ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានស្រាយបំភ្លឺ ពាក់ព័ន្ធទៅនឹងករណីម្ចាស់ហ្វេសបុកឈ្មោះ ស្រី ភា បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង១៦និង៥៧នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយចោទទៅលើលោកនាយប៉ុស្តិ៍នគរបាលសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានវាយលើខ្លួន និងដកហូតទូរស័ព្ទរបស់ខ្លួនហាមមិនឲ្យថត ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងដើមចម នៃដំណើររឿងថា ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨និង២០នាទីយប់ មានករណីហិ.ង្សាមួយ កើតរវាងក្មេងស្រីបង្កចំនួន០៣នាក់ បានវាយទៅក្មេងស្រីរងគ្រោះម្នាក់ នៅចំណុចស្ថានីយ៍ចាក់ប្រេង PTT ផ្សារជីភូ ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទើបក្មេងស្រីជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃអង្គុញ ។
ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក ខាងលើភ្លាមៗ រហូតដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ច ក៏បានអញ្ជើញភាគីទាំងសងខាង ដើម្បីចូលមកធ្វើការដោះស្រាយ និងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង។ ប៉ុន្តែចំពោះការដោះស្រាយសម្របសម្រួលនេះ ក្នុងចំណោមអាណាព្យាបាលរបស់ភាគីក្មេងស្រីបង្ក ចំនួន០២នាក់ បានយល់ព្រម ទទួលយកការដោះស្រាយសម្របសម្រួលរបស់សមត្ថកិច្ច ដោយឡែកអាណាព្យាបាលរបស់ភាគីបង្កម្នាក់ទៀត ដែលមានឈ្មោះ ភិន សុភា មិនព្រមទទួលយកការដោះស្រាយសម្របសម្រួលរបស់សមត្ថកិច្ចទេ រហូតដល់នៅវេលាម៉ោង១៤និង៣០នាទី ក៏មានឈ្មោះ ភិន សុភា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង (ម្ចាស់គណនីហ្វេសប៊ុក ស្រី ភា) ត្រូវជាម្តាយភាគីបង្ក បានហៅបងប្អូនស្រីប្រុសប្រហែល ១០នាក់ និងស្រែកជេរ ទៅទៅលើជនរងគ្រោះឈ្មោះ នួន នីសា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងថតវីដេអូជេរប្រមាទមកលើសមត្ថកិច្ចថា មិនដោះស្រាយ នៅក្នុងទីស្នាក់ការប៉ុស្តិ៍ ។
សមត្ថកិច្ច ក៏ធ្វើការហាមឃាត់កុំអោយស្រែកជេរ រួចដកហូតទូរសព្ទចេញ កុំអោយថតទៀត។ ពេលនោះឈ្មោះ ភិន សុភា បានចាប់ទាញកអាវ លោកនាយប៉ុស្តិ៍ រហូតដាច់ខ្សែរក ជ្រុះបណ្តោង (រួចស្រែកថា ប៉ូលិសវាយប្រជាពលរដ្ឋ ដូចមានក្នុងវីដេអូ) រួចឈ្មោះ ភិន សុភា បានយកខ្សែរក ដាក់ក្នុងហោប៉ៅខោ ហើយក៏មានឈ្មោះ អ៊ឹម ថុនា (បងប្អូនជីដូន១ របស់ឈ្មោះ ភិន សុភា) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានឡើងមកថតវីដេអូ ស្រែកជេរប្រមាថមកលើសមត្ថកិច្ចជាបន្តបន្ទាប់ ទោះបីសមត្ថកិច្ច ព្យាយាមធ្វើការហាមឃាត់ ក៏៏ពួកគេមិនព្រមស្ដាប់ដែរ។ បន្ទាប់មកក៏មានឈ្មោះ ភិន សុភ័ក្រ(បងបង្កើតរបស់ឈ្មោះ ភិន សុភា) ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ ឃុំជាមួយគ្នា បានឡើងមកលើប៉ុស្តិ៍ និងស្រែកជេរប្រមាថសមត្ថកិច្ចបន្ថែមទៀត ។
ដោយសេចក្តីអត់ធ្មត់ខ្ពស់របស់សមត្ថកិច្ច ក៏បានឲ្យភាគីទាំងអស់ ត្រឡប់ទៅមូលដ្ឋានវិញ រៀងខ្លួន រង់ចាំដោះស្រាយនៅពេលក្រោយ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជាក់ថា ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចថា បានប្រើអំពើហិ.ង្សា (វាយបែកមាត់) គឺមិនពិតទេ ។ ព្រោះសមត្ថកិច្ចបានព្យាយាមដោះស្រាយសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែបែរជាអាណាព្យាបាលរបស់ភាគីបង្ក ម្នាក់នោះ មិនព្រមទទួលយកដំណោះស្រាយ ថែមទាំងស្រែកឡូឡា បង្កការរំខាន ព្រមទាំងជេរប្រមាថមកលើសមត្ថកិច្ច និងរារាំងដល់កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនៅក្នុងទីស្នាក់ការប៉ុស្តិ៍ ថែមទៀតផង ។
បច្ចុប្បន្ន ចំពោះករណីហិង្សារវាងក្មេងៗខាងលើ សមត្ថកិច្ចជំនាញ កំពុងតែបន្តនីតិវិធីតាមច្បាប់ ចំណែកឯជនបង្កដែលស្រែកជេរប្រមាថមកលើសមត្ថកិច្ច និងបង្កហិ.ង្សាបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់សមត្ថកិច្ច មន្ត្រីសមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ផងដែរ ៕



ចែករំលែកព័តមាននេះ