ក្រុមហ៊ុនយូធូបត្រៀមដាក់ចេញវិធានការក្ដៅសម្រាប់អ្នកមើលវីឌីអូរបស់ខ្លួន។ ជានិច្ចកាល, នៅពេលមនុស្សយើងកំពុងមើលវីឌីអូយូធូបសុខៗ ស្រាប់តែលោតផ្ទាំងផ្សាយពាណិជ្ជកម្ម ធ្វើឱ្យពួកគេមានអារម្មណ៍ធុញទ្រាន់។ ដូច្នេះ ពួកគេក៏ដំឡើងកម្មវិធីបិទពាណិជ្ជកម្មដូចជាអេតប្លក់កឺ (ad block) ឬកម្មវិធីកម្ចាត់មេរោគខ្លះក៏អាចបិទពាណិជ្ជកម្មរបស់យូធូបផងដែរ។

ក្រុមហ៊ុនយូធូបកំពុងធ្វើតេស្តកម្មវិធីរបស់ខ្លួន។ បើមើលវីឌីអូចំនួនបីឃ្លីបហើយនៅតែមិនព្រមបិទកម្មវិធីអេតប្លក់កឺ, យូធូបនឹងឈប់ចាក់វីឌីអូឱ្យមើលតទៅទៀត។ ក្រុមហ៊ុនយូធូបប្រាប់ថាខ្លួនកំពុងធ្វើតេស្តកម្មវិធីតូច១ដើម្បីជំរុញឱ្យអ្នកមើលវីឌីអូយូធូបដែលបានដំឡើងកម្មវិធីអេតប្លក់កឺ សូមបិទកម្មវិធីនោះវិញដើម្បីឱ្យផ្ទាំងពាណិជ្ជកម្មលោតនៅលើវីឌីអូយូធូប។

បើមិនចង់ឃើញផ្ទាំងពាណិជ្ជកម្មលោតរញ៉េរញ៉ៃទេ ពួកគេអាចទិញកញ្ចប់យូធូប ព្រីមៀម (YouTube Premium)។ សេចក្ដីថ្លែងការណ៍របស់យូធូបកើតឡើងបន្ទាប់ពីអ្នកមើលវីឌីអូតាមយូធូបខ្លះមើលឃើញសញ្ញាព្រមានទុកជាមុនថាយូធូបលែងចាក់វីឌីអូរបស់ខ្លួនឱ្យពួកគេមើលតទៅទៀត បើពួកគេនៅតែបើកកម្មវិធីអេតប្លក់។ ប្រភពខ្លះរាយការណ៍ថាកម្មវិធីដែលយូធូបកំពុងធ្វើតេស្តនេះនឹងបញ្ឈប់ការចាក់ផ្សាយវីឌីអូត្រឹមតែបីវីឌីអូប៉ុណ្ណោះ បើអ្នកទស្សនាវីឌីអូបើកកម្មវិធីអេតប្លក់។
ផ្ទាំងពាណិជ្ជកម្មដែលម្ចាស់ផលិតផលដាក់ផ្សាយនៅលើវីឌីអូដែលចាក់ផ្សាយតាមយូធូបអ្នកនាំពាក្យក្រុមហ៊ុនហ្គូហ្កល (Google) ថ្លែងថាការចាប់សញ្ញាកម្មវិធីអេតប្លក់ វាមិនមែនជារឿងថ្មីទេ។ ប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក៏ស្នើសុំឱ្យអ្នកបើកមើលមាតិការបស់ខ្លួនបិទកម្មវិធីអេតប្លក់ដែរ។ យូធូបថ្លែងថាខ្លួននឹងផ្ដល់សញ្ញាព្រមានទៅអ្នកបើកមើលវីឌីអូរបស់ខ្លួនជាច្រើនដងសិន។ បើពួកគេនៅតែមិនព្រមស្ដាប់, យូធូបឈប់ចាក់វីឌីអូឱ្យមើលតទៅទៀត។
កម្មវិធីអេតប្លក់ ដែលគេនិយមដំឡើងនៅលើម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍ដទៃទៀត ដើម្បីបិទខ្ទប់ផ្ទាំងពាណិជ្ជកម្មរបស់យូធូបនេះជាសញ្ញាបង្ហាញថាយូធូបត្រៀមចាត់វិធានការក្ដៅចំពោះអ្នកប្រើអេតប្លក់។ យូធូបលើកហេតុផលថាធ្វើបែបនេះដើម្បីលើកទឹកចិត្តម្ចាស់វីឌីអូ ឬខន់ថឹន គ្រីអេតតឺ (content creator)មានទឹកចិត្តបញ្ចេញស្នាដៃរបស់ខ្លួនជាថ្នូរនឹងការទទួលបានថវិកាពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីឌីអូរបស់ពួកគេ។ យូធូបរំពឹងទៅលើប្រាក់ចំណូលពីម្ចាស់ពាណិជ្ជកម្មដើម្បីចែកភាគលាភជាមួយម្ចាស់វីឌីអូ។ បើអ្នកមើលវីឌីអូដំឡើងកម្មវិធីអេតប្លក់, ពួកគេប្រាកដជាគ្មានប្រាក់ចំណូលទាំងអស់គ្នា។
Content Creator កំពុងផលិតវីឌីអូដើម្បីបង្ហោះនៅលើបណ្ដាញសង្គម ដែលរួមទាំង YouTube ផងដែរយូធូបយល់ថាប៉ុណ្ណឹងវាជារឿងសមរម្យណាស់ទៅហើយ។ អ្នកមើលវីឌីអូយូធូបរាប់ពាន់លាននាក់មិនត្រូវការចំណាយលុយ១កាក់ ១សេនទេ។ ពួកគេគ្រាន់តែបើកឱ្យផ្ទាំងពាណិជ្ជកម្មរត់នៅលើវីឌីអូជាការស្រេច។ ចំពោះកញ្ចប់យូធូប ព្រីមៀមដែលប្រិយមិត្តអាចមើលវីឌីអូដោយគ្មានពាណិជ្ជកម្ម, អតិថិជនត្រូវបង់លុយ១១,៩៩ដុល្លារក្នុង១ខែ ឬ១១៩,៩៩ដុល្លារក្នុង១ឆ្នាំ។

កញ្ចប់ព្រីមៀមមានបន្ថែមអត្ថប្រយោជន៍ដទៃទៀតដូចជាអាចដោនឡូតវីឌីអូនៅក្នុងលក្ខខណ្ឌពិសេស ហើយអាចស្ដាប់បទចម្រៀងដែលមានសម្រាប់ដែលអ្នកទិញកញ្ចប់នេះតែប៉ុណ្ណោះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២, យូធូបប្រកាសថាអតិថិជនរបស់ខ្លួនដែលទិញកញ្ចប់ព្រីមៀមបានកើនឡើងដល់ជាងប៉ែតសិបលាននាក់។ ដូច្នេះ យូធូបកំពុងតែរកវិធីបូមលុយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទោះបីតាមច្រកណាក៏ដោយ, ក្រុមហ៊ុននេះនៅតែអាចប្រមូលបានប្រាក់ចំណូលជានិច្ច៕
ប្រភព៖ ទស្សនាវដ្ដី The Verge និងប្រភពដទៃទៀត
https://www.theverge.com/2023/6/29/23778879/youtube-videos-disabling-ad-blockers-detection

Content Creator កំពុងផលិតវីឌីអូដើម្បីបង្ហោះនៅលើបណ្ដាញសង្គម ដែលរួមទាំង YouTube ផងដែរ
ផ្ទាំងពាណិជ្ជកម្មដែលម្ចាស់ផលិតផលដាក់ផ្សាយនៅលើវីឌីអូដែលចាក់ផ្សាយតាមយូធូប
ចែករំលែកព័តមាននេះ