ទីក្រុងតូក្យូ៖ គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រវាយប្រហារប្រទេសជប៉ុនខាងជើងបណ្ដាលឱ្យរបួសមនុស្ស២៣នាក់ និងបង្កជារលកយក្សស៊ូណាមីកម្ពស់២ហ្វ៊ីត ឬ០,៦ម៉ែត្រ។ អាជ្ញាធរព្រមានថាអាចនឹងមានការរញ្ជួយកម្រិតតូចៗជាច្រើនករណីទៀត ហើយក៏អាចនឹងមានការរញ្ជួយទ្រង់ទ្រាយធំផងដែរ។ រដ្ឋាភិបាលជប៉ុនកំពុងវាយតម្លៃទំហំនៃការខូចខាតដែលបណ្ដាលមកពីស៊ូណាមី និងគ្រោះរញ្ជួយដីដែលកើតឡើងនៅវេលាម៉ោង១១:១៥យប់ថ្ងៃចន្ទ។ គ្រោះរញ្ជួយដីលើកនេះចាប់ផ្ដើមពីចំណុចមួយស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តអាអូម៉ូរី (Aomori)។

រលកយកស៊ូណាមីកម្ពស់០,៧ម៉ែត្រកើតមាននៅកំពង់ផែគូជិ (Kuji) ខេត្តអ៊ីវ៉ាតិ (Iwate) ភាគខាងត្បូងខេត្តអាអូម៉ូរី។ រលកយក្សកម្ពស់០,៥ម៉ែត្រវាយប្រហារសហគមន៍អ្នករស់នៅតាមមាត់សមុទ្រនៃតំបន់នោះ។ នេះបើយោងតាមការបញ្ជាក់ពីទីភ្នាក់ងារឧតុនិយម។ ទីភ្នាក់ងារអគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថានៅក្នុងចំណោមអ្នករបួសទាំង២៣នាក់នោះ អ្នកខ្លះរងរបួសធ្ងន់។ ភាគច្រើនរបួសដោយសាររបស់របរផ្សេងៗធ្លាក់សង្កត់ពីលើ។ អ្នកខ្លះរងរបួសនៅពេលស្នាក់នៅក្នុងសណ្ឋាគារ។ បុរសម្នាក់រងរបួសស្រាលនៅទីក្រុងតូក្យូនៅពេលគាត់កំពុងបើកឡានតាមផ្លូវសុខៗស្រាប់តែធ្លាក់ចូលទៅក្នុងជង្ហុក ឬរណ្ដៅដីបាក់ស្រុត។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនសូមអំពាវនាវឱ្យប្រជាជនចាកចេញពីតំបន់ទំនាបទៅកាន់ទីខ្ពស់ ឬមិនដូច្នេះទេស្វែងរកទីជម្រកបណ្ដោះអាសន្នរហូតដល់អាជ្ញាធរលុបចោលបម្រាមវិញ។ អ្នកនាំពាក្យដដែលនេះថ្លែងបន្តទៀតថាផ្ទះរបស់ប្រជាជាន៨រយខ្នងដាច់ភ្លើង, សេវាដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿន និងជើងហោះហើរក្នុងស្រុកមួយចំនួនត្រូវផ្អាកដំណើរការ។

នាយករដ្ឋមន្ត្រីជប៉ុនថ្លែងថារដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសដើម្បីវាយតម្លៃទំហំនៃការខូចខាត។ លោកស្រីថ្លែងថាយើងផ្ដល់អាទិភាពខ្ពស់បំផុតទៅលើការស្រោចស្រង់អាយុជីវិតរបស់ប្រជាជន ហើយយើងនឹងខិតខំអស់ពីសមត្ថភាពទៅតាមអ្វីដែលយើងអាចធ្វើបាន។ ក្រោយមក លោកស្រីអំពាវនាវឱ្យប្រជាជនតាមដានព័ត៌មានបច្ចុប្បន្នភាពចុងក្រោយពីអាជ្ញាធរមូលដ្ឋានដើម្បីជម្លៀសខ្លួនទាន់ពេលវេលានៅពេលមានការរញ្ជួយ។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ