ខេត្តកំពង់ស្ពឺ ៖ តូបជួលជុលម៉ូតូមួយខ្នងធ្វើអំពីស័ង្កសីដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ខណៈដែលម្ចាស់ផ្ទះជួលបានដុតសំរាមក្នុងដីឡូត៍រួចហើយក៏បានឆេះរាលដាលដល់តូបនោះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យ ប៉ុន្តែមិនអាចជួយបាន។
ហេតុការណ៍ម្ចាស់ផ្ទះដុតសំរាមរាលដាលឆេះតូបជួលធ្វើម៉ូតូ បានកើតឡើងកាលពីវេលាម៉ោង០១និង១៥នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា តូបជួសជុលម៉ូតូដែលអគ្គីភ័យបានលេបត្របាក់នេះមានទំហំ ប្រវែង៤ម៉ែត្រ គុណនិង៦ម៉ែត្រ ធ្វើអំពីស័ង្កសីដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី របស់ឈ្មោះ អ៊ុ វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ករណីនេះបង្កឱ្យរងការខូចខាតរួមមាន ៖
-ឆេះតូបជួសជុលម៉ូតូអស់ទាំងស្រុង
-ធុងទឹកកក ០១
-ធុងខ្យល់ ០១
-ប្រេងម៉ាស៊ីន ៦កេស
-សំបកកង់ម៉ូតូ ២០គូរ
-ខ្នងម៉ូតូតាំងបន្ទះ ២០គូរ
-ប៉ុស្តិ៍ផ្សា ០១។
នគរបាលស្រុកសំរោងទងបានបន្តថា នៅក្នុងករណីនេះមានការជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំឱ្យឆេះរាលដាលដល់អ្នកជិតខាង ដោយរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ០១គ្រឿង កម្លាំងនគរបាលនឹងប្រជាការពារ១៥នាក់ទឹកអស់១រថយន្ត។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា មូលហេតុដែល បណ្ដាលឱ្យអគ្គីភ័យឆេះតូបជួសជុលម៉ូតូបង្កឱ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃនេះគឺមកពីឈ្មោះ ប៊ិន ចាន់ថុល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសន្ដិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាម្ចាស់ដីឡូត៍ជាប់គ្នាបានដុតសំរាមក្បែរនោះហើយបានរាលឆេះរាលដាលដល់តូបនោះតែម្តងទៅ។ ចំពោះករណីខាងលើម្ចាស់ដីឈ្មោះ ប៊ិន ចាន់ថុល បានយល់ព្រមសងថ្លៃការខូចខាតឲ្យទៅឈ្មោះ អ៊ុ វិចិត្រ ជាអ្នកជួលតូបទាំងអស់៕



ចែករំលែកព័តមាននេះ