ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយដ៍ថ្លៃថ្លា​របស់​សប្បុរសជន​បាន​ណែ​នាំ​ទៅ​ផ្តល់​ជូន​ដល់​លោកយាយ​ឯកោ

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​៨ ឧសភា ​លោក​សុំ ពៅ​ពិសិដ្ឋ ​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​បាន​នាំ​យក​ថវិកា​របស់​សប្បុរស​ជន​ទៅ​ប្រគល់​​ជូន​លោក​យាយ​តូច សុន អាយុ​៧៦​ឆ្នាំ ដែល​រស់​នៅ​ឯ​​កោ​ម្នាក់​ឯង​គ្មាន​កូន​ចៅ ឬ​សាច់​ ញាតិ​​ជួយ​ចិញ្ចឹម និង​មើល​ថែ និង​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ក្នុង​ខ្លួន​មិន​អាច​ធ្វើ​ការ​ចិញ្ចឹម​​ជីវិត​ខ្លួន​​​​​បាន​រយៈ​ពេល​៣​ឆ្នាំ​​មក​ហើយ

ខេត្តស្វាយរៀង ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​៨ ឧសភា ​លោក​សុំ ពៅ​ពិសិដ្ឋ ​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​បាន​នាំ​យក​ថវិកា​របស់​សប្បុរស​ជន​ទៅ​ប្រគល់​​ជូន​លោក​យាយ​តូច សុន អាយុ​៧៦​ឆ្នាំ ដែល​រស់​នៅ​ឯ​​កោ​ម្នាក់​ឯង​គ្មាន​កូន​ចៅ ឬ​សាច់​ ញាតិ​​ជួយ​ចិញ្ចឹម និង​មើល​ថែ និង​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ក្នុង​ខ្លួន​មិន​អាច​ធ្វើ​ការ​ចិញ្ចឹម​​ជីវិត​ខ្លួន​​​​​បាន​រយៈ​ពេល​៣​ឆ្នាំ​​មក​ហើយ ។

លោក​យាយ​តូច ​សុន កំពុង​រស់​នៅ​ក្នុង​កូន​ខ្ទម​​ដ៏​តូចមួយ​ធ្វើ​អំពី​ស្លឹក​​​ត្នោត​​ និង​ដើម​ឫស្សី​​ដែល​លោក​មេ​​ភូមិ និង​ប្រជា​ពល​រដ្ឋ​បាន​រួម​គ្នា​ធ្វើ​ឱ្យ​កាល​ពី​ជាង​៣​ឆ្នាំ​មុន ​នៅ​​លើ​ដី​សហ​គមន៍​​ដែល​ស្ថិតនៅ​​ក្នុងភូមិ​ថ្នា ឃុំ​​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ។ ​លោក​​យាយ​បាន​ក្លាយ​ខ្លួន​ជា​ស្ត្រី​មេ​ម៉ាយ​គ្មាន​កូន​ចៅ​តាំង​ពី​អាយុ​៦០​ឆ្នាំ មក​ម៉្លេះ ​ដែល​ក្នុង​ពេល​នោះ​លោក​យាយ​គ្មាន​ដី​ស្រែ​ផ្ទះ​សម្បែង ឬ​មាស​ប្រាក់​ក្នុង​ខ្លួន​ទាល់តែ​សោះ ​ត្រូវ​ទៅ​សុំ​ដី​អ្នក​ស្រុក​សង់​កូន​ខ្ទម​រស់​នៅ​ ហើយ​ដើរ​ស៊ី​ឈ្នួល​ដក​ស្ទូង​​ និង​ច្រូត​ស្រូវ​ឱ្យ​គេ​​ដើម្បី​ចិញ្ចឹម​ជីវិត​ឯ​កោ​នេះ ​អស់​រយៈ​ពេល​​១៣​ឆ្នាំ ​និង​ត្រូវគេ​​ដេញ​លែង​​ឱ្យ​នៅ​ចំនួន​​២​ដង ។ លុះ​​ដល់​លើក​ទី​៣ ​ត្រូវ​​មេ​ភូមិ និង​ប្រជា​ពល​រដ្ឋ​រួម​គ្នា​​ធ្វើ​កូន​ខ្ទម​ឱ្យ​លោក​យាយ​ ក៏​ធ្លាក់​ខ្លួន​ឈឺ​ដើរ​ស៊ី​ឈ្មួល​ដក​ស្ទូង​ឱ្យ​គេ​លែង​​កើត​ បាន​ត្រឹម​ដេក​​លើ​កន្ទេល​​រង់​ចាំ​​ជីវិត​អស់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សំណាង​ល្អ​ បាន​មេ​ភូមិ​និង​អ្នក​ភូមិ​រៃ​អង្គាស​គ្នា​បាន​ប្រាក់​​ហៅ​គ្រូ​ខ្មែរ​មក​ជួយ​ព្យា​បាល​​រហូត​​បាន​ធូរ​ស្រាល​​អាច​ដើរ​ជិតៗ​ និង​ងូត​ទឹក ​​ហូប​​អាហារ​បាន​ដោយ​​ខ្លួន​ឯង​​រហូតដល់​សព្វ​ថ្ងៃ​។ ប៉ុន្តែ​ជំងឺ​ក៏​នៅ​​តែ​មិន​ទាន់​ជា​ដាច់​នៅឡើយ​ទេ ។

​ក្រោយ​ពី​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​ធ្វើ​ការ​ចុះ​​ផ្សាយ​ពី​ខ្សែ​ជីវិត​​​ដ៏​កំសត់​​របស់​លោក​យាយ​​មួយ​ឈុត​មក​ធ្វើ​ឱ្យ​សប្បុរស​ជន​ ១-​លោក​ពូន ម៉ាដេត រស់​នៅ​សហ​រដ្ឋ​អាមេ​រិក ​ឧបត្ថម្ភ​​៧៦​ដុល្លារ ​២-លោក​អេង ហ៊ុន​ និង​ភរិយា​​ជេត ផល្លី ​ឧបត្ថម្ភ​​​៣០​ដុល្លារ ៣-លោក​​សេង គី ផ្ទះលក់​ទា​​ខ្វៃ​​​នៅ​ច្បារ​អំពៅ​​ឧបត្ថម្ភ​៣​ម៉ឺន​រៀល ។ ភ្នាក់ងារ​កោះ​សន្តិ​​ភាព​បាន​ប្រគល់​ជូន ​លោក​យាយ​នៅ​លំនៅ​​ឋាន​ផ្ទាល់​​ដោយ​ភ្នាក់ ងារ​កោះ​សន្តិ​​ភាព​បាន​ទិញ​ត្រី​ខ​កំប៉ុងចំនួន​១២​កំប៉ុង ​មីឈីង​ឃុក​កន្លះ​កេស ទឹក​ដោះ​គោ​ឆៅ​២​យួរ ស្មើ​២៤​​ប្រអប់ ​និង​គុយ​ទាវ​១​ចាន ​ជូន​លោក​យាយ​ពិសារ​ភ្លាមៗ និង​ថវិកា​៣១៣.៣០០​​រ​ៀល ដែល​សល់​ពី​ទិញ​គ្រឿង​ឧបភោគ​​ទាំង​នេះ ។

ពេល​ទទួល​​បាន​អំណោយ​​សប្បុរស​ជន​លោក​យាយ​តូច សុន ​ក្នុង​រាង​កាយ​ញ័រ​​​​​ទទ្រើក​​​ភ្នែក​រលីង​រលោង​បាន​សម្តែង​ទឹក​ចិត្ត​រំភើប​​ជា​ខ្លាំង​លាយ​ជា​មួយ​ស្នាម​ញញឹម​ ហើយ​ក៏​​បាន​លើក​ដៃ​​ប្រលោម​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ឱ្យ​តាម​ជួយ​​ថែរក្សា​​​សប្បុរស​ជន​ និង​ក្រុម​គ្រួសារ​ដែល​បាន​ជួយ​ឧបត្ថម្ភ​​ដល់​គាត់​​សូម​ឱ្យ​មាន​​អាយុ​​យឺន​យូរ​សុខ​ភាព​ល្អ​ ប្រកប​​របរ​ទទួល​ទាន​​ចេះតែ​មាន​ទៅ​មាន​ទៅ​ឥត​ឈប់​ឈរ និង​មាន​សុមភង្គល​ក្នុង​គ្រួសារ​ជា​រៀង​រហូត​ទៅ ។ ចុង​បញ្ចប់​​លោក​យាយ​បាន​រៀប​​រាប់​ទាំង​រំភើប​​ញាប់​ញ័រ​ថា ​ជិត​២០ឆ្នាំ​មក​​ហើយ លោក​​យាយ​​មិន​ដែល​បាន​ស្គាល់​រស​ជាតិ​គុយ​ទាវ​ម្តង​ណា​ទេ ហើយ​ក៏​មិន​ធ្លាប់​គិត​ថា អាច​បាន​ហូប​ទៀត​ផង​។ ​ប៉ុន្តែ​ពេល​នេះគាត់​បាន​ហូប​ហើយ​គឺ​ពិត​ជាឆ្ងាញ់​ណាស់ សូម​អរគុណ​​ម្ចាស់អំណោយខ្លាំង​ណាស់ ទោះ​បី​​ស្លាប់​​ទៅ​ក៏​មិន​ភ្លេច​​គុណ​ដែរ៕