ស្ត្រីជនជាតិអេក្វាឌ័រម្នាក់បានស្លាប់សាជាថ្មីម្ដងទៀត ក្រោយទើបតែបានរស់ឡើងវិញនៅចំថ្ងៃបុណ្យសពរបស់ខ្លួន កាលពីសប្ដាហ៍កន្លងទៅ។ ស្ត្រីរូបនោះមានឈ្មោះថា Bella Montoya មានអាយុ ៧៦ឆ្នាំ ត្រូវបានប្រកាសថាស្លាប់ជាលើកដំបូង ដោយក្រុមវេជ្ជបណ្ឌិត នៅឯមន្ទីរពេទ្យក្នុងទីក្រុង Babahoyo កាលពីថ្ងៃទី០៦ ខែមិថុនា ហើយត្រូវបានបញ្ជូនមកផ្ទះដើម្បីរៀបចំពិធីបុណ្យសព។ លុះរហូតដល់ថ្ងៃបុណ្យសពចូលមកដល់ គាត់បានភ្ញាក់ដឹងខ្លួនឡើងវិញ ហើយក៏បានព្យាយាមគោះមឈូសដើម្បីស្វែងរកជំនួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

ហេតុការណ៍នោះ បានធ្វើឱ្យអ្នកចូលរួមបុណ្យសពរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដដែលភ្លាមៗ ក្រោយដេកក្នុងមឈូសអស់រយៈពេល ៥ម៉ោង។ ប៉ុន្តែគួរឱ្យសោកស្ដាយ ក្រោយរយៈពេល ៧ថ្ងៃ នៅក្នុងបន្ទប់ ICU គាត់បានស្លាប់ម្ដងទៀត នៅថ្ងៃទី១៦ ខែមិថុនា ដោយសារការដាច់សរសៃឈាមខួរក្បាល (ischemic stroke) បើទោះបីជាមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ និងមានការបំពាក់កាមេរ៉ា ដើម្បីតាមដានគាត់គ្រប់ពេលក៏ដោយ។ គ្រួសាររបស់គាត់កំពុងមានទុក្ខជាទម្ងន់ ដោយសារការចាកចេញរបស់អ្នកស្រី Montoya លើកនេះ គឺនឹងមិនត្រឡប់មកវិញម្ដងទៀតទេ៕


ចែករំលែកព័តមាននេះ