ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹក​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ប្រមាណ​១០​ម៉ឺន​នាក់ ក្រោយ​ស្ថានភាព​បទ​ឈប់​​បា​.​ញ់​បាន​អនុវត្ត

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនភៀសសឹក​ប្រមាណ​១០​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ក្រោយ​បទ​ឈប់​បាញ់​បាន​អនុវត្ត​មក គិត​ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ ជនភៀសសឹក​ប្រមាណ​១០​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ក្រោយ​បទ​ឈប់​បាញ់​បាន​អនុវត្ត​មក គិត​ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ។

ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា គិត​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦​នេះ វីរ​យុទ្ធ​ជន​កម្ពុជា និង​យោធា​ថៃ បាន​បន្ត​អនុ​វត្តបទ​ឈប់​បាញ់ ធ្វើ​ឱ្យ​ស្ថានភាព​ស្ងប់ស្ងាត់ ពលរដ្ឋ​ភៀស​សឹក​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ជា​បណ្តើរ​ៗ ជា ពិសេស វីរ​កងទ័ព​ទាំង​១៨​រូប បាន​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព ស្រប​តាមសេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​បើ​គិត​ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១ ខែមករា មាន​ជនភៀសសឹក​១០៣.១៧៧​នាក់ បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក​នៅ​សល់​សរុប​មាន​ចំនួន​៤០៩.១៨៦​នាក់ ក្នុង​នោះ ស្ត្រី ២១៤.៥២៥​នាក់ និង​កុមារ​១៣១.៤១៣​នាក់​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ការ​បន្ត​បិទ​ផ្អាក និង​ការ​ដំណើរការ​ឡើង​វិញ​សេវា​សាធារណៈ​ជា​មូលដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ មាន​សាលារៀន​៣២១ (​រដ្ឋ​២៣៧ ឯកជន​៨៤) និង​មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​៧ បន្ត​បិទ​ផ្អាក ខណៈ​សាលារៀន​៩ មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​១៥ និង​រដ្ឋបាល​នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់ បាន​ដំណើរការ​ឡើង​វិញ​។ ខេត្ត ព្រះ​វិហារ មាន​សាលារៀន​៦១ និង​មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​១៤ នៅ​បន្ត​បិទ​ផ្អាក ខណៈ​រដ្ឋបាល​នៅ​ថ្នាក់​ស្រុក​១ និង ឃុំ​ចំនួន​៦ បាន​ដំណើរការ​ឡើង​វិញ​។

ខេត្តឧត្តរមានជ័យ មាន​សាលារៀន​២១២ មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​១៤ រដ្ឋបាល​នៅ​ថ្នាក់​ខេត្ត​១ ក្រុង​-​ស្រុក​២ ឃុំ​-​សង្កាត់​៩ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​១ បាន​បន្ត​បិទ​ផ្អាក ខណៈ​សាលារៀន​៤៨ មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​៨ រដ្ឋបាល​ស្រុក​៤ អង្គភាព​កងកម្លាំង​មាន​សមត្ថកិច្ច​១០ រដ្ឋបាល​ឃុំ​១៨ និង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​២៣ បាន​ដំណើរការ​ឡើង​វិញ​។ ចំពោះ ខេត្តកោះកុង មាន​សាលារៀន​៦២ បាន​បើក​ដំណើរការ​ឡើង​វិញ ក្នុង ចំណោម​សាលារៀន​៦៦ ដែល​បាន​បិទ​ផ្អាក ។

ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ទៀត​ថា ផល​ប៉ះពាល់ និង​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត
ខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ស៊ី​វិល​គ្មាន​ថ្មី​នោះ​ទេ ។ ដូច្នេះ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ​មក ការ​ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន សរុប​រួម​មានផ្ទះ​២៧៧​ខ្នង អគារ​ស៊ី​វិល​ឯកជន​៧ អគារ​ស្នាក់​នៅ​/​សណ្ឋាគារ​៥ ស្ថានីយ​ប្រេង​១ រថយន្ត​៣៣​គ្រឿង ម៉ូតូ​១​គ្រឿង លាន​ទិញ​ដំឡូង​១ អគារ​ឃ្លាំងទំនិញ​១ បង្គោល​អង់​តែ​ន​ទូរ​សព្ទ​២ ជង្រុក​ស្រូវ​១ និង​សត្វពាហនៈ​/​សត្វព្រៃ​២​ក្បាល​។ ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ សរុប រួម​មាន សាលារៀន​១២ មណ្ឌល​សុខភាព​២ សំណង់​អគារ​១៧ វត្ត​អារាម​៥ សាលាឆទាន​១ រូបសំណាក​១ រថយន្ត​១​គ្រឿង ប្រាសាទបុរាណ​៤ ស្ពាន​៥ ផ្សារ​១ ផ្លូវ​៣ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​១​ទីតាំង​។

កិច្ច​អន្តរាគមន៍​រៀបចំផ្ទះ​សំបែង និង​ភូមិករ​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តឧត្តរមានជ័យ មាន​ពលរដ្ឋ​២០.៥១៧​គ្រួសារ ស្មើនឹង​មនុស្ស​ចំនួន​៧៣.៣៩៦​នាក់ បាន​វិល​ចូល​រស់នៅ​ក្នុងផ្ទះ​សំបែង​ឡើង​វិញ មាន​ភូមិ​ចំនួន​៨៤​ពុំ​ទាន់​អាច ឱ្យ​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​បាន និង​ភូមិ​ចំនួន​១៧២​ទៀត ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​រៀបចំផ្ទះ​សំបែង​ជូន​ពលរដ្ឋ​រួចរាល់ ។ ខេត្តបន្ទាយមានជ័យ មាន​ពលរដ្ឋ​ចំនួន​៣០.១៣២​គ្រួសារ ស្មើនឹង​មនុស្ស​ចំនួន​១១៣.៨៦៩​នាក់ និង​ខេត្តព្រះវិហារ មាន​ពលរដ្ឋ​៥.១៤៧​គ្រួសារ ស្មើនឹង​មនុស្ស​ចំនួន​១៤.៤២០​នាក់ បាន​វិល​ចូល​រស់នៅ​ក្នុងផ្ទះ​សំបែង​ឡើង​វិញ ។

ជា​រួម​ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់ បាន​កំពុង​បន្ត​យកចិត្តទុកដាក់​ពិនិត្យ និង​ដោះស្រាយ​កិច្ចការ​អាទិភាព​ជា​ច្រើន​ទៀត ដើម្បី​ធានា​ការ​វិល​មក រក​ប្រក្រតី​ភាព នៃ​សេវា​សាធារណៈ​ជា​មូលដ្ឋាន​នៅ​តាម​បណ្តា​ក្រុង ស្រុក និង​ឃុំ​-​សង្កាត់ ជា​ពិសេស​ក្នុង​ខេត្ត​ជាប់​ព្រំដែន ដែល​បាន​បិទ​ផ្អាក​ក្នុង​រយៈកាល​កន្លង​មក ។ ជាមួយ​គ្នា​នេះ ក៏​បាន​និង​កំពុង​ខិតខំ​បង្ក​លក្ខណៈ​ជូន​ជនភៀសសឹក​ឆាប់ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ប្រកបដោយ​សុវត្ថិភាព​។ ក្នុង​នោះ​រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​សម្រាប់ ផ្ទះសំបែង និង​ភូមិករ​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ទន្ទឹម​នឹង​ការ​ពិនិត្យ​និង​បន្ត ហាមឃាត់​ការ​បង្ហោះ​អាកាសយាន​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​) គ្រប់​ទីកន្លែង គ្រប់​ពេលវេលា រហូត​ដល់​មានការ​ណែនាំ​ថ្មី​។

ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​គាំទ្រ​ជំហរ​ដ៏​មោះមុត និង​ច្បាស់លាស់​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​គូសបញ្ជាក់​ថា ការ​អនុ​វត្តបទ​ឈប់​បាញ់ មិនមែន​ជា​ការ​ចុះចាញ់ ឬ​យក​បូរណភាព​ទឹកដី និង អធិបតេយ្យ​ជាតិ ទៅ​ដោះ​ដូរ​យក​សន្តិភាព​នោះ​ឡើយ ដោយ​សង្កត់ធ្ងន់​ថា ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ នៅ​តែ​កំណត់​ដោយ​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​មាន​ស្រាប់ ដែល​កម្ពុជា​នៅ​តែ​រក្សា​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ ដោះស្រាយ​បញ្ហា​ព្រំដែន​អនុលោម​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង​យន្តការ​ទ្វេភាគី​ជា​ធរមាន​ទាំងឡាយ ។

ក្រសួងមហាផ្ទៃ​ក៏​សូម​ជនរួមជាតិ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដោយ​រួបរួម​ស្មារតី​ជាតិខ្មែរ​តែ​មួយ ចៀសវាង​ចាញ់​ឧបាយកល​ឃោសនា ញុះញង់​ពី​ក្រុម​ជ្រុលនិយម​ណាមួយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រ “​ស្ងាត់​តែ​មិន​ស្ងៀម » ដោយ​សន្តិវិធី​តាម​ផ្លូវច្បាប់ និង​ការទូត ។ ជាក់ស្តែង យុទ្ធសាស្ត្រ «​ស្ងាត់​តែ​មិន​ស្ងៀម​» បាន​នាំ​មក​នូវ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​វីរ​កងទ័ព​កម្ពុជា​ទាំង​១៨​រូប ប្រកបដោយ​មោទកភាព ដែល​ក្រសួងមហាផ្ទៃ​មាន​ក្តី​ស្ញប់ស្ញែង​យ៉ាង​ក្រៃ​លែង​បំផុត​ទាំង​មាគ៌ា​ដឹកនាំ​របស់ រាជរដ្ឋាភិបាល និង​សន្ទុះ​មនសិការ​ជាតិ​របស់​ប្រជាពលរដ្ឋ ពេល​ទទួល​ស្វាគមន៍​ដំណើរ​ត្រឡប់​របស់​វីរ​កងទ័ព ដូច សម្តេច តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ក្នុង​ពិធី​ជួប​សំណេះសំណាល​វីរ​កងទ័ព​ទាំង​១៨​រូប នា​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ អំពី​អត្ថន័យ​កម្លាំង​មហា​សាមគ្គី​ជាតិ ដែល​កាន់តែ​ផុស​ខ្ពស់ត្រដែត​ចេញពី​កូន​ខ្មែរ​គ្រប់​ទិស​ទី ។

ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​គោរព​ថ្លែងអំណរគុណ និង​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​យ៉ាង​ត្រឹមត្រូវ ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស កាន់តែ​ទទួល​បាន​អារម្មណ៍​កក់ក្តៅ ដែល​មាន​ប្រតិបត្តិ​ករ គឺ​វីរ​យុទ្ធ​ជន​ជួរ​មុខ ឈរជើង​យ៉ាង​រឹង​មាំ​អង់អាច​ជា​ជ័យ រយៈពេល​២០​យប់​២១​ថ្ងៃ ការពារ​អធិបតេយ្យ​ជាតិ និង​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ