ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បាន​ថ្លៃ​នឿយហត់​ប៉ុន្មាន ក្រោយ​ចុះ​កុងត្រា​ផ្លូវការ​ជាមួយ​ក្លិប David Beckham​?

9 ខែ មុន

សហរដ្ឋអាមេរិក ៖ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Inter

សហរដ្ឋអាមេរិក ៖ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Inter Miami នៃ​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ លើ​កិច្ចព្រមព្រៀង​ដែល​មាន​រហូត​ដល់​ឆ្នាំ ២០២៥​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា ម្ចាស់​ពានរង្វាន់ Ballon d’Or ៧​សម័យកាល វ័យ​៣៦​ឆ្នាំ ដែល​បាន​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង Paris Saint Germain កាលពី​ចុងរដូវ​កាល ២០២២-២៣ រូប​នេះ នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​ពី​ក្លិប Inter Miami ចន្លោះ​ពី ៥០-៦០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ន័យ​ថា រូបគេ​នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​សរុប​ចន្លោះ​ពី ១២៥-១៥០​លាន​ដុល្លារ នៅ​លើ​កុងត្រា​ដែល​មាន​រហូត​ដល់​ឆ្នាំ ២០២៥​។

ប្រធាន​ក្រុម Lionel Messi ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ពានរង្វាន់ FIFA World Cup នៅ​ប្រទេស​កា​តា​កាលពី​ឆ្នាំ​មុន បាន​ថ្លែង​ថា «​ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់ ដើម្បី​ចាប់ផ្តើម​ជំហាន​បន្ទាប់​ក្នុង​អាជីព​របស់ខ្ញុំ​ជាមួយ​ក្លិប Inter Miami និង​នៅ​សហរដ្ឋអាមេរិក​»​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ សហ​ម្ចាស់​ក្លិប Inter Miami លោក David Beckham បាន​ថ្លែង​ថា ការ​ចុះហត្ថលេខា​នេះ គឺជា​សុបិន​ក្លាយជា​ការ​ពិត ហើយ​នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ ដែល​យើង​នឹង​រួម​គ្នា​បន្ត​បង្កើត​គម្រោង​ដ៏​អស្ចារ្យ​នេះ​។ ខ្ញុំ​តែងតែ​សុបិន​ចង់​នាំ​យក​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​មក​ចូលរួម ខ្ញុំ​ចង់បាន​កីឡាករ​ដែល​ចែករំលែក​ម​ហិ​ច្ឆិ​តា ដើម្បី​ជួយ​ពង្រីក​បាល់ទាត់​នៅ​សហរដ្ឋអាមេរិក និង​ដើម្បី​កសាង​កេរដំណែល​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ នៅ​ក្នុង​កីឡា​ដែល​យើង​ស្រឡាញ់​ខ្លាំង​បំផុត​»​។

តាម​ការ​គ្រោងទុក Messi នឹង​បង្ហាញខ្លួន​ប្រកួត​ដំបូង​សម្រាប់ Inter Miami ទល់​នឹង​ក្រុម LIGA MX Cruz Azul នៅ​ថ្ងៃ​ទី​២១ ឆាប់​ៗ​ខាង​មុខ​នេះ ដែល​ជា​ការ​ប្រកួត​បើក​ឆាក Leagues Cup​។

គួរ​រំលឹក​ថា កំពូល​ខ្សែប្រយុទ្ធ Lionel Messi បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប PSG នៅ​លី​គ​កំពូល​បារាំង Ligue 1 បន្ទាប់​ពី​បញ្ចប់​រដូវ​កាល ២០២២-២៣​។ រយៈពេល ២​រដូវ​កាល​ជាមួយ​ក្រុម​អ្នកមាន​បារាំង​មួយ​នេះ Messi បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣២​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៧៥​ប្រកួត និង​បាន​ឈ្នះ​ជើងឯក​បារាំង ២​លើក និង French Super Cup ១​លើក​ផង​ដែរ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ