ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​កក្រើក​ផ្សារ​តានី សមត្ថកិច្ច​តាម​ប្រមាញ់​កណ្តាលថ្ងៃត្រង់​ចាប់​បាន​នៅ​ស្រុក​កណ្តាលស្ទឹង

14 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ជន​សង្ស័យ​ប្លន់​ទូ​មាសក្តៅៗ​នៅ​ផ្សារ​តា​នី​ត្រូវ​បាន​ចាប់​ខ្លួនជា​​បន្ត​បន្ទាប់ ​ដែល​២​នាក់​​ចាប់​ខ្លួន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ និង​ម្នាក់​ទៀត​​ចាប់​បាន​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ ។ តាម​ប្រភព​​ព័ត៌​មាន​ថា នៅ​បាត់​បក្ស​ពួក​ម្នាក់​ទៀត​ដែល​កំពុង​គេច​ខ្លួន​។ ព័ត៌​មានជំហាន​ដំបូង​ និង​មិន​ទាន់​យក​ជា​ផ្លូវ​ការ​បាន​

ខេត្ត​កំពត​ ៖ ជន​សង្ស័យ​ប្លន់​ទូ​មាសក្តៅៗ​នៅ​ផ្សារ​តា​នី​ត្រូវ​បាន​ចាប់​ខ្លួនជា​​បន្ត​បន្ទាប់ ​ដែល​២​នាក់​​ចាប់​ខ្លួន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ និង​ម្នាក់​ទៀត​​ចាប់​បាន​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ ។ តាម​ប្រភព​​ព័ត៌​មាន​ថា នៅ​បាត់​បក្ស​ពួក​ម្នាក់​ទៀត​ដែល​កំពុង​គេច​ខ្លួន​។ ព័ត៌​មានជំហាន​ដំបូង​ និង​មិន​ទាន់​យក​ជា​ផ្លូវ​ការ​បាន​នៅ​ឡើយ​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ថា ក្រុម​ជន​សង្ស័យ​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ចាប់​ខ្លួន​នេះ​ជា​ក្រុម​ចោរ​ប្លន់​ទូមាស​នៅ​ផ្សារ​តានី​កាល​ពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៨ ឧសភា​។ ផ្សារ​តា​នី​ស្ថិត​ក្នុង​ឃុំ​តានី ស្រុក​អង្គ​រជ័យ​​។

តាម​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ជិះ​ម៉ូតូ​៣​គ្រឿង​ និង​មាន​បក្ស​ពួក​ទាំង​អស់​៦នាក់​។ មុន​ពេល​ធ្វើ​សកម្ម​ភាព​​នោះ​ ​ម៉ូតូ​២​គ្រឿង​បាន​បើក​មក​ឈប់​ទល់​មុខ​តូប​របស់​​អាជីវ​ករ​ឈ្មោះ​ហ័រ​ ម៉ុង ភេទ​ប្រុស អាយុ​៧១​ឆ្នាំ​ ហើយ​ប្រាប់​ថា ពួក​គេ​ចង់​ដូរ​លុយ​១០​ដុល្លារ​ ។ ប៉ុន្តែ​នៅ​ពេល​បើក​​កែប​ម៉ូតូ​នោះ​មិន​មែន​យក​លុយ​មក​ដូរ​ទេ បែរ​ជា​ទាញ​យក​កាំ​ភ្លើង​មក​ភ្ជង់ និង​វាយ​បំបែក​ទូ​កញ្ចក់​ស្រវា​យក​លុយ និង​គ្រឿង​អលង្ការ​ដែល​បាន​ដាក់​តាំង​លក់ ។ ភ្លាមៗ​នោះ​ផង​ដែរ ​ទូ​មាស​២​​ទៀតនៅ​ក្បែរ​គ្នា​​ក៏​ត្រូវ​​​បក្ស​ពួក​ធ្វើ​សកម្ម​ភាព​ភ្ជង់​ប្លន់​​ដូច​គ្នា​។ អាជីវ​ករ​ដែល​រង​គ្រោះ​ដោយ​អំពើ​ប្លន់​ទាំង​កណ្តាល​ថ្ងៃ​នេះមាន​​ ១-ឈ្មោះ​នួន វិចិត្រ​ បាន​បាត់​បង់​មាស​ប្លាទីន​៣​តម្លឹង​ លុយ​អាមេរិក​៧០០​ដុល្លារ​ និង​លុយ​ខ្មែរ​២០​លាន​រៀល​, ២-ឈ្មោះ​ហ័រ​ ម៉ុង បាត់​បង់​មាស​៣​តម្លឹង​ លុយ​ខ្មែរ​១០​លាន​រៀល​ និង​លុយ​អាមេរិក​២.០០០​ដុល្លារ​ និង​៣-ឈ្មោះ​កែវ ភិរុណ បាត់​បង់​៥​លាន​រៀល​។ សូម​បញ្ជាក់​ថា ទូមាស​នេះ​មិន​មែន​ស្ថិត​នៅ​ក្នុង​ផ្សារ​ទេ គឺ​ជា​ការ​ដាក់​ទូ​ប្រកប​របរលក់ និង​ដូរ​ប្រាក់​​មុខ​លំនៅ​ឋាន​របស់ខ្លួន​នៅ​ជុំ​វិញ​ផ្សារ។

ក្រោយ​ពី​​ធ្វើ​ការ​ឆក់​ប្លន់​ហើយ ក្រុម​ចោរ​ក៏​បាន​ធ្វើ​ការ​បាញ់​រះ​គំរាម​ជា​ច្រើន​គ្រាប់​ផង​ដែរ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​មក​ទិស​ខាង​ជើង​តាម​ផ្លូវ​ជាតិ​លេខ​៣១។ ការ​តាម​ប្រមាញ់​យ៉ាង​ប្រកៀក​ប្រកិត​ភ្លាម​ៗ​​ ព័ត៌​មាន​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ត្រូវ​រាយ​ការណ៍​ថា ក្រុម​ជន​សង្ស័យ​បាន​ដូរ​មក​ជិះ​រថយន្ត​កាមរី​គូទ​​ហើម ពណ៌​ឈាម​ជ្រូក​ ដែល​ការ​ប្តូរ​មក​ជិះ​រថយន្ត​នេះ​មិន​ដឹង​ថា ក្រុម​ជន​សង្ស័យ​ប្តូរ​ទៅ​ចំណុច​ណា​ទេ។ តែ​បើ​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​​ស្រុក​កណ្តាល​ស្ទឹង​បាន​ឱ្យ​ដឹង​ថា ក្រុម​ជន​សង្ស័យ​៣​នាក់​បាន​ប្តូរ​រថយន្ត​មួយ​ឈុត​ទៀត ក្នុង​គោល​បំណង​បង្វែង​ដាន​សមត្ថ​កិច្ច​ដែល​កំពុង​តាម​ប្រមាញ់​ ដោយ​បាន​ប្តូរ​ពី​រថយន្ត​កាមរី​គូទ​ហើម ពណ៌​ឈាម​ជ្រូក នៅ​ចំណុច​វត្ត​បិទ​មាស ក្នុង​ឃុំ​ព្រែក​ស្លែង ហើយ​​ប្លុង​រថយន្ត​នោះ​ចោល​ក្នុង​វត្ត ឡើង​ជិះ​រថយន្ត​ម៉ាក​កូរ៉ូឡា​​១​គ្រឿង​ទៀត​ជិះ​គេច​ខ្លួន​។ ក្រុម​ជន​សង្ស័យ​ដែល​មាន​គ្នា​ចំនួន​៤​នាក់​គិត​រហូត​មក​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​ឱ្យ​ដឹង​ថា ចាប់​បាន​៣​នាក់​ហើយ​ ដែល​២​នាក់​ចាប់​បាន​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល និង​ម្នាក់​ចាប់​ខ្លួន​នៅ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។

ជា​មួយ​នឹង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​២​នាក់​នៅ​ស្រុក​កណ្តាល​ស្ទឹង សមត្ថ​កិច្ច​មិន​បាន​ផ្តល់​ព័ត៌​មាន​ណា​មួយ​ឱ្យ​ដឹងនៅ​ឡើយ​ទេ តែ​បើ​តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​ៗ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ប្តូរ​រថយន្ត ក្រុម​ជន​សង្ស័យ​បាន​បើក​គេច​តាម​ផ្លូវ​លេខ​២០B ជា​ផ្លូវ​ឆ្ពោះ​ទៅ​សាលា​ស្រុក​​កណ្តាល​ស្ទឹង បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ដែល​គ្មាន​ទឹក​នៅ​ភូមិ​ក្បាល​សេះ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាល​ស្ទឹង និង​បាន​ចាប់​ខ្លួន​ម្នាក់​ឈ្មោះ​ហៀម រិន អាយុ​៥០​ឆ្នាំ ដែល​មាន​របួស​ដោយ​សារ​ក្រឡាប់​រថយន្ត។ ឯម្នាក់​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រឡាយ​លេខ​៦៨ ក្នុង​ភូមិ​តាំង​ក្រូច សង្កាត់​ទៀន ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ​ដោយ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ចាប់​ឱ្យ​សមត្ថ​កិច្ច​ស្រុក​កណ្តាល​ស្ទឹង​ ​ឈ្មោះគឹម ចន្តា ហៅ វាសនា​ យ៉ាង​ប្រកិត។ ជន​សង្ស័យ​ម្នាក់​ទៀត​ក៏​ត្រូវ ចាប់​ខ្លួន​នៅ​​ខណ្ឌ​​ដង្កោ​ ឈ្មោះជា ឈុនហឺ ហៅ ស៊ីន សុភាព។

ទាក់​ទិន​នឹង​ចំនួន​ក្រុម​ជន​សង្ស័យ​ដែល​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៦​នាក់​នោះ តាម​ប្រភព​ខ្លះ​ថា ៣​នាក់​ទៀត​បាន​ជិះ​គេច​​ចូល​ទៅ​កាន់​ភូមិ​សាស្ត្រ​ស្រុក​ឈូក។ ចំណែក​ការ​រឹប​អូស​បាន​មាស ឬ​ប្រាក់​កាស​ដែល​ប្លន់​បាន​វិញ​ប៉ុន្មាន​នោះ​មិន​ត្រូវ​បាន​សមត្ថ​កិច្ច​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។ ព័ត៌​មាន​ខាង​លើ​គ្រាន់​តែ​ជា​ព័ត៌​មាន​ជំហាន​ដំបូង​ដែល​សមត្ថ​កិច្ច​មិន​ទាន់​បាន​ផ្តល់​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ជុំ​វិញ​ការ​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ប្លន់​ទូ​មាស​​ក្តៅ​ៗ​នេះ។ ទោះ​បី​ជា​បែប​ណា អាវុធ​ដែល​បាន​ដក​ហូត​មាន​​កាំភ្លើង​អាកា​ស្វាយ​បត់​២​ដើម និង​​កាំភ្លើង​ខ្លី​២​ដើម កា​៥៤ និង​កា៥៩៕

(នាយកឺប+វណ្ណៈ)