ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ថែម​ពន្ធ ៥៥% លើ​ការ​នាំ​ចូល​សាច់​គោ​លើស​កូតា ដើម្បី​ការពារ​ឧស្សាហកម្ម​ក្នុងស្រុក

16 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​ពន្ធគយ​បន្ថែម ៥៥% លើ​ការ​នាំ​ចូល​សាច់​គោ​ពី​ប្រទេស​មួយ​ចំនួន…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​ពន្ធគយ​បន្ថែម ៥៥% លើ​ការ​នាំ​ចូល​សាច់​គោ​ពី​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រេ​ស៊ី​ល អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​លើស​កូតា ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ហើយ​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ ក៏​ដើម្បី​ការពារ​ឧស្សាហកម្ម​ក្នុងស្រុក​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP ។

ក្រសួងពាណិជ្ជកម្ម​ចិន បាន​លើក​ឡើង​ថា កូតា​នាំ​ចូល​សរុប​ឆ្នាំ ២០២៦ សម្រាប់​ប្រទេស ស្ថិត​ក្រោម​វិធានការ​ថ្មី​របស់​ខ្លួន​គឺ ២,៧ លាន​តោន ស្រប​នឹង​កំណត់​ត្រា ២,៨៧ លាន​តោន ដែល​ខ្លួន​នាំ​ចូល​សរុប​កាលពី​ឆ្នាំ ២០២៤​។ កម្រិត​កូតា​ប្រចាំឆ្នាំ​ថ្មី ទាប​ជាង​កម្រិត​នាំ​ចូល​សម្រាប់​រយៈពេល ១១ ខែ​ដំបូង ឆ្នាំ​មុន សម្រាប់​ប្រទេស​ផ្គត់ផ្គង់​កំពូល​ប្រេ​ស៊ី​ល និង​អូស្ត្រាលី​។

ក្រសួង​បាន​បញ្ជាក់​ក្នុង​ការ​ប្រកាស​វិធានការ​នេះ បន្ទាប់​ពី​ការ​ស៊ើបអង្កេត ដែល​បាន​ចាប់ផ្តើម​កាលពី​ខែធ្នូ ឆ្នាំ​មុន​បង្ហាញ​ថា ការ​កើនឡើង​បរិមាណ​សាច់​គោ​នាំ​ចូល​បាន​ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​របស់​ចិន​។ តាម​រយៈ​វិធានការ​ថ្មី​នេះ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ សម្រាប់​រយៈពេល ៣ ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០២៨ ដោយ​កូតា​សរុប​ត្រូវ​បាន​កំណត់​ឱ្យ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ដូច្នេះ​មាន​ន័យ​ថា ប្រទេស​ទាំងអស់​ត្រូវ​បាន​កំណត់​ការ​នាំ​ចូល​ប្រចាំឆ្នាំ ហើយ​សាច់​គោ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន​នឹង​ត្រូវ​យកពន្ធ​បន្ថែម ៥៥% បើ​ការ​នាំ​ចូល​លើស​ពី​កូតា​។

ការ​នាំ​ចូល​សាច់​គោ​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ០,៣% ក្នុង​រយៈពេល ១១ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ មក​នៅ​ត្រឹម ២,៥៩ លាន​តោន​ប៉ុណ្ណោះ​។ អ្នកវិភាគ​ជាន់ខ្ពស់​ក្រុមហ៊ុន Beijing Orient Agribusiness Consultants បាន​លើក​ឡើង​ថា ការ​នាំ​ចូល​សាច់​គោ​របស់​ចិន​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០២៦ ដោយសារ​តែ​វិធានការ​នេះ​។

សម្រាប់​ឆ្នាំ ២០២៦ ប្រទេស​ប្រេ​ស៊ី​ល​មាន​កូតា​នាំ​ចូល​ចំនួន ១ លាន​តោន ខណៈ​ដែល​អា​ហ្ស​ង់​ទី​ន​មាន​កម្រិត​កំណត់​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​នោះ​។ អូស្ត្រាលី​ប្រឈម​មុខ​នឹង​កូតា​ប្រហែល ១៨១ ០០០ តោន និង​សហរដ្ឋអាមេរិក ១៤០ ០០០ តោន​។

ក្រសួង​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ខ្លួន​កំពុង​ផ្អាក​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អូស្ត្រាលី​ដែល​គ្របដណ្តប់​លើ​សាច់​គោ​។ អ្នកនាំពាក្យ​ម្នាក់​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ថា ការ​អនុវត្ត​វិធានការ​ការពារ​លើ​សាច់​គោ​នាំ​ចូល គឺ​មាន​បំណង​ជួយ​ឧស្សាហកម្ម​ក្នុងស្រុក​ឱ្យ​ឆ្លងកាត់​ការ​លំបាក​ជា​បណ្តោះអាសន្ន មិនមែន​ដើម្បី​រឹតត្បិត​ពាណិជ្ជកម្ម​សាច់​គោ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ