ការសម្រេចបាននូវការអនុញ្ញាតនាំផ្លែឈើមួយចំនួនពីកម្ពុជាទៅចិនបានធ្វើឲ្យអ្នកជំនាញការថៃទទួលស្គាល់សមត្ថភាពរបស់កម្ពុជា ក្នុងការប្រកួតប្រជែងទីផ្សារផ្លែឈើនៅប្រទេសចិន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លទ្ធភាព និងបរិមាណនៃការនាំចេញរបស់កម្ពុជា នៅទាបណាស់ ដោយត្រូវការខិតខំខ្លាំងជាងនេះបន្ថែមទៀត។

តាមការចេញផ្សាយរបស់សារព័ត៌មានអនឡាញជាភាសាអង់គ្លេសរបស់ថៃ គឺ the Nation បានឲ្យដឹងថា មកដល់ពេលនេះ ទីផ្សារផ្លែឈើថៃនៅប្រទេសចិន គឺនៅតែធំ ប៉ុន្តែអ្នកជំនាញការថៃ បានអះអាងថា ការប្រកួតប្រជែងការនាំចេញពីប្រទេសអាស៊ានផ្សេងៗ ដែលរួមមាន ដូចជា វៀតណាម ហ្វីលីពិន កម្ពុជា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា និងពីប្រទេសដទៃទៀត គឺកាន់តែស្រួចស្រាវ ។

លោក ផុនផុង ណៃយ៉ាណាផាកន ( Poonpong Naiyanapakorn) អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ បានអះអាងថា ការកើនឡើងតម្រូវការផ្លែឈើនៅក្នុងប្រទេសចិន បានផ្តល់ឱកាសសម្រាប់ប្រទេសថៃក្នុងការជំរុញ ចំណែកទីផ្សារនៅក្នុងទីផ្សារផ្លែឈើរបស់ប្រទេសចិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ផលិតផលផ្លែឈើថៃក៏ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសដទៃផងដែរ។

លោកបានអះអាងថា ថៃនៅពេលនេះ ជាប្រទេសនាំចេញផ្លែឈើលេខ១ ទៅចិន ដោយកាន់កា.ប់ ចំណែកទីផ្សារជាង៤១ភាគរយ តាមពីក្រោយដោយប្រទេសឈីលី ដែលទីផ្សាជាង២៤ភាគរយ ។ ប៉ុន្តែថៃ កំពុងតែប្រកួតប្រជែងជាមួយទាំងដៃគូរថ្មី និងចាស់ដោយដៃគូរថ្មី មានដូចជា វៀតណាម ហ្វីលីពីន នូវែលសេឡង់ ប៉េរូ អាហ្វ្រិកខាងត្បូង កម្ពុជា អូស្ត្រាលី និងឥណ្ឌូនេស៊ី ហើយដៃគូរចាស់ គឺមានដូចជា មីយ៉ាន់ម៉ា អេស្ប៉ាញ អារ៉ាប់រួម ប្រេស៊ីល និងកូស្តារីកា ជាដើម។
លោកបានអះអាងថា ការប្រកួតប្រជែងនេះ គឺជាបញ្ហាប្រឈមសម្រាប់ប្រទេសថៃ ក្នុងការរក្សាចំណែកទីផ្សារនៅក្នុងប្រទេសចិន ដែលជាទីផ្សារនាំចេញផ្លែឈើដ៏សំខាន់។

នេះគឺជាសេចក្តីពិត ពីព្រោះមកដល់ពេលនេះ កម្ពុជានៅក្នុងឋានៈជាមិត្តដែកថែបរបស់ចិន បានកំពុងតែខិតខំអោយមិត្តរបស់ខ្លួនបើកទីផ្សារផលិតផលជាច្រើន ដោយនៅក្នុងនោះ ចិនបានយល់ព្រមបើកទីផ្សារផលិតផលកម្ពុជាមួយចំនួន ហើយផ្លែឈើគឺមានយ៉ាងហោចណាស់បីមុខដែរ គឺរួមមាន ស្វាយស្រស់ មៀន និងចេកស្រស់។ ហើយនៅពេលនេះ ក៏កំពុងតែខិតខំសម្របសម្រួលឲ្យចិនបើកទីផ្សារផ្លែឈើមួយចំនួនទៀត ដោយរួមទាំង ទុរេន និងស្រកានាគជាដើមផងដែរ ខណៈដែលមកដល់ពេលនេះ កម្ពុជា មានលទ្ធភាពអាចដាំផលិតផលផ្លែឈើហូបផ្លែ ដើម្បីនាំចេញដ៏មានសក្តានុពលមួយ ។

មកដល់ពេលនេះ ចិនពិតជាបើកទីផ្សារនាំចូលផ្លែឈើស្រស់បីប្រភេទ ពីកម្ពុជាចូលប្រទេសរបស់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បរិមាណនៃការនាំចេញ គឺទាបនៅឡើយទេ ដោយសារតែកម្ពុជា ជាប់របាំងភូគាមអនាម័យ ដោយក្នុងនោះ នៅរយៈពេលមួយត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាអាចនាំចេញផ្លែមៀនស្រស់ មានបរិមាណត្រឹមតែ ៣.៤២២ តោន ។ សម្រាប់ផ្លែចេកវិញ កម្ពុជាអាចនាំចេញបាន៨៨.៩៤៧ តោនទៅចិន ក្រៅពីនោះ មាននាំចេញទៅ វៀតណាម ទៅជប៉ុន ខ្លះទៀតផងដែរ។ ដោយឡែកចំពោះស្វាយស្រស់វិញ យើងមិនទាន់អាចរកតួរលេខថ្មីបាននៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា កាលពីឆ្នាំ២០២២ កន្លងទៅ កម្ពុជា អាចនាំចេញបានសរុប ១៦៩.៦៥៨ តោន ទាំងស្រស់ និងដំណាប់ ហើយទីផ្សារ គឺមានវៀតណាម ថៃ ចិន កូរ៉េខាងត្បូង ហុងកុង និង អូទ្រីស ជាដើម ។

ដោយសារតែការចរចាបើកទីផ្សារផលិតផលផ្លែឈើថ្មី ត្រូវការពេល និងឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែមជ្ឈដ្ឋានអ្នកជំនាញកសិកម្មកម្ពុជាមួយចំនួន បានអះអាងថា ក្រៅពីស្វាយ ចេក និង មៀន ផលិតផលផ្លែឈើមួយចំនួន កម្ពុជាអាចនាំចេញទៅចិនបានខ្លះហើយ ប៉ុន្តែអាចជ្រកក្រោមស្លាកពីប្រទេសជិតខាង ជាពិសេសគឺតាមរយៈថៃ និង វៀតណាម ពីព្រោះប្រទេសទាំងពីរនេះ បាននាំចូលផ្លែឈើតាមរដួវមួយចំនួន ។

សរុបមកវិញ ដើម្បីជំរុញ និងធ្វើឲ្យការនាំចេញផលិតផលផ្លែឈើកម្ពុជានៅទីផ្សារចិន និងក្រៅប្រទេសកាន់តែមានសកម្មភាពកើនឡើងបន្ថែមទៀតនោះ អ្នកដែលពាក់ព័ន្ធជាពិសេស គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងពាណិជ្ជកម្ម និងស្ថាប័នឯទៀត គួរតែសហការគ្នាខិតខំផ្សព្វផ្សាយ លើកកម្ពស់ស្តង់ដារអនុផល និងពង្រឹងគុណភាព ក៏ដូចជាសោភ័ណ្ឌភាពនៃការវេចខ្ចប់ ។

យើងត្រូវតែដឹងថា ទោះបីជាយើង និងចិនជាមិត្តដែកថែប ប៉ុន្តែ ប្រសិនបើគេនាំចូលអនុផលពីយើងពលរដ្ឋគេមានបញ្ហាក៏មិនកើត ហើយម្យ៉ាងវិញទៀតអ្នកដែលពាក់ព័ន្ធជាពិសេស គឺស្ថាប័នជំនាញ គួរតែបង្កលក្ខណៈងាយស្រួល ហើយលើកទឹកចិត្តដល់កសិករ និងពាណិជ្ជករលើឯកសារពាក់ព័ន្ធ លក្ខខណ្ឌ និងបច្ចេកទេស ដែលចាំបាច់នានា៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ