នៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ ការបោះឆ្នោតនឹងមកដល់ក្រោយពីគណបក្សនយោបាយទាំង១៨ បានចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរៀងៗទៅតាមលទ្ធភាពរបស់ខ្លួន ។ គណបក្សមានថវិកាច្រើន ឃោសនាទ្រង់ទ្រាយធំ គណបក្សមិនសូវមានថវិកា ឃោសនាបែបលក្ខណៈតូចៗ។ មានពេលខ្លះការហែបក្សដែលមិនសូវមានធនធានគេសង្កេតឃើញមានតែរថយន្តមួយគ្រឿងប៉ុណ្ណោះ ខុសពីបក្សមានលទ្ធភាពខ្លាំង…
នៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ ការបោះឆ្នោតនឹងមកដល់ក្រោយពីគណបក្សនយោបាយទាំង១៨ បានចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរៀងៗទៅតាមលទ្ធភាពរបស់ខ្លួន ។ គណបក្សមានថវិកាច្រើន ឃោសនាទ្រង់ទ្រាយធំ គណបក្សមិនសូវមានថវិកា ឃោសនាបែបលក្ខណៈតូចៗ។ មានពេលខ្លះការហែបក្សដែលមិនសូវមានធនធានគេសង្កេតឃើញមានតែរថយន្តមួយគ្រឿងប៉ុណ្ណោះ ខុសពីបក្សមានលទ្ធភាពខ្លាំង គេហែបក្សមានរថយន្ត ម៉ូតូចូលរួមរាប់សិបគ្រឿង ។

កោះសន្តិភាពបានចាប់អារម្មណ៍មួយជ្រុងទៅលើសារនយោបាយប្លែកៗ របស់គណបក្សមួយចំនួន និងសូមលើកយកមកបង្ហាញជូនប្រិយមិត្តនៅពេលនេះ ។ អ្វីដែលជាការចាប់អារម្មណ៍របស់យើងដំបូងគេនោះ ទំនងលោកអ្នកដែលបានតាមដាននយោបាយមួយចំនួនបានដឹងរួចមកហើយ ត្បិតអីករណីនេះក៏ត្រូវបានគេលើកយកមកជជែកគ្នាបន្ថែម នៅលើបណ្តាញសង្គមដែរ ។ នោះ គឺការឃោសនារបស់គណបក្សខ្មែរឈប់ក្រ ។
គណបក្សខ្មែរឈប់ក្រ បានផ្តើមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនា បោះឆ្នោត២១ថ្ងៃនោះតែម្តង ។ លោក ក្រវ៉ាញ ដារ៉ន ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរអាមេរិក ដែលជាប្រធានគណបក្សនេះបានប្រកាសថា ក្រៅពីគោលនយោបាយផ្តល់វ៉ាយហ្វាយ ឥតគិតថ្លៃ(Free Wifi) ហើយ Wifi ដែលគណបក្សខ្មែរឈប់ក្រនឹងផ្តល់ឱ្យពលរដ្ឋប្រើប្រាស់ដោយសេរីនោះ គឺកម្រិត៦G តែម្តង ។ គណបក្សខ្មែរឈប់ក្រនឹងផ្តល់ថវិកាប្រចាំខែផ្តល់បណ្ណសុខភាព ជួយដល់ជនមានពិការភាព ចាស់ជរា កុមារ ស្ត្រីមានផ្ទៃពោះជាដើម ។ គោលនយោបាយពិសេសមួយទៀត បក្សខ្មែរឈប់ក្រនឹងនាំអ្នកចូលនិវត្តន៍ធ្វើទស្សនកិច្ចក្រៅប្រទេស ។
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានបង្ហាញពីគោលនយោបាយ អាទិភាពរបស់គណបក្ស គឺកម្ចា.ត់អំពើពុករលួយ និងលុបបំបាត់បញ្ហាគ្រឿងញៀ.ននៅក្នុងសង្គម ។ បើជាប់ឆ្នោតដឹកនាំប្រទេសគណបក្សឯកភាពជាតិខ្មែររបស់លោក អ៊ុន ជឹម សន្យា ដំឡើងបៀវត្សមន្ត្រីរាជការឱ្យឡើងដល់ចាប់ពី២,៥លានរៀលក្នុងខែ ហើយកម្មករឡើងដល់យ៉ាងហោចណាស់១,៥លានរៀល។

គោលនយោបាយដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការកាន់តែពិសេសជាងនេះទៅទៀត គឺគណបក្សយុវជនកម្ពុជា ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សបានលើកគោលនយោបាយចំនួន ៧ចំណុច ដើម្បីទាញយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ។ ប្រធានគណបក្សយុវជន កម្ពុជារូបនេះបានសន្យាដំឡើងប្រាក់ឈ្នួលជូនកម្មករ ប្រាក់បៀវត្ស គ្រូបង្រៀន បញ្ចុះថ្លៃសាំង និងជីកសិកម្ម ។ ក្នុងគោលនយោបាយ៧ចំណុចដែលបានដាក់ចេញនោះ គណបក្សនេះបានសន្យាដំឡើងប្រាក់ខែមន្ត្រីរាជការដល់៧០០ដុល្លារ និងប្រាក់ខែកម្មករ៣៥០ដុល្លារ ។ គណបក្សនេះក៏សន្យាលុបបំបាត់ចោលការបង្រៀនគួរក្រៅម៉ោងផងដែរ ដើម្បីឲ្យមានឱកាសទទួលបានការសិក្សាស្មើគ្នា ។

គណបក្សសញ្ជាតិកម្ពុជាវិញធ្វើនយោបាយបែបអប់រំផ្លូវចិត្ត និងសេចក្តីសុខដល់ពលរដ្ឋ ។ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា ថ្លែងថា ផ្ទុយពីគណបក្សដទៃ គណបក្សលោកបានជ្រើសរើសការធ្វើនយោបាយបែបអប់រំផ្លូវចិត្ត ដើម្បីបង្រួបបង្រួម និងផ្ដល់សេចក្តី សុខផ្លូវចិត្តដល់ពលរដ្ឋ ។
បើតាមលោក សុខេងថា ការប្រើប្រាស់គោលការណ៍អប់រំបែបនេះ គឺវាក្ដោបរួមទាំងស្រុងទៅលើការអភិវឌ្ឍ និងដោះស្រាយបញ្ហានានាក្នុងសង្គម ។ លោកថា បើទោះជាលើកកម្ពស់ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងកសិកម្មជាដើមនោះ គឺត្រូវការភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងអារម្មណ៍ក្នុងការរកដំណោះស្រាយ ។
ក្នុងចំណោមគោលនយោបាយចំនួន៧ចំណុច ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនឹងដោះស្រាយបញ្ហាក្នុងវិស័យសង្គមកិច្ច គឺការអភិវឌ្ឍដោយគ្មានទឹកភ្នែកពលរដ្ឋ និងការជួយឧបត្ថម្ភពលរដ្ឋចាស់ជរាមុនគេ ប្រសិនបើបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរជាតំណាងរាស្ត្រ ។ នេះជាការបញ្ជាក់របស់លោក ម៉ម សុណង់ដូប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ លោក យ៉េង វីរៈ ប្រធានគណបក្ស ដែលមានលេខរៀងទី១១នេះថា គណបក្សលោក មានគោលនយោបាយចំនួន១១ចំណុចក្នុងនោះក៏មានដែរការសន្យាដោះស្រាយបំណុលរបស់ប្រជាពលរដ្ឋ បើគណបក្សនេះទៅដឹកនាំរដ្ឋាភិបាល ។ ប៉ុន្តែប្រសិនបើគណបក្សនេះបានជាប់ត្រឹមតែតំណាងរាស្ត្រមួយអាសនៈនោះការងារដំបូង គឺស្នើដូរសមាសភាពគ.ជ.បបច្ចុប្បន្ននេះចេញ ។
គណបក្សខ្មែររួបរួមជាតិបានដាក់ចេញគោលនយោបាយអាទិភាព៩ចំណុចផ្តោតលើបញ្ហាអយុត្តិធម៌សង្គម និងអំពើពុករលួយ ។ លោក យ៉ែម បុញ្ញឬទ្ធិ ថ្នាក់ដឹកនាំគណបក្សនេះមួយរូបនិយាយថា បក្សលោកនិយមកណ្តាល មានអ្នកចូលរួមមកពីក្រុមតស៊ូ និងអ្នកប្រជាធិបតេយ្យសេរី ។ គោលនយោបាយ៤ចំនុចគាំពារសង្គម កំណែសង្គម លុបបំបាត់អំពើអយុត្តិធម៌នៅក្នុងសង្គម ។ ចំណែក គណបក្សដែលស្ថិតនៅលេខរៀងទី១៥ លើសន្លឹកឆ្នោត គឺគណបក្សខ្មែរអភិរក្ស ដែលមានលោក រៀល ខេមរិន្ទ្រ ជាប្រធាន ។ គណបក្សនេះ មានគោលនយោបាយ ៧ចំនុចខ្លីៗ ដូចជា ការពារបូរណភាណទឹកដី លុបបំបាត់អំពើពុករលួយពីលើមកក្រោម លុបបំបាត់គ្រឿងញៀ.នពីលើមកក្រោមជាដើម ។

ចំណែកគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចក៏បានដាក់ចេញគោលនយោបាយដែលគ្របដណ្តល់ការជួយមនុស្សគ្រប់ស្រទាប់វណ្ណៈអោយមានជីវភាពកាន់តែធូធារ ។ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយចំនួន៨ចំណុចសំខាន់ៗដែលរួមមានទី១ ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាព សុខសានរបស់ប្រជាជន និងការអភិវឌ្ឍជាតិ ។ ពាក្យសន្តិភាព គឺជាពាក្យដែលគណបក្ស នេះយកចិត្តទុកដាក់ខ្លាំងបំផុត ។ ហេតុដូច្នេះហើយបានជាការថែរក្សា សន្តិភាព គឺជាចំណុចទីមួយនៃគោលនយោបាយគណបក្សកាន់អំណាច ។ ចំណុចទីពី២ គណបក្សសន្យាផ្តល់សេវាសាធារណ: កាន់តែតែល្អកាន់តែតម្លាភាព កាន់តែងាយស្រួល ដើម្បីធ្វើយ៉ាងណាអោយប្រជាជនទទួលសេវាសាធារណ:កាន់តែស្រួល និងមានប្រយោជន៍ ។ ចំណុចទីបី គណបក្សនេះសន្យានឹងមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារឡើយ ដើម្បីជួលដល់កសិករអោយអាចមានជីវភាពកាន់តែសមរម្យ ។ ចំណុចទី ៤ គណបក្សបន្តមិនយកការបង់ថ្លៃផាស៊ី និងការបង់ថ្លៃផ្សេងទៀតចំពោះអ្នករកស៊ីតូចតាច ។ ចំណុចទី៥ គណបក្សនឹងលើកកម្ពស់ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងមានការអភិវឌ្ឍ ។ ទី៦ គណបក្សប្រជាជនកម្ពុជា សន្យាបន្តដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកងកម្លាំប្រដាប់ អាវុ.ធគ្រប់ប្រភេទ ។

ទន្ទឹមនោះ គណបក្សនេះសន្យាបន្តែកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ។ គណបក្សប្រជាជនកម្ពុជាក៏សន្យាដំឡើងប្រាក់ឈ្នួលអបប្បរិមា របស់កម្មករនិយោជិតផងដែរព្រមទាំងផលប្រយោជន៍ចាំបាច់ជាច្រើនទៀត។ ចំណុចទី៧ គណបក្សប្រជាជនកម្ពុជាសន្យាលើកកម្ពស់ផ្តល់សេវាថែទាំសុខភាព ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈអោយកាន់តែល្អប្រសើរ។
ចំណុចទី៨ និងចុងក្រោយគេ គណបក្សប្រជាជនកម្ពុជាបានសន្យាពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវាសន៍តាមច្បាប់ជាធរមាន៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ