ខេត្តត្បូងឃ្មុំ-ក្រចេះ : កំពង់ចម្លងព្រែកឆ្លូងតូចមួយដែលពលរដ្ឋកំពុងតែដំណើរការធ្វើអាជីវកម្មរាល់ថ្ងៃដោយរៀបចំដាក់ប្រដឹសឬស្សីឆ្លងពីត្រើយម្ខាងទៅក្រោយម្ខាងគឺឃុំរំចេកស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកកាន់ត្រើយម្ខាងទៀតនៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដែលអាចរកចំណូលបានបន្តិចបន្តួចសម្រាប់ដោះស្រាយឆ្នាំងបាយ ហើយនៅតំបន់នេះជាកន្លែងមួយឆ្ងាយចុងកាត់មាត់ញកមានមនុស្សឆ្លងកាត់ទៅវិញទៅមកមួយៗបានត្រឹមតែម៉ូតូប៉ុណ្ណោះកំពុងមានបញ្ហា។
បើតាមឈ្មោះលី អ៊ីសាក់ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរំចេកឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានរៀបរាប់ឲ្យដឹងនារសៀលថ្ងៃទី១ មករា ឆ្នាំ ២០២៦ថា ពីមុនមកព្រែកឆ្លូង ដែលមានព្រំប្រទល់រវាងឃុំរំចេក-ឃុំដំរីផុង ដោយនៅតំបន់ដាច់ស្រយាលមួយនេះអ្នកភូមិបានប្រើប្រាស់ទូកតូចៗ ដឹកត្រីឬបន្លែយកទៅលក់នៅតាមភូមិដើម្បីគ្រាន់នឹងបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព។
ដោយមើលឃើញបែបនេះក៏បានធ្វើទូកដរធំល្មមអាចដឹកមនុស្សបានច្រើននាក់រួមទាំងកង់-ម៉ូតូ ហើយបើឆ្លងម្ដងម៉ូតូមួយគ្រឿងមនុស្សពីរនាក់យកតម្លៃ១៥០០រៀល ជាមធ្យមក្នុងមួយថ្ងៃអាចរកបាន៣ទៅ ៤ម៉ឺនរៀលប៉ុណ្ណោះ។ និយាយរួមគឺរកលុយបានតែនៅក្នុងរដូវប្រាំងប៉ុណ្ណោះ ។ លុះដល់ ពេលខែមេសានិងឧសភា ព្រែកឆ្លូងនេះនឹងត្រូវទឹកជន់លិចមិនអាចឆ្លងបានទៀតទេគឺមានតែប្រើដរទទឹងសម្រាប់ជិះឆ្លង។
ឈ្មោះអ៊ីសាក់ បានរៀបរាប់ឲ្យដឹងទៀតថា ដោយសារតែមានការព្រួយបារម្ភខ្លាចគេថាអញ្ចេះថាអញ្ចុះទើបធ្វើលិខិតមួយច្បាប់មកលោកស្រេង លី អភិបាលស្រុកមេមត់ ចុះថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២៥ ដោយបានអនុញ្ញាតឱ្យរូបគេដាក់ទូកចម្លងអ្នកធ្វើដំណើរឆ្លងកាត់ព្រែកឆ្លូង រវាងកំពុងចម្លងភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លង ខេត្តក្រចេះនិងកំពង់ចម្លងភូមិរំចេកឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមពាក្យសុំ។
ក្រោយមកទៀតឈ្មោះអ៊ីសាក់ បានយកលិខិតនេះតាមរយៈលោកមេភូមិបល្ល័ង្គដើម្បីយកទៅជូនលោកអភិបាលស្រុកឆ្លូងចាស់ ពិនិត្យមើលដើម្បីជួយសម្រួលដល់កិច្ចការទាំងនេះ គ្រានោះលោកអភិបាលស្រុកឆ្លូង បានលើកឡើងថាកិច្ចការនេះមិនបាច់មកដល់ស្រុកទេគឺធ្វើត្រឹមតែឃុំដំរីផុងបានហើយ។
ការប្រាស្រ័យទាក់ទងគ្នារវាងអ្នកស្នើសុំជាមួយនឹងមេឃុំដំរីផុងចាស់ គឺមិនមានបញ្ហាណាមួយកើតឡើងម្ដងណាទេ ។ រាល់ពេលដែលមានការស្នើសុំជួយថវិកាឬស៊ីម៉ង់ត៌ កសាងសាលាឃុំគឺម្ចាស់ទូកដរបានរួមចំណែកថវិកាខ្លះដើម្បីជួយដល់កិច្ចការសង្គម សូម្បីតែរដ្ឋបាលស្រុកឆ្លូងត្រូវការសាងសង់អ្វីមួយក៏បានរួមចំណែកជួយផងដែរ ទៅតាមថវិកាដែលរកបាន។ ស្រាប់តែមកដល់ថ្ងៃទី៣០ខែធ្ន ឆ្នាំ២០២៥ លោកស្រីគង់ លឹមហូ អភិបាលស្រុកឆ្លូងឡើងថ្មីបានចេញលិខិតមួយច្បាប់ផ្ញើមកឱ្យម្ចាស់ទូកចម្លងនេះបញ្ឈប់រាល់សកម្មភាពមធ្យោបាយចម្លងធ្វើអាជីវកម្មនៅព្រែកឆ្លូង។
តាមពិតទៅគាត់មានចម្ងល់ជាខ្លាំងចុះហេតុដូចម្ដេចបានជារដ្ឋបាលស្រុកឆ្លូងមិនដែលផ្ញើលិខិតលាយល័ក្ខណ៍អក្សរណែនាំមកដល់រូបគាត់ ដោយតម្រូវធ្វើបែបនេះបែបនោះគឺមិនមានទាល់តែសោះ។
បើនិយាយពីផ្លូវច្បាប់វិញគឺគាត់គោរពនិងខ្លាចណាស់រឿងច្បាប់មិនអាចរំលងបានទេ។តែហេតុអីបានជារដ្ឋបាលស្រុកឆ្លូងដាក់វិនិយោគកំពង់ចម្លងតូចមួយនេះទៅឲ្យបុគ្គលផ្សេងវិញ គឺឈ្មោះឡេះ ប៉ា់ទ្រី ដែលជាបុគ្គលម្នាក់មិនមានទីលំនៅក្នុងភូមិបល្ល័ង្គឃុំដំរីផុង ស្រុកឆ្លូងនេះទេ ដែលបានមកវិនិយោគកំពង់ចម្លងព្រែកឆ្លូងចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០២៦ សូម្បីតែទូកនិងសម្ភារៈក៏មិនមានដោយបុគ្គលនេះបានសុំទិញទូកនិងសម្ភារៈពីឈ្មោះសាក់ទៅវិញ ។ មិនតែប៉ុណ្ណោះអ្នកវិនិយោគរូបនេះលើកឡើងថាបើចង់រកស៊ីបន្តទៀតគឺឲ្យទិញឈ្មោះពីគេ(ប៉ាត់ទ្រី) ដើម្បីធ្វើអាជីវកម្ម។ មួយវិញទៀតតំបន់នេះនៅឆ្ងាយសូម្បីតែភូមិបល្ល័ងក៏មិនមានអគ្គិសនីប្រើប្រាស់ដូចគេឯងឡើយ។ សង្ស័យអ្នកថ្មីទៅដល់មុនឈ្នះទេដឹង?…ហេ! ហេ!
អ្នកស្រីគង់ លីមហូអភិបាលស្រុកឆ្លូងបានប្រាប់តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី១ខែមករា ឆ្នាំ២០២៦ ថា អ្នកដែលធ្វើអាជីវកម្មកំពង់ចម្លងព្រែកឆ្លងឈ្មោះអុីសាក់ គឺមិនដែលមានការទំនាក់ទំនងជាមួយនឹងលោកស្រីនោះទេ។ ហើយការដាក់វិនិយោគទុននេះគឺមន្ទីរហិរញ្ញវត្ថុខេត្តបានធ្វើការប្រជុំនិងបានឯកភាពឱ្យធ្វើការវិនិយោគរាល់ផ្សារនិងកំពង់ចម្លង។ជាមួយនោះរដ្ឋបាលស្រុកឆ្លូងបានទទួលស្គាល់ពុំដែលបានធ្វើលិខិតណែនាំប្រាប់ទៅដល់ឈ្មោះអុីសាក់នោះទេ និយាយមិនបានវែងឆ្ងាយអ្នកស្រីថាជាប់រវល់ចែកអំណោយក៏បិទទូរស័ព្ទទៅ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ