រាជធានីភ្នំពេញ ៖ កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរយើងមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា។ ការធ្វើដូច្នេះ បានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការស្នើសុំសេវានានា ក៏ដូចជា ការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មេរ។ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុកជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះ មិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលអត្តប្រយោជន៍ពីសេវាទាំងនោះ។

ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជា ពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់យកទៅប្រើប្រាស់ក្នុងការបោះ ឆ្នោត ក្រសួងមហាផ្ទៃបានប្រកាសកាលពីពេលថ្មីៗនេះ ណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការមួយចំនួន ដែលក្នុងនោះរួមមាន ៖ បង្កើតក្រុមការងារមួយ ដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករ កម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី និងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះ ជូនទៅសាមីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ។

ក្រសួងមហាផ្ទៃ ក៏បានណែនាំដល់អាជ្ញាធររាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅ ប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។

ជាមួយគ្នានោះ ក្នុងសេចក្តីប្រកាសក្រសួងមហាផ្ទៃ ក៏បានណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំឈប់យកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជា ក៏បានចេញលិខិតណែនាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គឺហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។
ក្រសួងមហាផ្ទៃ ក៏បានព្រមា.នថា ក្នុងករណីរកឃើញថា មានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករ កម្ចីជនបទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំណា នៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើជាវត្ថុបញ្ចាំទៀត គឺត្រូវជូនដំណឹងទៅធនាគារជាតិ ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ឬរដ្ឋបាលរាជធានីខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្តល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត។

ក្នុងករណីនេះ ប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវតែយល់ដឹងអំពីអត្តប្រយោជន៍ នៃអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជាពិសេសយោងតាមស្មារតីនៃមាត្រា១២៩ នៃច្បាប់ស្តីពីអត្រានុកូឡដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានចែងអំពីការមិនអនុញ្ញាតឱ្យយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្ស ( បញ្ចាំ… ) ឡើយ។
រីឯខាងគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ក៏ត្រូវតែកែប្រែលក្ខខណ្ឌរបស់ខ្លួន ព្រោះថា ការយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ពីអតិថិជនរបស់ខ្លួនធ្វើជាវត្ថុបញ្ចាំ គឺគ្រាន់តែចង់ដឹងពីអាសយដ្ឋានរបស់អតិថិជនតែប៉ុណ្ណោះ។ ដូច្នេះខាងគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ អាចតម្រូវឱ្យអតិថិជនយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ ទៅថតចម្លង ហើយយកទៅបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយ នៅតាមរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការថតចម្លងនោះ ហើយយកឯកសារថតចម្លងនោះ តម្កល់ទុក ព្រោះវាមានតម្លៃដូចឯកសារដើមដែរ។

ម្យ៉ាងទៀត ខាងគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ និងប្រជាពលរដ្ឋ ដែលជាអតិថិជនខ្ចីលុយ ក៏អាចសហការគ្នា ដោយនាំភ្នាក់ងារខាងគ្រឹះស្ថានហិរញ្ញវត្ថុ ទៅស្គាល់ផ្ទះ ឬកន្លែងធ្វើការ ហើយបើវាលុយច្រើន គឺត្រូវយកប្លង់ដី ឬកាតគ្រីម៉ូតូឡាន ធ្វើជាវត្ថុបញ្ចាំ ប្រសើរជាងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ។
ជាសរុបទៅ ដោយសារតែមានការណែនាំពីធនាគារជាតិផង និងពីក្រសួងមហាផ្ទៃផង ពាក់ព័ន្ធនឹងការហាមឃាត់ដាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើជាវត្ថុបញ្ចាំ គឺខាងគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ត្រូវតែឈប់ទទួលយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ច្បាប់ដើម ធ្វើជាវត្ថុបញ្ចាំ។ តែមានវិធី ដើម្បីជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចបានរៀបរាប់ខាងលើ។
រីឯប្រជាពលរដ្ឋ ដែលជាអ្នកខ្ចីលុយ ឬបង់រំលោះម៉ូតូ ទូរស័ព្ទ ឬទំនិញប្រើប្រាស់នានា ក៏ត្រូវយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ច្បាប់ដើមនោះ ទៅថតចម្លង ហើយយកទៅបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយ នៅតាមសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលសព្វថ្ងៃ មិនអស់ថ្លៃសេវាឡើយ។ ឯកសារថតចម្លង និងបញ្ជាក់នោះ មានតម្លៃស្មើនឹងច្បាប់ដើមដែរ៕ ដោយ ៖ មុត ស្រីពៅ
ចែករំលែកព័តមាននេះ