ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តម៉ាសុីនឆុងកាហ្វេបង្កការឆេះហាងកាហ្វេទាំងស្រុង និងខាតគិតជាប្រាក់ជិត១ម៉ឺនដុល្លារ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​កាហ្វេ​មួយ​កន្លែង​យីហោ (21 May cafe) ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ដែល​បណ្ដាល​មក​ពី​ហេតុការណ៍​ឆ្លង​ចរន្ត​ភ្លើង​ម៉ាស៊ីន​ឆុង​កាហ្វេ ហើយ​ភ្លាម​ៗ​នោះ ម្ចាស់​បាន​ព្យាយាម​ពន្លត់​ដែរ…

រាជធានី​ភ្នំពេញ ៖ ហាង​កាហ្វេ​មួយ​កន្លែង​យីហោ (21 May cafe) ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ដែល​បណ្ដាល​មក​ពី​ហេតុការណ៍​ឆ្លង​ចរន្ត​ភ្លើង​ម៉ាស៊ីន​ឆុង​កាហ្វេ ហើយ​ភ្លាម​ៗ​នោះ ម្ចាស់​បាន​ព្យាយាម​ពន្លត់​ដែរ ប៉ុន្តែ​អត់​ឈ្នះ ។

បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង បាន​ចេញ​អន្តរាគមន៍​ពន្លត់​រហូត​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ប៉ុន្តែ​ហាង​កាហ្វេ​ទាំងមូល រួម​ទាំង​សម្ភារៈ​នៅ​ក្នុង​នោះ​ទាំងអស់ ត្រូវ​បាន​ក្លាយទៅជា​ចំណី​ភ្លើង​ទាំងស្រុង ហើយ​ការ​ខាតបង់​គិត​ជា​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី ខែកញ្ញា ឆ្នាំ​២០២៥ ហើយ​ហាង​កាហ្វេ​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង បណ្ដោយ​ផ្លូវ​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្តកំពត ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ហាង​កាហ្វេ (21 May cafe) នេះ​សាងសង់​ពី​ដែក​បាំងជញ្ជាំង​កញ្ចក់ និង​ប្រក់​ដំបូល​ស័ង្កសី​ស្នោ ដែល​មាន​ម្ចាស់​ឈ្មោះ ស្រ៊ី ពេជ្រ ភេទ​ប្រុស អាយុ​24​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ភ្នំពេញ ។

នៅ​មុន​ពេល​កើតហេតុ​ហាង​កាហ្វេ​មួយ​នេះ បាន​បើក​លក់​ជា​ធម្មតា តាំងពី​វេលា​ព្រឹក​ព្រលឹម រហូត​ដល់​វេលា​កើតហេតុ ស្រាប់តែ​មានការ​ឆ្លង​ចរន្ត​ភ្លើង​ម៉ាស៊ីន​ឆុង​កាហ្វេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បាន​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ ហើយ​ម្ចាស់​ហាង​បាន​ព្យាយាម​ពន្លត់​ដែរ​ភ្លាម​ៗ​ដែរ ដោយ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​មិន​បាន​រលត់​នោះ​ទេ ក៏​ឆេះ​រាល​ដល់​សម្ភារៈ​ផ្សេង នៅ​ក្នុង​ហាង រួម​ទាំង​ហាង​ទាំងមូល​យ៉ាង​ឆាប់រហ័ស​បំផុត ។

ដោយសារ​តែ​ឆេះ​លឿន​បែប​នេះ ម្ចាស់​ហាង​មិន​អាច​យក​អ្វី​ចេញ​បាន​សូ​ម្បី​តែ​បន្តិច​ឡើយ មិនតែប៉ុណ្ណោះ​ព្រោះតែ​មានការ​សោកស្ដាយ​ទ្រព្យសម្បត្តិ និង​រន្ធត់​ខ្លាំង​ពេក ម្ចាស់ផ្ទះ​បាន​អង្គុយ​ស្រែកយំ​ថា «​អើយ​! ឆេះ​អស់ហើយ » និង​មាន​អាកា​រៈ​ទន់​ជើង​ទន់​ដៃ​ស្ទើរតែ​ដួល​សន្លប់​ទៀត​ផង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​ខាងលើ​កើតឡើង កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច សង្កាត់​កន្ទោក និង​ខណ្ឌ​កំ​បូល​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ខណៈនោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ភ្លើង ។

ក្រុម​អ្នក​ពន្លត់ភ្លើង​បាន ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ប៉ុន្តែ​ហាង​កាហ្វេ​នេះ​បាន​រួម​ទាំង​សម្ភារៈ​គិត​ជា​ទឹកប្រាក់​សរុប​ជិត​១​ម៉ឺន​ដុល្លារ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ​ទាំងស្រុង ។ ទោះបីជា​បែប​ណា ពុំ​មាន​អ្នក​រង​របួស ឬ​ក៏​ស្លាប់​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ទេ ហើយ​ក៏​ពុំ​បាន​បណ្ដាល​ឲ្យ​ឆេះ​រាល​ដល់ទី​តាំង​ផ្សេង​ទៀត​ដែរ ព្រោះ​ហាង​កាហ្វេ​មួយ​នេះ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ