ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lionel Messi និង​គ្រួសារ​ទៅ​ដល់​អា​មេ​រិ​ក ត្រៀម​ពិធី​បង្ហាញខ្លួន​ផ្លូវការ​ជាមួយ​ក្លិប​ថ្មី

9 ខែ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ឯកជន​ដឹក​កំពូល​ខ្សែប្រយុទ្ធ Lionel Messi រួម​ជាមួយ​ភរិយា និង​កូន​

សហរដ្ឋអាមេរិក ៖ យន្តហោះ​ឯកជន​ដឹក​កំពូល​ខ្សែប្រយុទ្ធ Lionel Messi រួម​ជាមួយ​ភរិយា និង​កូន​ពួក​គេ បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​នៅ​ក្នុង​ទីក្រុង Ft.Lauderdale នៃ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​១១ ខែកក្កដា ឆ្នាំ​២០២៣ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពិធី​បង្ហាញខ្លួន​ជា​ផ្លូវការ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្លិប Inter Miami នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆាប់​ៗ​ខាង​មុខ​នេះ​។

ក្លិប Inter Miami នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS ក៏​បាន​ធ្វើការ​ប្រកាស​បញ្ជាក់​ពី​ព្រឹត្តិការណ៍​ស្វាគមន៍​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ម្ចាស់​ពានរង្វាន់ FIFA World Cup 2022 រូប​នេះ ដែល​ត្រូវ​បាន​ហៅ​ថា «The Unveil» ហើយនឹង​ចាប់ផ្តើម​នៅ​ម៉ោង​៦:០០​នាទី​ល្ងាច​តទៅ (​ម៉ោង​នៅ​អា​មេ​រិ​ក​) នៅ​កីឡដ្ឋាន DRV PNK ខណៈ​ដែល​អ្នកទិញ​សំបុត្រ​ពេញ​មួយ​រដូវ​កាល​របស់ Inter Miami នឹង​អាច​ចូល​ទស្សនា​ពិធី​ស្វាគមន៍​ដ៏​ពិសេស​មួយ​នេះ ដោយ​ឥត​គិតថ្លៃ​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ពី​ទូរទស្សន៍​អា​ហ្ស​ង់​ទី​ន ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ Messi បាន​និយាយ​ថា រូបគេ​នឹង​ផ្តល់​គ្រប់យ៉ាង​សម្រាប់​ក្លិប Inter Miami ដែល​ឥឡូវនេះ បាន​បំបែក​កំណត់​ត្រា​អាក្រក់ ដោយ​មិន​អាច​រក​ជ័យជម្នះ​បាន ១០​ប្រកួត​ជាប់​ៗ​គ្នា បន្ទាប់​ពី​លទ្ធផល​ស្មើ ២-២ កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ជាមួយនឹង​ក្រុម DC United ។

ក្លិប Inter Miami មិន​ទាន់​បាន​ធ្វើការ​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅឡើយ​ទេ បន្ទាប់​ពី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយនឹង​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ដែល​បាន​ចំណាយពេល ២​រដូវ​កាល​ជាមួយ​ក្លិប PSG ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង Ligue 1 ក្រោយ​ចាក​ចេញពី​ក្លិប FC Barcelona​។

ជាមួយ​គ្នា​នោះ ក្លិប Inter Miami ដែល​មាន​លោក David Beckham អតីត​កំពូល​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​សហ​ម្ចាស់​ក្លិប​នោះ បាន​កំណត់​គោល​យក​ការ​ប្រកួត Leagues Cup នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ខាង​មុន​របស់​ខ្លួន​ជាមួយនឹង​ក្រុម Cruz Azul ដើម្បី​ជា​ថ្ងៃ​បង្ហាញខ្លួន​ប្រកួត​ដំបូង​របស់ Lionel Messi៕ (​ប្រភព​ពី ESPN FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ