ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋទូទាំងប្រទេស បានចាកចេញពីកន្លែងធ្វើការរបស់ខ្លួន ត្រឡប់ទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតជាតិ នៅថៃ្ងទី២៣កក្កដា ដែលធ្វើអោយដងផ្លូវសំខាន់ៗជាច្រើន មានការកកស្ទះជាខ្លាំង។ ដោយឡែក សំរាប់ផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង ក៏មិនខុសគ្នាដែរ នៅចំណុចលើស្ពានអ្នកលឿង រហូតដល់គល់ស្ពានស្ទឹងស្លូត ចំងាយប្រមាណជា ៤គីឡូម៉ែត្រ ក៏មានការកកស្ទះដែរ។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនបោះឆ្នោត ១ថ្ងៃ គឺនៅរសៀលថ្ងៃទី២២កក្កដា ផ្លូវជាតិលេខ១ ចាប់ផ្តើមមានការកកស្ទះ តែមិនជាប់គាំង ដោយអាចធ្វើដំណើរទៅមុខបានតិចៗ ដើម្បីដោះស្រាយបញ្ហានេះ លោកឧត្តមសេនីយ៍ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានដឹកនាំកំលាំងដោយផ្ទាល់ ចេញជួយអន្តរាគមន៍សម្រួលចរាចរណ៍ រហូតដល់ជិតយប់ ទើបចរាចរណ៍លែងកកស្ទះ។ ប៉ុន្តែនៅថ្ងៃទី២៤កក្កដា ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតនៅស្រុកកំណើតនោះ បាននាំគ្នាសំរាកត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ជាហេតុធ្វើអោយកំណាត់ផ្លូវជាតិលេខ១ ត្រង់ទីប្រជុំជនអ្នកលឿង ត្រូវកកស្ទះជាថ្មីទៀត ដោយចាប់ស្ទះតាំងពីម៉ោង ១០ព្រឹក រហូតដល់យប់តែម្តង។
បើទោះបីជាមានការកកស្ទះបែបនេះក្តី គេឃើញកំលាំងប៉ូលិសរាប់សិបនាក់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចេញអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ យ៉ាងសកម្មបំផុត ដោយធ្វើអោយប្រជាពលរដ្ឋ ជាអ្នកដំណើរ អាចចរាចរណ៍ទៅមុខបាន ដោយមិនជាប់គាំងយូរប៉ុន្មាននោះទេ៕



ចែករំលែកព័តមាននេះ