដែលឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយនឹងបន្តធ្វើជាប្រធានគណបក្សប្រជាជន ។
ដូច្នេះ យុវជន និងយុវតីដែលភាគច្រើនជាកូនរបស់អ្នកដឹកនាំជំនាន់មុន កំពុងតែត្រៀមខ្លួនសម្រាប់ចូលកាន់តំណែងជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅក្នុងរដ្ឋាភិបាលមួយដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជំនាន់ក្រោយ ។ ចំណែកឯរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជំនាន់ចាស់ក៏ត្រូវត្រៀមខ្លួន ដើម្បីចាកចេញអោយក្រុមមនុស្សជំនាន់ថ្មី ដើម្បីបន្តវេណផងដែរ ។

គណបក្សប្រជាជនកម្ពុជា ទំនងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិទី៧នេះ យ៉ាងភ្លួកទឹកភ្លួកដីតែម្តង ដែលនាំឱ្យគណបក្សនេះឈានទៅដល់ការតែងជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីដើម្បីទទួលបានការតែងតាំងពីព្រះមហាក្សត្រ និងការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភានៅពេលខាងមុខនេះ ។ រដ្ឋសភាអាណត្តទី៧ តាមលោកនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសនៅមុនការបោះឆ្នោត គឺថាប្រសិនជាគណបក្សប្រជាជនកម្ពុជារបស់សម្តេចឈ្នះឆ្នោត រដ្ឋសភាអាណត្តិថ្មីអាចនឹងបង្កើតឡើងនៅចុងខែសីហាខាងមុខនេះ ។

របាយការណ៍បណ្តោះអាសន្នពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា អ្នកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះមានចំនួនជាង៨៤ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជី ។ តួលេខនេះ គឺលើស១ភាគរយបើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ។ កាលពីអណត្តិទី៦ អ្នកទៅបោះឆ្នោតមាន៨៣,០២ភាគរយ ។ អត្រាអ្នកទៅបោះច្រើនជាងគេ គឺក្នុងអាណត្តិទី២ ឆ្នាំ១៩៩៨ ដែលមាន៩៣,៧៤ភាគរយ រីឯអត្រាតិចជាងគេ គឺក្នុងអាណត្តិទី៥ ដែលមាន៦៩,៦១ភាគរយ ។
លទ្ធផលបឋមនៃការបោះឆ្នោត បង្ហាញក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈសរុបនៃរដ្ឋសភាជាតិ១២៥ ។ ដោយឡែក៥អាសនៈទៀតត្រូវបានទៅលើគណបក្សរាជានិយមហ្វុនស៊ិនប៉ិច ។ នេះបើតាមប្រភពដែលអាចជឿទុកចិត្តបាន ។

នៅមុនការបោះឆ្នោតសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្សព្វផ្សាយ ។ ឯកសារដែលបានផ្សព្វផ្សាយ គឺនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ាណែត ។ ចំណែកសមាសភាពសមាជិកគណបក្សរដ្ឋមន្ត្រីមួយចំនួនធំក៏ជាឈា.មថ្មី ។ ចំណែករដ្ឋមន្ត្រីចាស់ដែលនៅបន្តដឹកនាំក្រសួងមានតែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រនិងសិល្បៈ ជាដើមប៉ុណ្ណោះ ។ ចំណែករដ្ឋមន្ត្រីផ្សេងទៀតត្រូវផ្លាស់ប្តូរ និងតែងតាំងថ្មី ។
មន្ត្រីអ្នកនាំរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់អ្នកកាសែតថា ឯកសារនោះជាឯកសារក្រៅផ្លូវការពីព្រោះគ្មានត្រា និងហត្ថលេខាពីថ្នាក់ដឹកនាំឡើយ ។ លោកអ្នកនាំពាក្សអះអាងថា ឯកសារផ្លូវការនឹងមាននៅពេលក្រោយពេល គជប ប្រកាសលទ្ធផលបោះឆ្នោត ដែលពេលនោះគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោតនឹងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ។

នៅក្នុងសម្ភាសជាមួយអ្នកកាសែតបរទេសនៅមុនការបោះឆ្នោត សម្តេច ហ៊ុន សែន បានលើកឡើងថាឯកឧត្តម ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងរយៈពេល៣ ឬ៤អាទិត្យទៀតនេះ។ ប៉ុន្តែសម្តេចក៏បាននិយាយថា មានសេណារីយ៉ូពីរ គឺទីមួយសម្តេចនឹងបន្តកាន់តំណែង និងទីពីរលោក ហ៊ុន ម៉ាណែត នឹងឡើងបន្តវេណតែម្តងក្រោយលទ្ធផលផ្លូវការនៃការបោះឆ្នោត ។
ជារួមផ្លូវដ៏រលោងស្រិលមួយបានត្រៀមជាស្រេចហើយ ដើម្បីអោយលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីជំនួយឪពុករបស់លោក ដោយរង់ចាំតែពេលវេលាបន្តិចប៉ុណ្ណោះ ៕ ដោយ ៖ ប្រេវីន និងសារ៉ាន់
ចែករំលែកព័តមាននេះ