ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dele Alli ទម្លាយ​រឿង​ដ៏​ឈឺចា.ប់​ពី​កុមារភាព និង​ការ​ធ្លា.ក់​ចូល​វិប.ត្តិ​ផ្លូវចិ.ត្ត​ធ្ងន់ធ្ងរ

9 ខែ មុន

អង់គ្លេស ៖ ខ្សែបម្រើ Dele Alli របស់​ក្រុម​ស្ករ​គ្រាប់ Everton បាន​ចេញ​មុខ​ទម្លាយ​ការ​ពិត​អំពី​

អង់គ្លេស ៖ ខ្សែបម្រើ Dele Alli របស់​ក្រុម​ស្ករ​គ្រាប់ Everton បាន​ចេញ​មុខ​ទម្លាយ​ការ​ពិត​អំពី​កុមារភាព​ដ៏​ឈឺចាប់​របស់​ខ្លួន និង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ក្រោយ​ការ​បាក់ទឹកចិត្ត​អំពី​ជីវិត​បាល់ទាត់​មិនល្អ​របស់​ខ្លួន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ដ៏​រំជួលចិត្ត​មួយ ជាមួយនឹង​អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Gary Neville នៅ​ក្នុង​នោះ​ខ្សែបម្រើ Dele Alli បាន​រៀបរាប់​ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ ដែល​រូបគេ​បាន​រង​ទុក្ខ​កាលពី​កុមារភាព មុន​ពេល​ត្រូវ​បាន​គេ​យក​ទៅ​ចិញ្ចឹម​នៅ​អាយុ ១២​ឆ្នាំ​។ Alli បាន​និយាយ​ថា រូបគេ​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវភេទ​នៅ​អាយុ ៦​ឆ្នាំ ហើយ​ចាប់ផ្តើម​ចេះ​ជក់បារី​នៅ​អាយុ ៧​ឆ្នាំ និង​ក្លាយជា​អ្នក​ជួញដូរ​គ្រឿងញៀន​នៅ​អាយុ ៨​ឆ្នាំ​។

អតីត​ខ្សែបម្រើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​បច្ចុប្បន្ន​មាន​អាយុ ២៧​ឆ្នាំ បាន​បន្ត​ថា រូបគេ​បាន​ចំណាយពេល ៦​ស​ប្តា​ហ៍​ក្នុង​ការ​ស្តារ​នីតិសម្បទា រួម​ទាំង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ញៀន​ថ្នាំ​ងងុយគេង ដែល​រង​ទុក្ខ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

Dele Alli គឺជា​កីឡាករ​វ័យក្មេង​ដ៏​ទេព​កោសល្យ​ម្នាក់ ហើយ​ធ្លាប់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុម​តោ​កំណាច​អង់គ្លេស ដែល​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី និង​បាន​ជួយ​ក្រុម Tottenham ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រប​ខណ្ឌ UEFA Champions League នៅ​ក្នុង​ឆ្នាំ ២០១៩ ផង​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ទម្រង់​លេង​របស់​កីឡាករ​រូប​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​រូបគេ​បាន​ចាក​ចេញពី​ក្លិប Tottenham ទៅ​ចូលរួម​ជាមួយ Everton នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ មុន​ពេល​ត្រូវ​បាន Everton ឱ្យទៅ​ក្លិប Besiktas នៅ​ប្រទេស​តួ​ក​គី ខ្ចី​ជើង កាលពី​រដូវ​កាល​មុន ហើយ​បាន​វិល​ត្រឡប់​មក​កាន់ Everton វិញ នៅ​ជិត​បញ្ចប់​រដូវ​កាល ដោយសារ​តែ​របួស​។

Dele Alli បាន​ថ្លែងប្រាប់​កម្មវិធី The Overlap ថា «​នៅ​ពេល​ខ្ញុំ​ត្រឡប់​ពី​ប​តួ​ក​គី​វិញ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវការ​វះកាត់ ហើយ​ខ្ញុំ​ស្ថិត​ក្នុង​បញ្ហា​ផ្លូវចិត្ត​ទៅ​ហើយ​។ ខ្ញុំ​បាន​សម្រេចចិត្ត​ទៅ​កន្លែង​ស្តារ​នីតិសម្បទា​ទំនើប​សម្រាប់​សុខភាព​ផ្លូវចិត្ត ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការ​ញៀន​ថ្នាំ​ងងុយគេង សុខភាព​ផ្លូវចិត្ត និង​បញ្ហា​របួស​របស់ខ្ញុំ​»​។

កីឡាករ​កម្ពស់ ១.៨៨​ម៉ែត្រ​រូប​នេះ បាន​បន្ត​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា ដល់​ពេល​ហើយ ដើម្បី​បញ្ជាក់​ពី​ការ​ពិត​។ អ្នក​ត្រូវ​តែ​ដឹង និង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។ ខ្ញុំ​បាន​ធ្លាក់​ចូល​ក្នុង​វដ្ត​ដ៏​អាក្រក់​។ ខ្ញុំ​ភ្ញាក់​ពី​គេង​ជា​រៀងរាល់ថ្ងៃ ហើយ​ខ្ញុំ​កំពុង​ឈ្នះ​ការ​ប្រកួត ចូល​ហ្វឹកហាត់ ញញឹម បង្ហាញ​ថា ខ្ញុំ​សប្បាយចិត្ត ប៉ុន្តែ​ការ​ពិត ខ្ញុំ​ប្រាកដជា​ចាញ់​ការ​ប្រយុទ្ធ​នឹង​ការ​បាក់ទឹកចិត្ត ដូច្នេះ​វា​ដល់​ពេល​ហើយ ដែល​ខ្ញុំ​ត្រូវ​ផ្លាស់​ប្តូរ​»​។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លិប Everton បានឱ្យ​ដឹង​ថា គ្រប់​គ្នា​គោរព និង​សាទរ​ចំពោះ​ភាព​ក្លាហាន​របស់ Dele ក្នុង​ការ​និយាយ​អំពី​ការ​លំបាក ដែល​គេ​បាន​ជួប​ប្រទះ ក៏​ដូច​ជា​ស្វែងរក​ជំនួយ​ដែល​ត្រូវការ​ចាំបាច់​។ Dele នឹង​មិន​ធ្វើការ​សម្ភាសន៍​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​ស្តារ​នីតិសម្បទា​របស់​គេ​ទេ ហើយ​យើង​សុំ​ឱ្យ​ឯកជន​ភាព​របស់​គេ​ត្រូវ​បាន​គោរព ខណៈ​ពេល​ដែល​គេ​កំពុង​បន្ត​ការ​ព្យាបាល​របួស ហើយ​ទទួល​បានការ​ថែទាំ និង​ការ​គាំទ្រ​ពេញលេញ ដែល​ត្រូវការ​សម្រាប់​សុខុមាលភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​គេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ