ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ខេត្ត​ដឹក​នាំ​​គណៈ​ប្រតិ​ភូ​នាំ​អំណោយ​ទៅ​ឧបត្ថម្ភ​ដល់​កង​ទ័ព​

12 ឆ្នាំ មុន

ខេត្ត​តា​កែវ​​ ៖ លោក​ស្រី​ បេន អភិ​បាល​ខេត្ត​តា​កែវ​ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​របស់​ខេត្ត​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ឧត្តមសេនីយ៍​ត្រី​អ៊ុក សំណាង ស្នង​ការ​​នគរ​បាល​ខេត្ត​ យក​អំណោយ​​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​សមរ​ភូមិ​ជួរ​មុខ​ទិស​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ទី​បញ្ជាការ​សមរ​ភូមិ​មុខ​

ខេត្ត​តា​កែវ​​ ៖ លោក​ស្រី​ បេន អភិ​បាល​ខេត្ត​តា​កែវ​ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​របស់​ខេត្ត​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ឧត្តមសេនីយ៍​ត្រី​អ៊ុក សំណាង ស្នង​ការ​​នគរ​បាល​ខេត្ត​ យក​អំណោយ​​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​សមរ​ភូមិ​ជួរ​មុខ​ទិស​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ទី​បញ្ជាការ​សមរ​ភូមិ​មុខ​។

លោក​ឧត្តម​សេនីយ៍​ឯក​ឈិន ច័ន្ទ​ពណ៌​ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការ​ប្រចាំ​ទិស​ទី​៣​ឧត្តរ​មាន​ជ័យ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ មេសា មក​ពួក​ចោរ​សៀម​ឈ្លាន​ពាន​មាន​បំណង​យក​ទឹក​ដី​កម្ពុជាយើង ហើយ​ពួក​គេ​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​​បាញ់​ជញ្ជ្រំ​មក​លើ​ទឹក​ដី​យើង​ តែ​ដោយ​អនុ​វត្ត​គ្រប់​បទ​បញ្ជា​របស់​សម្តេច​តេជោ​ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​យើង​នាយ​ទាហាន​ ពល​ទាហាន​គ្រប់​អង្គ​ភាព គ្រប់​គោល​ដៅ​​តស៊ូ​គ្រប់​បែប​យ៉ាង​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ឱ្យ​បាន​រឹង​មាំ​ និង​បាន​វាយ​តប​វិញ​ទៅ​លើ​ពួក​ចោរ​សៀម​ឈ្លាន​ពាន​បាន​ដោយ​ជោគ​ជ័យ​។

លោក​ស្រី បេន អភិ​បាល​ខេត្ត​បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ​ដល់​​វីរកង​ទ័ព​ជួរ​មុខ​ ទិស​ឧត្តរ​មាន​ជ័យ​ដែល​បាន​តស៊ូ​ការ​ពារ​ទឹក​ដី និង​ព្រំ​ដែន​បាន​រឹង​មាំ​ មិន​ឱ្យ​បាត់​បង់​មួយ​មិល្លី​ម៉ែត្រ​ឡើយ​។ អំណោយ​ដែល​គណៈ​ប្រតិភូ​ប្រគល់​ឱ្យ​នា​ពេល​នេះ រួម​មាន​មី​៧០០​កេស ទឹក​បរិ​សុទ្ធ​ឱរ៉ាល់​៥០០​កេស​ សៀង​៥​តោន​ ប្រហុក​២​តោន ពង​ទា​កូន​៥៥០​គ្រាប់ ថ្នាំ​ពេទ្យ​ម៉ាឡា​រីន​៥៧៦​បន្ទះ ស៊ីម៉ង់ត៍​១០តោន ថវិកា​១០​លាន​រៀល​ជូន​កង​ពលថ្មើរ​ជើង​​លេខ​៤២​ និង​ថវិកា​៥​លាន​រៀលជូន​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​​។

នៅ​ថ្ងៃ​ដដែល​លោក​ស្រី បេន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​​ជួប​សំណេះ​សំណាល​ជាមួយ​លោក​ប៉ិច​ សុខឹន អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​បាន​ឧបត្ថម្ភ​ជូន​សាខា​កាក​បាទ​ក្រហម​ខេត្ត​ឧត្តរ​មាន​ជ័យ​ចំនួន​១០​លាន​រៀល​សំរាប់​ទ្រទ្រង់​សកម្ម​ភាព​សាខា​កាក​បាទ​ក្រហម​ខេត្ត​ និង​បាន​ចុះ​ទៅ​ឧបត្ថម្ភ​ដល់​វរ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ពី​២​វរៈ​ រួម​មាន​មី​២០០​កេស​ សៀង​៥០០​គីឡូ​ក្រាម​ ពង​ទា​ប្រៃ​១.៥៥០​គ្រាប់​ ទុសៀរ​៦០​ វិទ្យុ​ទាក់​ទង​១០​គ្រឿង និង​ថវិកា​៤​លាន​រៀល​ ៕