នៅពេលបច្ចុប្បន្នក្រៅពីសាលារដ្ឋដែលមានរាប់ពាន់ កម្ពុជានៅមានសាលាឯកជនរាប់រយ ប៉ុន្តែប្រសិនបើចង់ឲ្យកូនចេះ កូនពូកែ កូនឆ្លាត កូនមានសមត្ថភាពដាច់ខាតមិនអាចពឹងផ្អែកនៅលើតែសាលារៀន និងគ្រូបង្រៀនបានទាំងស្រុងទេ ទោះបីជាគ្រូនោះមានសមត្ថភាពប៉ុណ្ណា ហើយសាលារៀនល្អ ហើយត្រូវបង់ថ្លៃ…
នៅពេលបច្ចុប្បន្នក្រៅពីសាលារដ្ឋដែលមានរាប់ពាន់ កម្ពុជានៅមានសាលាឯកជនរាប់រយ ប៉ុន្តែប្រសិនបើចង់ឲ្យកូនចេះ កូនពូកែ កូនឆ្លាត កូនមានសមត្ថភាពដាច់ខាតមិនអាចពឹងផ្អែកនៅលើតែសាលារៀន និងគ្រូបង្រៀនបានទាំងស្រុងទេ ទោះបីជាគ្រូនោះមានសមត្ថភាពប៉ុណ្ណា ហើយសាលារៀនល្អ ហើយត្រូវបង់ថ្លៃ និងមានសម្ភារៈសិក្សាទំនើប និងគ្រប់គ្រាន់យ៉ាងណាក៏ដោយ ។

តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជនប្រមាណជិត១៥.០០០ កន្លែងនៅទូទាំងប្រទេសនៅក្នុងនោះ សាលាមត្តេយ្យសិក្សាចំនួន៤.៨១០ សាលាបឋម សិក្សាចំនួន៧.៧១៦ អនុវិទ្យាល័យ ចំនួន១.៣២៤ និងវិទ្យាល័យចំនួន៦៧២ ព្រមទាំងមានសិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជនចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា មានចំនួន៣.៥៦៧.១០៥នាក់ ក្នុងនោះស្រី១.៧៦៦.៣៧៩នាក់ ស្មើនឹង៤៩.៥ភាគរយ ។
ប្រភពដដែលបានបន្តថា ចំពោះគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន១២៥ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៤៨ និងឯកជនចំនួន៧៧ ។ ដោយឡែកនិស្សិតកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សាមានចំនួន២១១.៤៨៤នាក់ ស្រី៩៨.៦៣០នាក់ ស្មើ៤៦.៦៣ភាគរយ ក្នុងនោះនិស្សិតបរទេសអាហារូបករណ៍មានចំនួន១៥៨នាក់ ស្រី៦០នាក់ ស្មើ ៣៧.៩៧ភាគរយ ។ ចំណែកបុគ្គលិកអប់រំសរុបនៅទូទាំងប្រទេសមានចំនួន១២០.២៩៩នាក់ ស្រី៥៤.៩៥៨នាក់ ត្រូវជា៤៥.៧ភាគរយ ក្នុងនោះថ្នាក់ជាតិចំនួន៣.៤១៦នាក់ ស្រី៩៣៩ នាក់ ត្រូវជា២៧.៥ភាគរយ និងថ្នាក់ក្រោមជាតិចំនួន១១៦.៨៨៣នាក់ ស្រី៥៤.០១៩នាក់ ត្រូវជា៤៦.២ភាគរយ ។

ចំពោះសាលារៀនសាធារណៈពោល គឺសាលារដ្ឋចាប់ពីមតេយ្យដល់វិទ្យាល័យសិស្សានុសិស្សអាចរៀនបានដោយមិនត្រូវឲ្យបង់ថ្លៃសិក្សាអ្វីទាំងអស់ គ្រាន់តែថា ដើម្បីកូនចេះ និងចង់ឲ្យគ្រូយកចិត្តទុកដាក់អាណាព្យាបាលខ្លះចេះតែលួចឧបត្ថម្ភសាលា ជាពិសេស គឺលោកគ្រូអ្នកគ្រូ តាមមធ្យោយបាយជាលុយកាក់ និងជាសម្ភារៈតាមមធ្យោបាយ និងធនធានរៀងៗខ្លួន ហើយដើម្បីរស់បានសមរម្យ និងជួយលើកកម្ពស់ជីវភាពប្រចាំថៃ្ងផង លោកគ្រូ/អ្នកគ្រូខ្លះក៏ឆ្លៀតពេលបង្រៀនគួរក្រៅម៉ោងខ្លះៗដើម្បីតម្រែតម្រង់សិស្សានុសិស្សបន្ថែម ។
ប៉ុន្តែសម្រាប់ក្រុមគ្រួសារដែលគេមានធនធានគេមានទ្រព្យធនមកដល់ពេលនេះ មានអាណាព្យាបាលខ្លះនៅក្នុងមួយឆ្នាំៗហ៊ានចំណាយថវិការាប់រយដុល្លារ រហូតដល់រាប់ម៉ឺន ដើម្បីកូនបានរៀនសូត្រនៅសាលាដែលមានស្តង់ដា មានគុណភាព មានគ្រូបង្រៀនមានចំណេះ មានសមត្ថភាពខ្ពស់នៅក្នុងគោលបំណងតែមួយមុខគត់ គឺអោយកូនចេះ កូនពូកែ កូនមានសមត្ថភាព ពោល គឺដើម្បីឲ្យកូនៗរបស់ពួកគេកាន់តែមានអនាគតល្អប្រសើរនៅពេលខាងមុខកាន់តែភ្លឺស្វាងឡើងបន្ថែមមួយកម្រិតទៀត ។

ទាំងនេះ គឺជាក្តីប្រាថ្នា និងជាក្តីសង្ឃឹមរបស់ឪពុកម្តាយក៏ដូចជា អាណាព្យាបាលកូនៗគ្រប់ៗរូប មិនថា អ្នកក្រ អ្នកមាន មន្ត្រី រាស្ត្រ កសិករ ឬពាណិជ្ជករឡើយ ខណៈដែលមកដល់ពេលនេះនៅលើពិភពលោកគេបានអះអាងយ៉ាងច្បាស់ថា ការវិនិយោគនៅលើការអប់រំ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មនុស្សជាតិ ដើម្បីឲ្យមានអ្នកបន្តវេន បន្តនិរន្តរ៍ភាពសង្គមប្រកបដោយពុទ្ធិ ឬចំណេះដឹងគ្រប់គ្រាន់ ប៉ុន្តែសូមកុំភ្លេចថា សាលា និងគ្រូបង្រៀន គ្រាន់តែជាចំណែកមួយផ្នែកទេ ដូច្នេះសូមកុំដាក់បន្ទុកតែនៅលើសាលា និងគ្រូបង្រៀននៅពេលដែលអ្វីដែលយើងរំពឹងមិនបានសមបំណងដូចអ្វីដែលយើងទាំងអស់គ្នាប៉ងប្រាថ្នា ។

យើងទាំងអស់គ្នាត្រូវដឹងថា គ្រូបង្រៀនមិនមែនទេវតាទេ ហើយសាលាគ្រាន់ តែជាទីកន្លែងជម្រកសម្រាប់ផ្ទេរចំណេះប៉ុណ្ណោះ ។ ដូច្នេះទោះជាសាលានោះសាលារដ្ឋ ឬសាលាឯកជន សូមកុំច្រឡំថា យកកូនដាក់នៅសាលាចោល ហើយឪពុកម្តាយយកលេសថា រវល់មិនជួយតាមដានណែនាំផ្តល់ប្រឹក្សាលើកទឹកចិត្ត និងជួយអប់រំកូនៗបន្ថែមសោះនោះ ហើយសង្ឃឹមថា កូនមានអនាគតល្អនោះ គឺមិនអាចបានទាំងស្រុងនោះទេ ។ ភាគរយនៃជោគជ័យនៅក្នុងការអប់រំកុមារបែបនេះមានឱកាសតិចតួចណាស់ ។ យើងទាំងអស់គ្នាត្រូវតែដឹងថា ក្មេង នៅជាមួយនឹងគ្រួសារច្រើនជាងពួកគេនៅក្នុងសាលាដូច្នេះ ភាគច្រើនគំរូជីវិតនិងការខិតខំរបស់ពួកគេ គឺជាទូទៅ គឺតាមឪពុកម្តាយច្រើនជាងការរៀននៅសាលា ។

ជាការពិតនៅសាលា ប្រសិនបើមានសម្ភារៈឧបទ្ទេសគ្រប់គ្រាន់វាពិតជាអាចជួយឲ្យសិស្សងាយយល់ឆាប់ចាប់បាន រីសមត្ថភាព និងទេពកោសល្យរបស់គ្រូក៏ជាកត្តាលីកររួមផ្សំមានតួនាទីមួយផ្នែកសំខាន់សម្រាប់ការអប់រំដោយមិនអាច ប្រកែកបានមែន ប៉ុន្តែឪពុក/ម្តាយ ឬអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ និងជួយបន្ថែមទៀតទើបអាចអោយក្មេងៗដែលជាកូន ជាចៅ ជាក្មួយរបស់យើងកាន់តែមានទំនុកចិត្ត និងផ្ចង់ស្មារតីរៀនសូត្រកាន់តែប្រសើរឡើងថែមទៀត ។

សរុបមកវិញ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងសង្គមយើងឲ្យឈានឡើងបន្ថែមមួយកម្រិតបន្ថែមទៀតនោះ គឺសាលាត្រូវពង្រឹងការគ្រប់គ្រង និងវិន័យក៏ដូចស្វែងរកឧបរកណ៍ឧបទ្ទេសជំនួយដល់ការបង្រៀន ហើយគ្រូត្រូវតែលើកកម្ពស់មានៈសិក្សា ដើម្បីខិតខំផ្ទៃចំណេះដល់ពលរដ្ឋ ហើយសិស្សានុសិស្សវិញត្រូវតែខិតខំរៀនសូត្រ ខណៈដែលឪពុកម្ដាយក្រៅពីខិតខំប្រកបរបរចិញ្ចឹមជីវិតហើយនោះក៏គួរតែចូលរួមជំរុញលើកទឹកចិត្ត ក្មេងៗដែលជាកូនជាចៅរបស់យើងផងដែរ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ