ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដេកពេទ្យ​លួច​ទូរ​ស័ព្ទ​អ្នកជំងឺ​និង​អ្នក​កំដរ​បាន​៤​គ្រឿង​ជាប់ជុច

5 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជន​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ បន្ទាប់​ពី​ជន​នេះ​លួច​ទូរស័ព្ទ​របស់​អ្នកជំងឺ និង​អ្នក​កំដរ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ទៀប​ភ្លឺ…

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជន​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ បន្ទាប់​ពី​ជន​នេះ​លួច​ទូរស័ព្ទ​របស់​អ្នកជំងឺ និង​អ្នក​កំដរ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ទៀប​ភ្លឺ ។

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ
លឹ​ម មាស​ម៉ា​រ៉ា អាយុ​៤៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ ជនសង្ស័យ​បាន​ចូល​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែកញ្ញា ២០២៥ ឃើញ​ឱកាសល្អ​ គ្រា​ដែល​អ្នកជំងឺ​និង​អ្នក​កំដរ​កំពុង​លង់លក់​ក្នុង​ដំណេក ជន​នេះ​ក៏​ឆ្លៀតឱកាស​ដើរ​លួច​ទូរស័ព្ទ​តាម​គ្រែ​អ្នកជំងឺ​និង​អ្នក​កំដរ​បាន​ចំនួន​៤​គ្រឿង រួច​ហើយ​គេចខ្លួន​ទៅ​បាត់ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ៖១-​ឈ្មោះ ខេ​ង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាត់​ទូរស័ព្ទ​១​គ្រឿង ។ ២-​ឈ្មោះ លឹ​ម សុង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាត់​ទូរស័ព្ទ​២​គ្រឿង ។៣-​ឈ្មោះ អ៊ុំ ស៊ិ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ជំទាវ​ស្រុក ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច បាត់​ទូរស័ព្ទ​១​គ្រឿង ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ជន​រង​គ្រោះ នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​កំណត់​មុខសញ្ញា និង​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ចាប់ខ្លួន​ជនសង្ស័យ​ដល់​លំនៅ​ឋាន និង​ដក​រហូត​វត្ថុ​តាង​ទូរស័ព្ទ​ទាំង​៤​គ្រឿង​មក​វិញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​ទាំង​៤​គ្រឿង​នោះ​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។ ចំណែក​ទូរស័ព្ទ​ទាំង​៤​គ្រឿង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ