ខេត្តសៀមរាប ៖ លោក សុវណ្ណ ច័ន្ទន៏គ្រឹស្នា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនសង្ស័យលួ.ចម៉ូតូ និងអ្នកទទួលផលចោ.រកម្មចំនួន៩នាក់ បញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន។
បើតាមប្រភពពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឱ្យដឹងថា ដោយមានការសហការជាមួយកម្លាំងនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមលួ.ចម៉ូតូចំនួន៩នាក់ដ៏សកម្មមួយសម្បុកធំ នៅក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម បញ្ជូនទៅកាន់តុលាការខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់តាមតេឡេក្រាម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងកិច្ចសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា បានឱ្យលោកដឹកនាំកម្លាំងចុះប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវករណីអំពលួ.ច (លួ.ចម៉ូតូ) យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៩នាក់ រួចរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះ វិន ជែម ហៅចេម ភេទប្រុស អាយុ១៨ឆ្នាំ ដែលសមត្ថកិច្ចយើងឃាត់ខ្លួនបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទីយប់ នៅចំណុចសួនបឹងគីឡូ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណីអំពើលួ.ច (លួ.ចម៉ូតូ)។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបន្តស៊ើបអង្កេតស្រាវជ្រាវ ហើយក៏បានឃាត់ខ្លួនក្រុមបក្សពួកជនសង្ស័យខាងលើបន្ថែមទៀតបានចំនួន០៦នាក់បន្ថែមទៀត ក្នុងនោះរួមមាន ៖

១- ឈ្មោះ ផុន តាណា ហៅខេមរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប ( ធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទាអ្នកញៀ.នគ្រឿ.ងញៀនរយៈពេល០៣ខែ)។ ២- ឈ្មោះ ទាន វណ្ណា ហៅតូច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ ៣- ឈ្មោះ សំ សុភា ហៅរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រកកំណើតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅមិនច្បាស់លាស់។ ៤- ឈ្មោះ ហីម រចនា ហៅ ទី ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។ ៥- ឈ្មោះ ពត បញ្ញា ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/-ខេត្តសៀមរាប។ ៦- ឈ្មោះ រិទ្ធី យ៉ាស័ក្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពុងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា «បក្សពួកខ្លួនបានប្រព្រឹត្តអំពើ (លួ.ចម៉ូតូ) នៅក្នុងក្រុងសៀមរាប បានម៉ូតូចំនួន១០គ្រឿង ក្នុងពេលធ្វើសកម្មភាពលួ.ចម៉ូតូបានហើយ បក្សពួកខ្លួនក៏យកទៅលក់បន្តនៅខេត្តកំពង់ធំ»។

បន្ទាប់មកសួរសាករួច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៥០នាទីល្ងាច កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាអ្នកទទួលផលចោ.រកម្មចំនួន០២នាក់ទៀត ក្នុងនោះមាន ៖

១- ឈ្មោះ ជា កុសល ភេទប្រុស អាយុ៤៤ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ធ្លាប់ជាប់ពន្ធនាគារចំនួន៤លើក) ។ ២- ឈ្មោះ អិត យន ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតភូមិដូង ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទីលំនៅបច្ចុប្បន្ននៅភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណីទទួលផលចោ.រកម្ម។ ដោយកន្លងមក ជនសង្ស័យទាំង២នាក់នេះ តែងតែទទួលទិញម៉ូតូ ដែលបានមកពីការប្រព្រឹត្តបទល្មើសនៅខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀតផង ហើយជនសង្ស័យទាំងពីរនាក់នេះ គឺជាប្តីប្រពន្ធនឹងគ្នា និងត្រូវបានឃាត់ខ្លួននៅចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

ចំណែកវត្ថុតាងដកហូតសរុបក្នុងកិច្ចប្រតិបត្តិការនេះ មាន ៖ ម៉ូតូចំនួន០៧គ្រឿង ( យើងស្រាវជ្រាវឃើញម្ចាស់ចំនួន០៥គ្រឿង) ដែលជាម៉ូតូជនសង្ស័យលួ.ចបាន និងទូរស័ព្ទដៃចំនួន០២គ្រឿងផងដែរ។

បច្ចុប្បន្ន លោក សុវណ្ណ ច័ន្ទន៏គ្រឹស្នា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនជនសង្ស័យប្រុសស្រីចំនួន៩នាក់ ទាំងអ្នកទទួលផលចោ.រកម្ម យកទៅដាក់ពន្ធនាគារបណ្តោះអាសន្ន នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រោះថា ប៉ុន្មានថ្ងៃមុន ដោយសារសួរនាំកៀកម៉ោង ក៏បានយកទៅផ្ញើនៅពន្ធនាគារជ្រាវ ទើបថ្ងៃនេះសម្រេច។ ចំណែកម៉ូតូដែលដកហូតបានពីជនសង្ស័យ និងអ្នកទទួលផលចោ.រកម្ម បានប្រគល់ឱ្យជនរងគ្រោះមួយចំនួនហើយ នៅសល់មួយចំនួនទៀត កំពុងតែស្វែងរកម្ចាស់មកទទួលយកវិញ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕




ចែករំលែកព័តមាននេះ