ទីក្រុងប៉េកាំង៖ ប្រទេសជប៉ុនកំពុងគំរាមកំហែងមកលើសន្តិសុខជាតិរបស់ចិនដោយកម្លាំងយោធា។ ហេតុនេះវាជាទង្វើដែលចិនមិនអាចទទួលយកបានទេ។ ខាងលើនេះជាការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី ប្រាប់សមភាគីអាល្លឺម៉ង់។ ការថ្លែងដូច្នេះបន្ទាប់ពីជប៉ុនអះអាងថាយន្តហោះរបស់ខ្លួនត្រូវយន្តហោះចម្បាំងរបស់ចិនតម្រង់រ៉ាដាទៅរក។

ប្រទេសជប៉ុនប្រកាសថ្កោលទោសទង្វើនោះជាទម្ងន់ និងចាត់ទុកថានេះជាសកម្មភាពដ៏គ្រោះថ្នាក់។ ប៉ុន្តែចិនដាក់ការស្ដីបន្ទោសថាគឺជប៉ុនទេដែលបានបញ្ជូនយន្តហោះទៅកៀកនឹងកងទ័ពជើងទឹកចិនជាច្រើនលើកច្រើនសា និងរំខានការហ្វឹកហាត់ការហោះហើរនៅច្រកសមុទ្រមីយ៉ាកុ (Miyako)។

ទំនាក់ទំនងចិន-ជប៉ុនចាប់ផ្ដើមធ្លាក់ចុះកាលដើមខែវិច្ឆិកា ឆ្នាំ២០២៥បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធានៅក្នុងបញ្ហាតៃវ៉ាន់។ នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីអាល្លឺម៉ង់នៅទីក្រុងប៉េកាំង លោកវ៉ាងយីថ្លែងថាឆ្នាំនេះជាខួបទី៨០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២។ ជប៉ុនកាលនោះជាប្រទេសឈ្លានពានគេក្រោមរបបដឹកនាំហ្វាស៊ីសនិយម និងក្រោយមកបានទទួលបរាជ័យ។ លោកយល់ថាជប៉ុនបច្ចុប្បន្ននេះគួរតែធ្វើអ្វីដោយប្រយ័ត្នប្រយែង។

លោកយល់ថាមេដឹកនាំជប៉ុនបច្ចុប្បន្នកំពុងយកបញ្ហាតៃវ៉ាន់ដើម្បីកេងចំណេញនយោបាយ។ ជប៉ុនធ្លាប់ដាក់អាណានិគមលើតៃវ៉ាន់រយៈពេលកន្លះសតវត្ស និងធ្លាប់ធ្វើបាបជនជាតិចិន។ ឥឡូវនេះ ជប៉ុនចង់បង្កហេតុជាមួយចិន និងចង់គំរាមកំហែងចិនដោយយោធាទៀត។ ទង្វើនេះមិនអាចទទួលយកបានទេ។ នេះបើយោងតាមអ្វីដែលទីភ្នាក់ងារព័ត៌មានចិនស៊ីនហួដកស្រង់ពាក្យសម្ដីរបស់លោកវ៉ាងយីមកចុះផ្សាយ៕
ចែករំលែកព័តមាននេះ