ខេត្តព្រះវិហារ ៖ អាជ្ញាធរខណ្ឌដង្កោដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា និងខណ្ឌសែនសុខដឹកនាំដោយលោកអភិបាលខណ្ឌឃួង ស្រេង បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗទៅឧបត្ថម្ភដល់កងទ័ពវរសេនាតូចលេខ៣៩៤ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលកំពុងឈរជើងការពារទប់ទល់នឹងការឈ្លានពានពីទ័ពសៀមនៅតំបន់ប្រាសាទព្រះវិហារ។
អំណោយត្រូវបាននាំទៅប្រគល់ជូនដល់ដៃវីរកងទ័ពនៅសមរភូមិមុខនាវេលាព្រឹកថ្ងៃទី៨ខែឧសភា ឆ្នាំ២០១១ ដោយមានលោកវរសេនីយ៍យឿង សែ មេបញ្ជាការវរសេនាតូចលេខ៣៩៤ និងមន្ត្រីយោធាមួយចំនួនទៀតទៅទទួលដោយផ្ទាល់ ។ នៅក្នុងឱកាសនោះគណៈប្រតិភូខណ្ឌទាំងពីរបានឧបត្ថម្ភថវិកាដល់ប្រពន្ធកូនយុទ្ធជននៅក្នុងវរៈទាំងអស់ផងដែរ។
លោកគិត សុផា អភិបាលខណ្ឌដង្កោ បានថ្លែងឱ្យដឹងថា សម្ភារដែលនាំយកទៅឧបត្ថម្ភដល់វីរកងទ័ពវរសេនាតូចលេខ៣៩៤ចំណុះកងពលតូចអន្តរាគមន៍លេខ៩នាពេលនោះសម្រាប់ខណ្ឌដង្កោមានមីចំនួន២៥០កេស កាហ្វេចំនួន១០៥គីឡូក្រាម ត្រីខកំប៉ុងចំនួន១៥កេសធំ ទឹកត្រី១៤យួរ ទឹកស៊ីអ៊ីវ១០កេស និង១០យួរ Pano Solair មួយគ្រឿងតម្លៃ៤៦០ តង់ចំនួន២០០តម្លៃ១.០០០ដុល្លារ។
លោកគិត សុផា ថ្លែងថា ដោយឡែកសាលាខណ្ឌសែនសុខដឹកនាំដោយលោកអភិបាលខណ្ឌឃួង ស្រេង បាននាំយកសម្ភារ រួមមានទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន២១៣យួរ ស្ករស១.១៦០កញ្ចប់ ទឹកក្រូច និងទឹកផ្លែឈើចំនួន៧៧កេស ត្រីខកំប៉ុង៧៥០កំប៉ុង ទឹកដោះគោ៨១៨កំប៉ុង ទឹកបរិសុទ្ធ៥០កេស អង្ករ៥បាវ តែ១.០០០កញ្ចប់ និងមីចំនួន៤២២កេស ។ ដោយឡែកក្រៅពីសម្ភារដែលជាគ្រឿងឧបភោគ បរិភោគខណ្ឌទាំងពីរបានរួមគ្នាឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារប្រពន្ធកូនកងទ័ពនៅក្នុងវរៈនោះម្នាក់ៗចំនួន៥ម៉ឺនរៀល ឧបត្ថម្ភដល់វរៈ៣៩៤ចំនួន១.០០០.០០០រៀល ឧបត្ថម្ភដល់គនីមួយៗក្នុងមួយគចំនួន៥០ម៉ឺនរៀល និងឧបត្ថម្ភដល់លោកឧត្តមសេនីយ៍ឈិន ចាន់ពណ៌ ថវិកា និងសម្ភារមួយចំនួនទៀត។
ការនាំយកសម្ភារទៅនាពេលនេះអាជ្ញាធរខណ្ឌទាំងពីរមិនបានជួបមុខ និងសាកសួរសុខទុក្ខដោយផ្ទាល់ជាមួយកងទ័ពទាំងអស់ទេ គឺបានជួបត្រឹមតែមេបញ្ជាការដែលជាតំណាងប៉ុណ្ណោះ ព្រោះនៅថ្ងៃនោះកងកម្លាំងទាំងអស់កំពុងជាប់រវល់ឈរជើងនៅខ្សែត្រៀមជួរមុខរង់ចាំទប់ទល់ពួកសៀមឈ្លានពាន។
លោកគិត សុផា អភិបាលខណ្ឌដង្កោ និងលោកឃួង ស្រេង អភិបាលខណ្ឌសែនសុខថ្លែងទៅកាន់វីរកងទ័ពទាំងអស់ថា សមរភូមិមុខ និងសមរភូមិក្រោយ គឺតែងតែផ្សារភ្ជាប់រវាងគ្នាមិនអាចកាត់ផ្តាច់បានទេ ហើយសូមបងប្អូនកុំគិតថា នៅសមរភូមិមុខឯកោឱ្យសោះសូមស្ថិតនៅដោយស្ងប់ចិត្ត និងក្លាហានជាប់ជានិច្ច ព្រោះអ្នកនៅសមរភូមិក្រោយទាំងប្រជាពលរដ្ឋ អ្នកមាន អ្នកក្រគ្រប់លំដាប់ថ្នាក់ រួមទាំងព្រះសង្ឃផង រួមចិត្តគ្នាតែមួយចំណាយសម្ភារ គ្រឿងឧបភោគ បរិភោគទោះតិច ឬច្រើនក្តីដើម្បីឧបត្ថម្ភជូនជានិច្ច។
លោកអភិបាលខណ្ឌទាំងពីរបន្តថា សូមបងប្អូនទាំងអស់កុំអស់សង្ឃឹម ព្រោះប្រជាពលរដ្ឋទូទាំងប្រទេសបានគាំទ្រ និងសូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនក្រោមបទបញ្ជា និងការដឹកនាំដ៏មានប្រសិទ្ធភាពប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទោះបីជាសត្រូវសៀមចង់ឈ្លានពានគឺត្រូវបរាជ័យជាបន្តបន្ទាប់ ។ ចំពោះអំណោយដែលឧបត្ថម្ភនេះថ្វីដ្បិតតែមានចំនួនតិចតួចក្តី តែគឺជាទឹកចិត្តរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលនៅសមរភូមិក្រោយ និងជាវប្បធម៌ចែករំលែករបស់ជនជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ