ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​​បន្ថែមជុំវិញ​​ការ​​ប្លន់​​ទូរ​មាស​​នៅ​​ផ្សារ​តា​នី

14 ឆ្នាំ មុន

ខេត្ត​កំពត ៖ ចាត់​ទុក​​ថា​ជា​ការ​បង្ក្រាប​ដ៏​មាន​ប្រសិទ្ធភាព​របស់​សមត្ថ​កិច្ច​​ប៉ូលិស ​ដែល​​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​បន្ទាប់​ពី​មាន​អំពើ​ប្លន់​​ទូ​មាស​​៣​កន្លែង​ នៅ​ផ្សារ​តា​នី ឃុំ​តា​នី ស្រុក​​អង្គរ​ជ័យ ។ ទោះ​បី​ជា​ក្រុម​ចោរ​បាន​រៀបចំ​គម្រោង​ការ​យ៉ាង​លម្អិត​​សម្រាប់​​គេច​ខ្លួន​ដោយ​ប្តូរ​ពី​ជិះ​ម៉ូតូ​មក​ជិះ​រថយន្ត និង​​ប្តូរ​រថយន្ត​​បន្ត​បន្ទាប់​ក្រោយ​​ពេល​ធ្វើ​សកម្ម​​ភាព​ក្តី​

ខេត្ត​កំពត ៖ ចាត់​ទុក​​ថា​ជា​ការ​បង្ក្រាប​ដ៏​មាន​ប្រសិទ្ធភាព​របស់​សមត្ថ​កិច្ច​​ប៉ូលិស ​ដែល​​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​បន្ទាប់​ពី​មាន​អំពើ​ប្លន់​​ទូ​មាស​​៣​កន្លែង​ នៅ​ផ្សារ​តា​នី ឃុំ​តា​នី ស្រុក​​អង្គរ​ជ័យ ។ ទោះ​បី​ជា​ក្រុម​ចោរ​បាន​រៀបចំ​គម្រោង​ការ​យ៉ាង​លម្អិត​​សម្រាប់​​គេច​ខ្លួន​ដោយ​ប្តូរ​ពី​ជិះ​ម៉ូតូ​មក​ជិះ​រថយន្ត និង​​ប្តូរ​រថយន្ត​​បន្ត​បន្ទាប់​ក្រោយ​​ពេល​ធ្វើ​សកម្ម​​ភាព​ក្តី​ ក៏​ទី​បំផុត​​ជន​សង្ស័យ​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​រឹប​អូស​បាន​មាស​គ្រឿង​​​ផ្សេង​ៗ​ និង​ប្រាក់​មក​វិញ ។ ​ទោះ​បី ជា​បែប​ណា​បក្ស​ពួក​ជន​សង្ស័យ​​ជាច្រើន​នាក់​ទៀត មិន​ទាន់​​ចាប់​ខ្លួន​បាន​នៅឡើយ​ទេ ប៉ុន្តែ​អត្ត​សញ្ញាណ​ក្រុម​ជន​សង្ស័យ​ជាបក្ស​ពួក​ត្រូវ​បាន​សមត្ថ​កិច្ច​​ដឹង​អស់​​ទៅ​ហើយ ហើយ​​ក្រុម​ជន​ទាំង​​នោះ​ក៏​​អាច​បន្ត​​លាក់​ខ្លួន​ធ្វើ​ជា​ឈ្លូស​​មួយ​រយៈ​ទៀត​​ប៉ុណ្ណោះ ​នឹង​ត្រូវចាប់​ខ្លួន​បាន​មិន​ខាន​ឡើយ។

មន្ត្រី​ប៉ូលិស​​ខេត្ត​បាន​ឱ្យ​ដឹងថា ​នៅវេលា​​ម៉ោង​​១និង​១៥​នាទីរសៀល ជន​សង្ស័យ​​មួយ​ក្រុម​​មាន​គ្នា​៦​នាក់ ​ក្នុង​នោះ​២​នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿង ​ប្រដាប់​ដោយ​អាវុធ​​វែង​-ខ្លី​គ្រប់​ដៃ​​ បាន​ចូល​ប្លន់​​អ្នក​លក់​មាស​ប្តូរ​ប្រាក់​​នៅ​ផ្សារ​តា​នី ស្ថិត​ក្នុង​ភូមិ​ប្រាល ​ឃុំតា​នី ស្រុក​អង្គរ​ជ័យ ។ ​ជន​រងគ្រោះ​​ដោយ​អំពើ​ប្លន់​​នេះមាន​​៣​​នាក់ គឺ១-ឈ្មោះ ​ហ៊ ម៉ុង អាយុ​៧១​ឆ្នាំ អស់​មាស​៣​តម្លឹង​ ​​លុយ​២.០០​០​ដុល្លារ និង​១០​លាន​រៀល ទូរស័ព្ទ​ដៃ​ម៉ាកសាំសុងមួយ​គ្រឿង ​២-ឈ្មោះ​​លួន វិចិត្រ អាយុ​៥០​ឆ្នាំ ​អស់​មាស​៣​តម្លឹង បា្លទីន​៣​តម្លឹង ​លុយ​៧០០​ដុល្លារ និង​២​លាន​រៀល ​និង​៣-ឈ្មោះ​​កែវ ភិរុណ អាយុ​៣៣​ឆ្នាំ អស់​លុយ​៥​លាន​រៀល ។

​មន្ត្រី​ដដែល​បន្ត​ថា ​ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​​​អន្តរាគមន៍​​​ភ្លាម​ដែរ ប៉ុន្តែ​មិន​អាច​​ទៅ​រួច​ ព្រោះ​ក្រុម​ចោរ​ចល័ត​រហ័ស ។ ​សមត្ថ​កិច្ច​បាន​ទាក់​ទង​​ទៅ​ខេត្ត​តាកែវ និង​ខេត្ត​កណ្តាល ដើម្បី​ជួយ​ស្ទាក់​រថយន្ត​១​គ្រឿង​ដែល​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​​ប្រាប់​ថា ​ពណ៌ឈាម​ជ្រូក​ ជា​ប្រភេទ​​រថយន្ត​កាមរី​​គូទ​ហើម ស៊េរី​ឆ្នាំ​១៩៩៣ ។ ក្រុម​ជន​សង្ស័យ​ពេល​ជិះ​ក្នុង​រថយន្ត​ទៅ​ដល់​​ម្តុំ​​សំរោង​យ៉ោង​​កម្លាំង​នគរ​បាល​ក៏​បាន​ឃាត់​រថយន្ត​សង្ស័យ​នោះ​ ​តែ​ពួក​គេ​មិន​ឈប់​ ហើយ​​បាន​បន្ត​ដំណើរតាម​ផ្លូវ​ជាតិលេខ២ ទៀត។ ពេល​ទៅដល់​ស្រុកបាទី​កម្លាំង​នគរ​បាល​​ ​បាន​ចេញ​ឃាត់​​ទៀត ក៏​ត្រូវ​ពួក​​ចោរ​​​បាញ់​មក​លើ​ ហើយ​កម្លាំង​ចាំ​ស្ទាក់​ក៏​​បាញ់​តប​ត​វិញ តែ​ពួក​នេះ​បង្កើន​​ល្បឿន​​រថយន្ត​ដើម្បី​គេច​ខ្លួន ។ ការ​តាម​ប្រមាញ់​នេះ​​សមត្ថ​កិច្ច​ខេត្ត​តាកែវ បាន​ភ្ជាប់​ទៅ​​ខេត្ត​កណ្តាល ​និង​ទៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ជួយ​ស្ទាក់ចាប់​​ ព្រោះ​​បាន​កំណត់​មុខ​សញ្ញា​​ច្បាស់​​ហើយ​គឺ ​រថយន្ត​កាមរី​គូទ​ហើម​ពណ៌ ឈាម​ជ្រូក​ស៊េរី​ឆ្នាំ​៩៣ ។ ដោយ​សារ​តែ​ក្រុម​ខ្លួន​បាន​ធ្លាក់​​ក្នុង​​​គន្លង​តាម​ប្រមាញ់​​របស់​ប៉ូលិស​ហើយ​នោះ​ក្រុម​ជន​សង្ស័យ​​ក៏​​ស្លន់​ស្លោ និង​បាន​ដូរ​រថយន្ត​ ដោយ​​ប្លុង​រថយន្ត​ពណ៌​ឈាម​ជ្រូក​ចោល​នៅ​ក្នុង​វត្ត​ចំបក់​ បិទ​មាស​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ហើយ​​រថយន្ត​ក្រោយ​នោះ​ម៉ាក​កូរ៉ូ​ឡា ​បាន​បើក​គេច​បន្ត​តាម​ផ្លូវ​​លេខ​​20B និង​បាន​ក្រឡាប់​នៅ​ផ្លូវ​បំបែក​ឆ្ពោះ​​ទៅ​កំពង់​ទួល​ក្នុង​ភូមិ​ក្បាល​សេះ ឃុំ​គោ​ត្រប់ ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្ត​កណ្តាល ។

ជន​សង្ស័យ​ដែល​​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​មាន​៣​នាក់ គឺ១-ឈ្មោះ​​ហៀម រិន ហៅ​ឪ ភេទ ប្រុស អាយុ​​៥០​ឆ្នាំ នៅ​ភូមិ​ស្យា ឃុំវាល​ពន់ ​ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ ២-ឈ្មោះ ​គឹម ចិន្តា ​ហៅ​វាសនា ​ហៅ​ផល សុធារ៉ា អាយុ​៣២​ឆ្នាំ នៅភូមិ​​អូរ​គ្រៀត ឃុំ​មោង​ឫស្សី ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង និង​៣-ឈ្មោះ​ជា ឈុន​ហ៊ឹ ហៅ​​ភា នៅ​ភូមិ​ឫស្ស៊ី​ស្រុក ឃុំ​​ឫស្សី​ស្រុក ​ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម ។ ​ក្រុម​ជន​ទាំង​៣​នាក់​នេះ​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ក្នុង​រាជធានីភ្នំពេញ ។​ ចំណែក​អាវុធ​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន គឺ​មាន​អាកា​ចំនួន​២​ដើម គ្រាប់​សរុប​៣១​គ្រាប់​ ​និង​អាវុធ​ខ្លី​ចំនួន​៣​ដើម។

​​ជន​ទាំង​៣​នាក់ រួម​ទាំង​វ​ត្ថុ​តាង​មាន​គ្រឿង​អលង្ការ​ និង​ប្រាក់​មួយ​ចំនួន​​ដែល​ក្រុម​​ចោរ​​បាន​​ប្លន់​យក​ពី​អាជីវ​ករ​លក់​មាស​នៅ​ផ្សារ​តា​នី ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពត កាល​ពី​ល្ងាចថ្ងៃ​​ដដែល ហើយ​សមត្ថ​កិច្ច​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និង​សមត្ថ​កិច្ច​ខេត្ត​កំពត កំពុង​ស្រាវជ្រាវ​​រក​​​បក្ស​ពួក​​ផ្សេង​ទៀត ដែល​ក្រុម​សមត្ថ​កិច្ច​អះ​អាង​ថា ​បក្ស​ពួក​​ក្រុម​ចោរ​​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​មាន​គ្នា​ចំនួន​៦​នាក់ និង​​បាន​ធ្វើ​ការ​​សន្និ​​ដ្ឋាន​ថា ក្រុម​ចោរ​ប្លន់​​នេះ​មាន​គ្នា​ទាំង​អស់​ដល់​ទៅ​​១០​នាក់ ៕

«ប្លន់​កក្រើក​ផ្សារ​តានី សមត្ថកិច្ច​តាម​ប្រមាញ់​កណ្តាលថ្ងៃត្រង់​ចាប់​បាន​នៅ​ស្រុក​កណ្តាលស្ទឹង»