នៅឆ្នាំ២០២៤ខាងមុខ អ្នកដែលប្រើប្រាស់រថយន្តអគ្គិសនីនៅថៃ អាចនឹងទទួលការអនុគ្រោះពន្ធ ដែលមានតម្លៃរហូតដល់ទៅជាង៤០០០ដុល្លារនៅក្នុងមួយគ្រឿង នៅក្នុងផែនការដើម្បី លើកកម្ពស់ និងជំរុញការប្រើប្រាស់យានយន្តដែលមានគុណតម្លៃខាងផ្នែកបរិស្ថាននេះ ប៉ុន្តែនៅកម្ពុជា ទំនងជានឹងមិនមានការអនុគ្រោះបែបនេះទេ មើលទៅ។

ដើម្បីបង្កើន និងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេស ក្រុមប្រឹក្សា គោលនយោបាយយានយន្តអគ្គិសនីរបស់ថៃ ត្រូវបានគេដឹងថា កំពុងតែជំរុញឱ្យរដ្ឋាភិបាលថៃ ថ្មី ដែលនឹងបង្កើតនៅពេលឆាប់ៗ ប្រញាប់អនុម័តកញ្ចប់គាំទ្រ និងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនី។
ក្រុមប្រឹក្សានេះ បានអះអាងថា កញ្ចប់គោលនយោបាយនេះ ហៅថា «EV 3.5» ដែលរួមបញ្ចូលទាំងការផ្តល់ការបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនី ដែលបាននាំចូល ការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី ក៏ដូចជាការផ្តល់ការលើកទឹកចិត្ត ដើម្បីជំរុញការវិនិយោគ នៅក្នុង ឧស្សាហកម្មយានយន្តនេះផ្សេងៗទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ណាត់ថាពុល រាំងសិទ្ធិពុល ( Nattapol Rangsitpol) អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្ម បានត្រូវសារព័ត៌មាន the Nation ដកស្រង់សម្ដីថា ប្រសិនបើរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាភិបាលនេះនៅដដែលនោះ ក្រុមប្រឹក្សាភិបាលនឹងស្នើកញ្ចប់វិធានការ EV 3.5 ទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីអនុម័ត ដោយនៅក្នុងនោះ អ្នកដែលប្រើប្រាស់រថយន្តអគ្គិសនីនៅថៃ អាចទទួលបានការបញ្ចុះតម្លៃ រហូតដល់ ១៥០.០០០បាត ឬជាង៤.០០០ពាន់ដុល្លារ នៅក្នុងរថយន្តមួយគ្រឿង ហើយតាមការរំពឹងទុកនៅក្នុងឆ្នាំនេះ ថៃនឹងមានរថយន្តអគ្គិសនីចុះបញ្ជីថ្មី រហូតដល់ទៅ ៦០.០០០ គ្រឿង។

ខណៈដែលកញ្ចប់អនុគ្រោះនេះ នៅមិនទាន់អនុម័តផង គេដឹងថា ចំនួនរថយន្តអគ្គិសនីដែល បានចុះបញ្ជី និងប្រើប្រាស់នៅក្នុងប្រទេសថៃកាលពីឆ្នាំ២០២២ មានចំនួនសរុបរហូតដល់ទៅ ៧២.១៥៨គ្រឿង ហើយគ្រាន់តែនៅខែមករា ឆ្នាំ២០២៣នេះ មានរថយន្តអគ្គិសនីចុះបញ្ជីថ្មីរហូតដល់ទៅ ១៣.៣៥៥ គ្រឿង ខណៈដែលថៃ មានផែនការកសាងកន្លែងស្ថានីយសាកអាគុយដល់រថយន្តអគ្គិសនីទាំងនេះ រហូតដល់ទៅ ១២.០០០ កន្លែង។

នៅកម្ពុជា យើងមានការលើកទឹកចិត្តឲ្យប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ហើយគេដឹងថា រថយន្តអគ្គិសនីទាំងអស់ដែលកំពុងតែមានវត្តមាននៅកម្ពុជា គឺនាំចូលដោយក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណសរុប១០ ដែលរួមមាននាំចូលដោយក្រុមហ៊ុនចិន ដូចជា ៖ BYD, ក្រុមហ៊ុន LETIN, ក្រុមហ៊ុន HONGQI, ក្រុមហ៊ុន WULING, ក្រុមហ៊ុន LEVDEO, និងក្រុមហ៊ុនផ្សេងទៀត ដែលរួមមានដូចជា ៖ E-GREEN ក្រុមហ៊ុន TESLA ក្រុមហ៊ុន BMW ក្រុមហ៊ុន JAC ក្រុមហ៊ុន JAGUAR ជាដើម ប៉ុន្តែកម្ពុជា នៅមានឧបសគ្គជាច្រើននៅលើវិថីនៃការលើកទឹកចិត្តឲ្យប្រើប្រាស់រថយន្តអគ្គិសនីនេះ។
នៅពេលនេះកម្ពុជា ទើបតែមានស្ថានីយសាកអាគុយអគ្គិសនីទាំងនេះត្រឹមតែជាង១០កន្លែងប៉ុណ្ណោះ ដោយឡែកគម្រោងបង្កើតការសាងសង់រហូតដល់២០០កន្លែងគឺមានត្រឹមតែនៅក្នុងការប្រកាស និងផែនការ ប៉ុន្តែធាតុពិត គឺនៅមិនទាន់មានដំណឹង ខណៈដែលតម្លៃវិញក៏គួរសមដែរ ពោលគឺតម្លៃចាប់ពីជិត២ម៉ឺនដុល្លារ រហូតដល់ជិត២០ម៉ឺនដុល្លារ ដូច្នេះហើយបានសន្ទុះនៃកំណើន គឺមិនអាចប្រៀបនឹងប្រទេសជិតខាងបាន ។

តាមតួរលេខពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចំនួនរថយន្តអគ្គិសនី នៅកម្ពុជា ទើបតែមានប្រមាណជាជិត១០០០គ្រឿងប៉ុណ្ណោះ ។ ការប្រើប្រាស់រថយន្តប្រភេទនេះ បើមើលពីកំណើនប្រចាំឆ្នាំ គឺកើនឡើងខ្ពស់ តែបើធៀបនឹងចំនួនរថយន្តទូទៅនៅក្នុងប្រទេស គឺភាគរយមិនដល់១ភាគរយផង ។
ពាក់ព័ន្ធនឹងគោលនយោបាយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនេះ កន្លងមក កម្ពុជា ធ្លាប់បានចងក្រង និងរៀបចំហើយដែរ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា គោលនយោបាយនេះ រៀបចំដល់ណានៅឡើយទេ ហើយតើនឹងមានគោលការណ៍បញ្ចុះថ្លៃ ឬក៏អត់នោះទេ?។

សរុបមកវិញ ប្រសិនបើចង់ជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ឲ្យផុលផុសបន្ថែមទៀតនោះ កម្ពុជានៅត្រូវការរៀបចំ និងដាក់ចេញគោលនយោបាយបន្ថែមជាច្រើនទៀត ពីព្រោះភាគរយនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសនៅទាបខ្លាំង។ ក្រៅពីការបញ្ចុះថ្លៃ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ហើយនោះ អ្នកជំនាញកម្ពុជា ក៏គួរតែគិតគូរដល់បញ្ហាកាកសំណល់នៃរថយន្តទាំងនេះផងដែរ ជាពិសេសគឺអាគុយរបស់វាដែលសុទ្ធតែជាវត្ថុដែលអាចនឹងបង្កផលប៉ះពាល់ដល់បរិស្ថាន៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ