រាជធានីភ្នំពេញ ៖ អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សបានប្រកាសមិនចូលប្រជុំសភានៅវេលាថ្ងៃស្អែកនេះទេ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ឧសភា របស់គណបក្សសិទ្ធិមនុស្សដែលកោះសន្តិភាពទើបទទួលបាននៅវេលារសៀលថ្ងៃចន្ទនេះ ។ ការដែលគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោកកឹម សុខា នឹងធ្វើពហិការមិនចូលរួមប្រជុំសភានៅព្រឹកថ្ងៃអង្គារស្អែកនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិបានជូនដំណឹងថា នៅវេលាព្រឹកថ្ងៃទី១០ ឧសភា ២០១១ នេះ រដ្ឋសភានឹងប្រជុំដើម្បីពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ គឺទី១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីការអនុម័តយល់ព្រមលើអនុសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនប្រទេសទាំង៣ ។
សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សនឹងធ្វើពហិការពុំចូលប្រជុំឡើយ ព្រោះថាបញ្ហាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម មានបញ្ហាចម្រូងចម្រាស់ជាច្រើន ដែលពុំទាន់បានដោះស្រាយនៅឡើយ ។ កន្លងមក មានបណ្តឹងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដេនដោយបានអះអាងថា មានការបាត់បង់ដីស្រែចំការរបស់ពួកគាត់ជាច្រើនហិកតា ព្រោះតែការបោះបង្គោលព្រំដែនរវាងប្រទេសទាំង៣នេះ ។ គណបក្សសិទ្ធិមនុស្សយល់ឃើញថា រាល់សេចក្តីព្រាងច្បាប់ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ត្រូវតែមានការឯកភាពជាតិជាមុនសិន មុននឹងធ្វើការជជែកពិភាក្សាអនុម័ត ។
សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានពន្យល់ទៀតថា ការឯកភាពជាតិនោះមានន័យថា គណបក្សកាន់អំណាចត្រូវតែយកសំណើរបស់មហាជនដែលរងគ្រោះក៏ដូចជាសំណើរបស់គណបក្សសំឡេងភាគតិចទៅពិនិត្យពិចារណាផងដែរ។ ទាក់ទងទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សខាងលើនេះ កោះសន្តិភាពមិនទាន់អាចរកការសុំអត្ថាធិប្បាយតាមទូរស័ព្ទភ្លាមៗបាននៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់រដ្ឋសភា ក៏ដូចជាតំណាងរាជរដ្ឋាភិបាលដែលធ្វើកិច្ចការពាក់ព័ន្ធនឹងបញ្ហាព្រំដែន ៕
ចែករំលែកព័តមាននេះ