គ្រោះថ្នាក់ចរាចរណ៍ពិតជាធ្លាក់ចុះ ប៉ុន្តែកុំភ្លេចថា វានៅតែជាឃា.តកដែលគ្មានស្រមោល ហើយអាចសម្លា.ប់ជីវិត ឬបង្កករណីរបួសពិការ និងខូចខាតទ្រព្យសម្បតិ្តដដែល ។ នៅក្នុងនោះ អ្វីដែលគួរតែយកចិត្តទុកដាក់ គឺអ្នកដែលចូលចិត្តធ្វើដំណើរពេលរាត្រីដោយស្ថិតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ច្រើន តែកើតមានពេលរាត្រីច្រើនជាងពេលថ្ងៃ ។

យោងតាមរបាយការណ៍ដែលប្រកាសដោយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុបទូទាំងប្រទេសចំនួន១.៥៤៨លើក នៅក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ច្រើនកើតមានឡើងខ្ពស់ហើយអត្រាស្លា.ប់ខ្ពស់ គឺនៅពេលយប់ ។
នៅក្នុងរយៈពេលនេះ អគ្គស្នងការនគរបាលជាតិបានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើង គឺច្រើនតែពេលយប់ ពោល គឺមានរហូតដល់៥៤ភាគរយ ដោយគ្រោះថ្នាក់ទាំងនេះបានបណ្តាលឲ្យមនុស្សស្លា.ប់សរុបរហូតដល់ទៅ៧៥៦នាក់ និងរបួស ២.០៧២នាក់ ក្នុងនោះរបួសធ្ងន់មានដល់ទៅ១.៣៣២នាក់ផងដែរ ។
ប្រភពដដែលបានបន្តថា មូលហេតុដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន ៣៩ភាគរយ បើកបរមិនគោរពសិទ្ធិ២៥ភាគរយ បត់១០ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ កត្តាយានយន្ត ៤ភាគរយ ស្រវឹង ៣ភាគរយ ងងុយ១ភាគរយ អាកាសធាតុ ១ភាគរយ និងភ្លើងសញ្ញា ១ភាគរយ ។

របាយការណ៍បានអោយដឹងទៀតថា ក្នុងចំណោមអ្នកស្លា.ប់មានអ្នកជិះម៉ូតូចំនួន ៨១ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣ភាគរយ ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក ។
គិតក្នុងឆមាសទី១ ឆ្នាំ២០២៣ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ ៦១លើក ស្មើ៤ភាគរយ ចំនួនអ្នកស្លា.ប់ថយចុះ១៨៦នាក់ ស្មើ២០ភាគរយ និងចំនួនអ្នករបួសថយចុះ១៦៣នាក់ ស្មើ៧ភាគរយ ។ របាយការណ៍បានកត់សម្គាល់អោយដឹងទៀតថា សភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់សរុបចំនួន២លាន៤សែនគ្រឿងដោយគ្រោះថ្នាក់កើតឡើង ១៤៣ករណី នៅក្នុងនោះគ្រោះថ្នាក់នៅពេលយប់៥២លើក ខូចខាតយានចំនួន ១៤៨គ្រឿង ស្លា.ប់ ០៣នាក់ របួស ៤៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ ក្នុងចំណោមអ្នកស្លា.ប់ជាអ្នកជិះម៉ូតូចំនួន៨១% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៣% ។

ការអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើងនៅពេលយប់នេះ វាពិតពីព្រោះ ពេលយប់ស្ថានភាពចរាចរណ៍ច្រើនតែស្រឡះ អ្នកបើកបរអាចបើកបរលឿន ហើយក៏កម្រនៅក្នុងការគ្រប់គ្រងល្បឿនផងដែរ ។ ម្យ៉ាងវិញទៀត អ្នកដែលបើកបរពេលយប់ ក៏មានភាគរយនៃ ការប្រើប្រាស់គ្រឿងស្រវឹងខ្ពស់ផងដែរ ។ ដូច្នេះវាងាយនឹងបើកបរមិនគោរពសិទ្ធិ បើកបរ ឬភ្លើងចរាចរណ៍ ហើយវាក៏អាចនឹងមានស្ថានភាពងងុយផងដែរ ។
ជាទូទៅភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ពេលរាត្រី គឺប្រសិនបើរវាងរថយន្តនិងម៉ូតូ គឺអត្រាគ្រោះថ្នាក់ដឹងតែខ្ពស់ដោយសារតែកត្តាខាងលើ ហើយករណីឃាត់ឬចាប់ជនបង្កក៏ទាបផងដែរ ខណៈដែលការបើកបរពេលថ្ងៃ គឺជាទូទៅអ្នកបើកបរប្រយ័ត្នប្រយែងមានការទទួលខុសត្រូវ ហើយ ការគោរពច្បាប់ចរាចរណ៍ ឬក៏ការប្រើប្រាស់គ្រឿងស្រវឹងក៏ទាប មានភាគរយតិចផងដែរ ។ ដើម្បីនឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព យើងខ្ញុំគិតថា យើងទាំងអស់គ្នាគួរតែលើកកំពស់ការគោរពច្បាប់ចរាចរណ៍បន្ថែមទៀត ហើយអ្នកបើកបរ ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយឡែកសម្រាប់អ្នកដែលបើកបរនៅពេលយប់ ដែលភាគរយ ចាប់ផ្តើមឃើញថា មានភាគរយកើនឡើងស្រាប់នោះ គឺសូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ពីព្រោះពេលយប់ ថ្វីត្បិតតែផ្លូវស្រឡះ តែវាងងឹតដូច្នេះ ប្រសិនបើយើងធ្វេស ប្រហែសបូករួមយើងទទួលទានគ្រឿងស្រវឹងបន្ថែមទៀតនោះ គឺវារិតតែហានិភ័យ ។

ជាចុងក្រោយយើងទាំងអស់គ្នានៅពេលដែលធ្វើដំណើរនៅលើទ្រូងផ្លូវមិនថា យប់ឬពេលថ្ងៃ ការប្រុងប្រយ័ត្ន គឺត្រូវតែជាចំណុចអតិភាពបំផុត បន្ទាប់មកកុំមើលស្រាលច្បាប់ចរាចរណ៍កុំព្រហើនហើយហ៊ានប្រថុយនឹងល្បឿនលើសច្បាប់កំណត់ ។ នៅពេលប្រើប្រាស់យានយន្តសូមឧស្សាហ៍ត្រូតពិនិត្យប្រព័ន្ធសុវត្ថិភាពយានយន្តមានប្រព័ន្ធហ្វ្រាំងជាដើមឲ្យបានហ្មត់ចត់កុំចេះតែអាង ហើយប្រើប្រាស់យានយន្តដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ ៕ ដោយៈ ហេង ចេស្តា
ចែករំលែកព័តមាននេះ