ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​ហ្វេ​ស​ប៊ុ​ក​កំពុង​មានរឿង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គេ​រំពឹង​ថា នឹង​មានកំណើត​ទៅ​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង ជា​ពិសេស គឺ​តេ​លេ​ក្រាម និង​តិកតុក ។ នៅ​ដើមឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​តេ​ឡេ​ក្រាម គឺ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា​១០​លាន​នាក់…

នៅ​ពេល​ដែល​ហ្វេ​ស​ប៊ុ​ក​កំពុង​មានរឿង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គេ​រំពឹង​ថា នឹង​មានកំណើត​ទៅ​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង ជា​ពិសេស គឺ​តេ​លេ​ក្រាម និង​តិកតុក ។

នៅ​ដើមឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​តេ​ឡេ​ក្រាម គឺ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា​១០​លាន​នាក់ ហើយ​តិកតុក​វិញ នៅ​កម្ពុជា​មាន​ប្រមាណ​ជា ៧​លាន​នាក់ ប៉ុន្តែ​រហូត​ដល់​ដាច់​ឆ្នាំ បណ្តាញ​សង្គម​ទាំង​ពីរ​អាច​នឹង​មាន​អ្នក​ប្រើប្រាស់​លើស​នេះ​ច្រើន​ថែម​ទៀត ដោយសារ​តែ​ពេល​នេះ សន្ទុះ និង​ការ​លើកទឹកចិត្ត​នៅ​ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ស្ថាប័ន និង​ក្រសួង ហើយ​សូ​ម្បី​តែ​មន្ត្រីរាជការ និង​ស្ថាប័ន​ព័ត៌មាន​ក៏​កំពុង​តែ​យកចិត្តទុកដាក់​រត់​តាម​សភាពការណ៍ ។

ផ្អែក​តាម​សន្ទុះ​នៃ​ការ​គាំទ្រ និង​លើកទឹកចិត្ត​នេះ​តេ​ឡេ​ក្រាម និង​តិកតុក អាច​ថា​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​មុ​.​ត​ស្រួច នៅ​លើ​ថ្នាល​នៃ​ការ​ប្រកួតប្រជែង​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ជាមួយនឹង​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​បាន​អះអាង​ថា មុខងារ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៃ​កម្មវិធី​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​តែ​មាន​សភាព​ចម្រុះ​ជាង​បណ្តាញ​សង្គម​ផ្សេង​ៗ ។

សម្រាប់​តេ​ឡេ​ក្រាម វា​អាច​ងាយស្រួល​នៅ​ក្នុង​ការ​ទំនាក់ទំនង​ចែករំលែក​ព័ត៌មាន​បាន​ធំ​លឿន​រហ័ស ហើយ​មិន​ប្រកាន់ ឬ​ចោទ​បញ្ហា​ច្រើន ក៏​ដូច​ជា មិន​មាន​លក្ខខណ្ឌ​សាំញ៉ាំ​ច្រើន​ដូច​ជា ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​ទោះបី ជា​យ៉ាងណា​ក៏​ដោយ​ថ្នាល​នៃ​វេទិកា​ហ្វេ​ស​ប៊ុ​ក នៅ​តែ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ភាព​ទូលំទូលាយ​ជាង ហើយ​អ្វី​ៗ គឺ​មាននៅ​ក្នុង​នោះ ដូច្នេះ​ហើយ​ពលរដ្ឋ គឺ​មានការ​ងាយស្រួល​ដោយ​ពួក​គេ​គ្រាន់តែ​បើក​ហ្វេ​ស​ប៊ុ​ក គឺ​គេ​ចង់បាន​អី គឺ​នៅ​ក្នុង​នោះ​ទាំងអស់ ។

ដោយឡែក តិកតុក​ក៏​អាច​នឹង​ប្រើប្រាស់​ពេលវេលា និង​ការ​ខិតខំ​បន្ថែម​ទៀត ប្រសិនបើ​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ជាង​ហ្វេ​ស​ប៊ុ​ក ។ នៅ​ពេល​នេះ​តិកតុក ភាគច្រើន គឺ​មានមុខ​ងារ​ចែករំលែក​ដែរ តែ​កំសាន្ត​ច្រើន​ជាង ហើយ​សូ​ម្បី​តែ​ស្ថាប័ន​ផ្លូវការ​ដែល​ប្រើប្រាស់ តិកតុក​ក៏​ជា​ទូទៅ​សារ​ដែល​គេ​ផ្ញើ និង​ចែករំលែក​នៅ​លើ​ថ្នាល​នៃ​ប្រព័ន្ធ​បណ្តាញ​សង្គម​ឌី​ជី​ថ​ល​នេះ​នៅ​តែ​មាន​ចរិតលក្ខណៈ​កំសាន្ត សំណើច បំពេរ​អារម្មណ៍ ជា​ជាង​ប្រភព ឬ​ថ្នាល​ដែល​គេ​ទទួល​អ្វី​ដែល​មាន​ភាព​ជឿជាក់ ។

នៅ​ក្នុង​ចំណោម​បណ្តាញ​សង្គម​នានា​ដែល​កំពុង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ច្បាស់​ជា​មាន​ភាគរយ​ខ្ពស់​ជាងគេ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយ​ៗ​អាច​មិន​ប្រាកដ​ពីព្រោះ​នៅ​ពេល​នេះ​ហ្វេ​ស​ប៊ុ​ក គឺ​លែង​ត្រូវ​បាន​លើកទឹកចិត្ត និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​ហើយ ។

ប្រមាណ​ជា​ជិត​១០​ឆ្នាំ​មកនេះ ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​លើកទឹកចិត្ត​ខ្លាំង ប៉ុន្តែ​ចុង​ក្រោយ​នេះ​បញ្ហា​បាន​កើតឡើង​ថ្មី​ៗ​នេះ ។ ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​លុប​ទាំង​គណនី​ផ្លូវការ​ដែល​មាន​អ្នកគាំទ្រ​ជាង​១៤ លាន​នាក់​ចោល ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម ថ្មី​ជំនួស ។

ក្រៅពី​ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​ហើយ​នោះ ក្រសួងការបរទេស​កម្ពុជា​ក៏​បាន​ប្រកាស​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc. ដែល​គ្រប់គ្រង​ប្រតិបត្តិការ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន​២២​នាក់ មិន​អោយ​ចូល ឬ​មាន​វត្ត​មាននៅ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ។

នៅ​ពេល​ដែល​កំពុង​តែ​លើកទឹកចិត្ត​អ្នក​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៣ មាន​រហូត​ដល់​ទៅ​ជា​១៣​លាន​នាក់​ឯណោះ ខណៈ​ដែល​បណ្តាញ​សង្គម​ផ្សេង​ៗ​មាន​ក្រោម​១០​លាន​នាក់​ទេ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដក​សេចក្តី​ទុកចិត្ត​ពីលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង​ជា​ជម្រើស​ជំនួស​វិញ​នោះ​បណ្តាញ​សង្គម​ផ្សេង គឺ​កំពុង​តែ​មាន​កំណើន ជា​ពិសេស គឺ​តេ​ឡេ​ក្រាម និង​តិកតុក ។

សរុប​មក​វិញ បើ​និយាយ​អំពី​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម និង​តិកតុក​អាច​នឹង​មាន​គណនី​ចុះ​ឈ្មោះ​ប្រើប្រាស់​ច្រើន​ជាង​ហ្វេ​ស​ប៊ុ​ក​នៅ​ពេល​ខាង​មុខ ប្រសិនបើ​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​នានា​នៅ​តែ​បន្ត​លើកទឹកចិត្ត ប៉ុន្តែ​ពលរដ្ឋ​ក៏​នៅ​តែ​មិន​អាច​កាត់​ផ្តា​.​ច់​ពី​ថ្នាល​នៃ​ការ​ទំនាក់ទំនង ស្មារតី​ជា​សហគមន៍ អាជីវកម្ម ព័ត៌មាន រកស៊ី … ពី​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​កបាន​ដែរ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ