រាជធានីភ្នំពេញ ៖ អាជ្ញាធរទំនងជានឹងមិនហាមឃាត់ពលរដ្ឋមិនអោយប្រើហ្វេសប៊ុកនោះឡើយ ដោយមិនចង់អោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកប្រើបណ្តាញសង្គមនេះ ។ ប៉ុន្តែពួកគេក៏គួរតែពិចារណាប្រើបណ្តាញផ្សេងទៀតដូចជាតេលេក្រាម របស់រុស្សី និងតិកតក់របស់ចិនជាដើមក្នុងបំណង ដើម្បីមានមធ្យោបាយកាន់តែច្រើន និងកាន់តែមានប្រសិទ្ធភាពសម្រាប់ការទំនាក់ទំនង ការកម្សាន្តក៏ដូចជា ការរកស៊ីផងដែរ ។

ទឡ្ហីករណ៍ ដែលយើងគិតថា អាជ្ញាធរមិនហាមនោះ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ហើយ នៅក្នុងសារតាមតេឡេក្រាមរបស់សម្តេច ដោយបានសង្កត់ធ្ងន់ថា ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចបានត្រូវបញ្ជាឲ្យលុបចោលមែន ប៉ុន្តែសម្តេចនឹងមិនហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមនេះនៅក្នុងប្រទេសកម្ពុជានោះទេ ។ កាលពីសប្តាហ៍មុននេះ សម្តេចតេជោ បានបញ្ជាឲ្យបិទហ្វេសប៊ុកផ្លូវការរបស់សម្តេចចោល ទោះបីជាបណ្តាញសង្គមនេះ មានអ្នកតាមដាន និងចូលចិត្តជាង ១៤លាននាក់ ប៉ុន្តែសម្តេចផ្ទាល់នៅតែបន្តគោរព និងផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ពលរដ្ឋនៅក្នុងការប្រើប្រាស់បណ្តាញសង្គមនេះ ។

បន្ទាប់ពីសម្តេចបានបញ្ជាបិទគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសថា ខ្លួនបានបញ្ជាឲ្យតំណាងក្រុមហ៊ុនហ្វេសប៊ុកចាកចេញពីប្រទេសកម្ពុជាជាបន្ទាន់ ដោយក្រសួងបានរកឃើញភាពមិនប្រក្រតីមួយចំនួន រួមទាំងអត្ថិភាពនៃគណនីក្លែងក្លាយហានិភ័យនៃការបាត់បង់ទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលព័ត៌មានផ្ទាល់ខ្លួនការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ។ ប៉ុន្តែក៏មិនមានឃ្លាណាបញ្ជាក់អំពីការបិទ និងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមនេះនៅកម្ពុជាឡើយ ។

នៅពេលនេះ គណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានបាត់ចេញពីហ្វេសប៊ុកហើយ ប៉ុន្តែគណនីរបស់ថ្នាក់ដឹកនាំ និងស្ថាប័នមួយចំនួន ជាពិសេស គឺសាធារណៈជននៅតែដំណើរការជាប្រក្រតី ហើយពលរដ្ឋក៏នៅតែបន្តប្រើប្រាស់បណ្តាញសង្គមនេះដដែល នៅក្នុងការចែករំលែកការធ្វើអាជីវកម្ម និង សកម្មភាពផ្សេងៗតាមគោលដៅ និងគោលបំណងរៀងៗខ្លួន ។


គេហទំព័រមួយ គឺ https://napoleoncat.com/ បានឲ្យដឹងថា គិតត្រឹមខែ មិថុនា ឆ្នាំ២០២៣ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា គឺមានប្រមាណជាជាង១៣,៧៧ លាននាក់ ហើយអ្នកដែលប្រើប្រាស់ច្រើនបំផុត គឺ ចន្លោះពី១៨ ដល់៤៤ឆ្នាំ ។ សព្វថ្ងៃនេះ ហ្វេសប៊ុក គឺជាវេទិកានៃអាជីវកម្មអនឡាញមួយដ៏សំខាន់នៅកម្ពុជា ដែលគេហទំព័រមួយ គឺ https://www.statista.com/ បានអះអាងថា វា គឺជាច្រកអាជីវកម្មដ៏សំខាន់នៅកម្ពុជា ។
ប្រភពដដែលនេះបានអះអាងថា តម្លៃនៃសកម្មភាពផ្សាយពាណិជ្ជកម្មសរុបនៅលើបណ្តាញសង្គមនៅកម្ពុជា នៅក្នុងឆ្នាំ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង២៩ លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២៧ អាចនឹងឡើងដល់ជាង៣៦ លានដុល្លារ ។ ដូច្នេះវា គឺជាសក្តានុពលមួយដ៏សំខាន់ ហើយនៅក្នុងនោះហ្វេសប៊ុក គឺជាច្រកមួយចម្បងជាងគេ ។

ជាការពិតមកដល់ពេលនេះ ហ្វេសប៊ុក ជាច្រកនៃបណ្តាញព័ត៌មានសង្គមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ដូចជា ការផ្សព្វផ្សាយផលិតផលផ្ទាល់ខ្លួន ទំនាក់ទំនងអនឡាញ ក៏ដូចជា ច្រកនៃសកម្មភាពអាជីវកម្ម និងពាណិជ្ជកម្មក៏ដូចជានយោបាយជាច្រើន ។ ថ្វីត្បិតតែវាមានមុខពីរ ប៉ុន្តែមកដល់ពេលនេះវាក៏ជាច្រកដែលពលរដ្ឋបានទទួលនូវគោលនយោបាយ វិធានការច្បាប់រដ្ឋ ព័ត៌មានអំពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ដែលមានប្រយោជន៍រាប់មិនអស់ដល់ ពលរដ្ឋ ។

ដូច្នេះ យើងជឿជាក់ថា អាជ្ញាធរនឹងមិនបិទ ឬហាមឃាត់ការប្រើប្រាស់វានៅក្នុង ប្រទេសនោះទេ ប៉ុន្តែជម្រើសបណ្តាញសង្គមថ្មី ដែលរួមមានតេឡេក្រាម តិកតក់ វាត់ស្អាប់ វាយប័រ ឡាញ គួរតែជាជម្រើសបង្អែកថ្មី ដែលគួរតែពិចារណា ដើម្បីបង្កើតតុល្យភាពនៃសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការការងារ និងកុំអោយសង្ឃឹមតែទៅលើហ្វេសប៊ុក ។ កាលណាយើងមានច្រកទំនាក់ទំនងកាន់តែច្រើន យើងនឹងកាន់តែមានប្រយោជន៍ ។ ពិសេសក្នុងករណីណាមួយជាយថាហេតុ រដ្ឋាភិបាលឈានដល់បិទហ្វេសប៊ុក យើងនៅតែមានបង្អែកបណ្តាញសង្គមផ្សេង ។ ដូច្នេះវាមិនសូវប៉ះពាល់ដល់មធ្យោបាយទំនាក់ទំនង កម្សាន្ត ការរកស៊ី និងការបំពេញការងាររបស់យើងឡើយ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ