ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោឡោ​បាត់​ម៉ូតូ​៣​ថ្ងៃ លុះ​សមត្ថកិច្ច​ជួយ​ដើរ​រក​ឃើញ​វិញ គឺ​នៅ​កន្លែង​កើតហេតុ​លើ​ផ្លូវជាតិ​លេខ​១

9 ខែ មុន
  • ព្រៃវែង

ម៉ូតូ​១​គ្រឿង​ដែល​បុរស​ម្នាក់​ឆោឡោ រហូត​ទៅ​ដាក់​ពាក្យបណ្ដឹង ប្តឹង​សមត្ថកិច្ច​ថា បាត់​ម៉ូតូ​៣​ថ្ងៃ ខណៈ​ម្ចាស់​ស្រវឹងស្រា​ជិះ​ធ្លាក់​ចូល​ព្រៃ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដោយ​មិនដឹង​ថា តើ​ទៅ​ណា​នោះ​ទេ?

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​១​គ្រឿង​ដែល​បុរស​ម្នាក់​ឆោឡោ រហូត​ទៅ​ដាក់​ពាក្យបណ្ដឹង ប្តឹង​សមត្ថកិច្ច​ថា បាត់​ម៉ូតូ​៣​ថ្ងៃ ខណៈ​ម្ចាស់​ស្រវឹងស្រា​ជិះ​ធ្លាក់​ចូល​ព្រៃ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដោយ​មិនដឹង​ថា តើ​ទៅ​ណា​នោះ​ទេ?​។ ហើយ​ពេល​នេះ នគរបាល​មូលដ្ឋាន​បាន​រក​ឃើញ និង​បាន​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​ហើយ ខណៈ​ម៉ូតូ​មួយ​គ្រឿង​នោះ គឺ​ស្ថិត​នៅ​កន្លែង​ម្ចាស់​ម៉ូតូ​ដួល​បាត់បង់​ស្មារតី​តែ​ម្តង​។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ មាន​បុរស​ម្នាក់​ឈ្មោះ ឈុំ តយ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជី​អក ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ត្របែក ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣ ខ្លួន​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ភ្នំពេញ (​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​) ដោយ​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​ម្តុំ​ភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក លើ​ផ្លូវជាតិ​លេខ​១ ស្រាប់តែ​ងងឹតមុខ​ឈឹង ហើយ​ដួល​ម៉ូតូ​នៅ​ទីនោះ (​កន្លែង​កើតហេតុ​) តែម្តង លុះពេល​​មួយសន្ទុះ​ក្រោយ​ក៏​ដឹងខ្លួន​ឡើង​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​នោះ​ភ្លាម សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​កំពង់ត្របែក បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ភិនភាគ​ម៉ូតូ​១​គ្រឿង ដែល​បាត់​ដោយសារ​ម្ចាស់​ម៉ូតូ​ស្រវឹង​នោះ​។ លុះដល់​ថ្ងៃ​ទី​៨ ខែកក្កដា វេលា​ម៉ោង​១០​កន្លះ​ព្រឹក ពោល​គឺ​រំលង​បាន​៣​ថ្ងៃ សមត្ថកិច្ច​ក៏​បាន​ទៅ​រក​ឃើញ​ម៉ូតូ​នោះ​នៅ​កន្លែង​ដែល​ម្ចាស់​ម៉ូតូ​ដួល​ធ្លាក់​ក្នុង​ព្រៃ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩១ និង​៩២ ស្ថិត​ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

បន្ទាប់​មក សមត្ថកិច្ច​បាន​យក​ម៉ូតូ​មួយ​គ្រឿង​នោះ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ និង​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​។ ចំពោះ​មូលហេតុ គឺ​ក្រោយ​ពី​បុរស​រូប​នោះ​ស្រវឹង​បាត់បង់​ស្មារតី នៅ​ពេល​ដឹងខ្លួន​ក៏​ឆោឡោ​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង នេះ​សំណាង​ហើយ​ម៉ូតូ​នៅ​ក្នុង​ព្រៃ​៣​ថ្ងៃ ប៉ុន្តែ​មិន​ជួប​ចោ​.​រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ