យុវតី សំអាត សុខៃ គឺជាជនជាតិភាគតិចពូនង ។ យុវតីរូបនេះបានក្លាយជាជនជាតិភាគតិច តិចតួចបំផុតដែលជំនះរាល់ការលំបាក ដើម្បីបានរៀនខ្ពង់ខ្ពស់រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ។…
យុវតី សំអាត សុខៃ គឺជាជនជាតិភាគតិចពូនង ។ យុវតីរូបនេះបានក្លាយជាជនជាតិភាគតិច តិចតួចបំផុតដែលជំនះរាល់ការលំបាក ដើម្បីបានរៀនខ្ពង់ខ្ពស់រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ។
យុវតី សំអាត សុខៃ អាចជាគំរូមួយសម្រាប់ធ្វើអោយជនជាតិភាគតិចដទៃទៀតប្រឹងប្រែងរៀនសូត្រអោយបានជ្រៅជ្រះ ដើម្បីរំដោះខ្លួន ចេញពីភាពក្រីក្រក្នុងចំណោមបងប្អូន ជនជាតិភាគតិចនៅកម្ពុជា ។
នៅពាក់កណ្តាលឆ្នាំ២០២៣នេះ យុវជនជនជាតិភាគតិចមួយចំនួន បានបញ្ចប់សញ្ញាបត្រភ្នំពេញ ដែលជាការត្រេកអរ និងមានមោទនភាពបំផុត ។ ការរៀនរបស់យុវជន និងយុវតី ជនជាតិដើម ភាគតិចជារឿងកម្រមួយពីព្រោះថា ទម្រាំពួកគេទទួលបានសញ្ញាបត្របែបនេះ ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន លំបាកទាំងថវិកាក្នុងសិក្សា លំបាកទាំងធ្វើមធ្យោបាយសិក្សា ជាពិសេសផ្នត់គំនិតនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់តែម្តង ។
នៅក្នុងសហគមន៍ជនជាដើមភាគតិចភាគច្រើនមិនសូវអនុញ្ញាតឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់នោះទេ ។ នៅពេលឈានដល់ជំទង់ត្រូវបានឪពុកម្តាយបង្ខំឱ្យរៀបការ ។ ក្រៅពីនេះ កត្តាជីវភាព ប្រពៃណី វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធសង្គម សុទ្ធសឹងជាឧបសគ្គដល់ការសិក្សារបស់ពួកគេ ។ យុវជននៅភ្នំពេញអ្នករៀនមិនបានបញ្ញាបត្ររិញ្ញាបត្រទំនងត្រូវគេរិះគន់ថា ខ្ជិល ឬជាអ្នកមិនព្យាយាម ។ ចំណែកអ្នករៀនបានបរិញ្ញាបត្រនៅក្នុងសហគមន៍ជនជាតិដើមភាគតិច ជាទីមោទនភាពបំផុត ហើយមិនសម្បូរឡើយ យុវជនដែលបានសិក្សាខ្ពង់ខ្ពស់ដល់មហាវិទ្យាល័យនោះ ។
តាមបណ្តាញសង្គមសមាគមយុវជនជនជាតិដើមភាគតិច Cambodia Indigenous Youth Association (CIYA) បានអបអរសាទរយុវជន កែន វាសនា ជនជាតិដើម កួយ មកពីខេត្តព្រះវិហារ ដែលបានទទួលសញ្ញាបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។ យុវតី សំអាត សុខៃ ជនជាតិដើមពូនង មកពីខេត្តមណ្ឌលគិរី និងជាសមាជិកនៃសមាគមយុវជនជាតិដើមភាគតិចកម្ពុជា ទទួលសញ្ញាបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ សិក្សាភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
ចំណែក យុវតី ឡាត អួច ជនជាតិដើម ពូនង មកពីខេត្តស្ទឹងត្រែង និងជាសមាជិកសមាគមយុវជនជាតិដើមភាគតិចដែលបានទទួលសញ្ញាបរិញ្ញាបត្រផ្នែកប្រវត្តិវិទ្យា សាកលវិទ្យាល័យ ហេង សំរិន ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ។ យុវតី សំអាត រចនា ជនជាតិដើម ពូនង មកពីខេត្តមណ្ឌលគិរី ដែលបានទទួលសញ្ញាបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
រយៈពេលប៉ុន្មានចុងក្រោយនេះ យុវជនជនជាតិភាគតិចមួយចំនួនហាក់ចាប់យកការសិក្សាជាអាទិភាពជាងការរៀបអាពាហ៍ពិពាហ៍ ព្រោះតែឪពុកម្តាយរបស់ពួកគេយល់ដឹងច្រើនពីតម្លៃនៃការសិក្សា ។ ត្បិតថា ទំនោរនៃការចាប់ផ្តើមឱ្យតម្លៃលើសិក្សាពីសំណាក់យុវជនជនជាតិភាគតិចបានបង្ហាញនូវភាពវិជ្ជមាននៅក្នុងសហគមន៍ក៏ពិតមែន ប៉ុន្តែការចាប់យកការសិក្សាពីសំណាក់យុវជន និងយុវតីទាំងនេះ គឺមិនទាន់មានភាពទូលំទូលាយទេ ជាពិសេសចំពោះយុវជនដែលនៅរស់ នៅតំបន់ដាច់ស្រយាល ។
បច្ចុប្បន្ន គម្រោងអង្គការភ្លែន (Plan International Cambodia) កំពុងយកចិត្តទុកដាក់លើកុមារ និងយុវជន ជាពិសេសកុមារ និងយុវជនជនជាតិដើមភាគតិចឱ្យទទួលបានឱកាសសិក្សាខ្ពស់ និងចូលរួមអភិវឌ្ឍសហគមន៍របស់គាត់ ។ ក្រៅពីអង្គការភ្លែន ក្រសួងអប់រំ យុវជន និងកីឡា កន្លងមកក៏បានសហការជាមួយអង្គការយូនីសេហ្វ កម្ពុជា(UNICEF) និងអង្គការ CARE ដើម្បីផ្តល់ការអប់រំពហុភាសាដល់កុមារី និងកុមារាជនជាតិដើមភាគតិចផងដែរ ។ កន្លងមកមានយុវជនជនដើមភាគតិចមួយចំនួនបានបញ្ចប់ការសិក្សាលើជំនាញពេទ្យ ច្បាប់ កសិកម្ម ហើយភាគច្រើនពួកគាត់មានឆន្ទៈទៅបម្រើការងារនៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹង សុខភាព និងសេដ្ឋកិច្ចសហគមន៍របស់ខ្លួន ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ