រាជធានីភ្នំពេញ ៖ មនុស្សជាច្រើននាក់ណាស់ ដែលធ្លាប់ត្រូវគេបោក ខ្លះក៏ត្រូវគេបោកអស់នូវទ្រព្យសម្បត្តិ ខ្លះក៏ត្រូវបានគេបោកទំនុកចិត្ត សូម្បីតែក្មេងៗក៏ត្រូវចាស់ៗបន្លាចឲ្យខ្លាចនេះ ខ្លាចនោះផងដែរ ។ ការដែលគេបោកបានអាចថា មកពីគេដឹង និងស្គាល់ពីចំណុចខ្សោយមួយចំនួនរបស់អ្នកផងដែរ ។ មួយវិញទៀត ភាពលោ.ភលន់នឹងផ្សារភ្ជាប់យើង ទៅកាន់អំពើអាក្រក់គ្រប់យ៉ាង ដែលជាប្រភពនៃសេចក្ដីវិនាសអន្តរាយ ប៉ុន្តែភាពឧស្សាហ៍ព្យាយាមនឹងនាំយើងទៅដល់សេចក្ដីចម្រើនរុងរឿងជារៀងរហូត ។

ជាក់ស្តែងកាលពីកន្លងមកនេះ លោកម្ចាស់គ្រូ សាន សុជា (កាលលោកគ្រូ គង់នៅភេទជាសង្ឃ) ធ្លាប់បានមានសង្ឃដីកាថា មនុស្សដែលគេកុហកយើងបានមាន៣ចំណុច ។ ទី១- ល្ងង់ ទី២-រៀនច្រើនក៏ដោយ ឲ្យតែឆាប់ជឿគេ និងទី៣- ចេះដល់ណាក៏ដោយ ឲ្យតែលោ.ភលន់ គឺសុទ្ធតែជាមនុស្សដែលគេអាចបោកបាន ។
លោកគ្រូ សាន សុជា កាលនៅភេទជាសង្ឃ បានបន្តនៅក្នុងវីដេអូយូធូបលោកគ្រូថា ថ្មីៗនេះនៅខេត្តសៀមរាប បោកបានសុទ្ធតែជាអាចារ្យ សុទ្ធតែអ្នកចេះធម៌ទៀត ចេះមែន តែលោ.ភលន់គេបោកបានហើយ ។ មានអង្គការមួយនោះមក គេដាក់លុយសន្សំក្នុងធនាគារ ដាក់ប៉ុណ្ណឹងឡើងប៉ុណ្ណោះ ខ្លះដាក់ឡើងអស់៧ពាន់ដុល្លារ ខ្លះអស់១ម៉ឺនដុល្លារ ខ្លះ២ម៉ឺនដុល្លារ ក៏មានដែរ ។ ដល់តែដាក់ទៅគេឲ្យស្រួលតែដំបូង ដល់យូរទៅច្រើនៗមេរត់បាត់ ស្ងួតជើងធ្មេញគ្រប់គ្នា ស្ងាត់ជ្រាប ហើយទៅចាប់ពីណា មេនៅប្រទេសណាមិនដឹងហ្នឹង ។

ជាមួយគ្នានោះដែរ លោកគ្រូ សាន សុជា បានមានសង្ឃដីកាបន្ត ត្រូវដឹងថា របស់ណាដែលវាបានមកងាយពេកមិនស្រួលទេ ។ ដូចស្នេហាឥឡូវអ៊ីចឹង គឺស្នេហាខ្វះសេចក្តីផ្តើម ជួបភ្លាមចូលតួសេចក្តីតែម្តង វាអត់មានអនុស្សាវរីយ៍អីច្រើនទេអ៊ីចឹង ។ អ៊ីចឹងចំណុច៣ហ្នឹង ល្ងង់ ឆាប់ជឿ លោ.ភលន់ ។ ដូចនៅខេត្តកំពង់ធំអ៊ីចឹង គេដើរបំផុសឲ្យទិញទឹកឃ្មុំ នរណារកបានទឹកឃ្មុំគេឲ្យរាប់រយដុល្លារ ហើយគេទិញទៅមែន ដល់តែទិញទៅមែនលើកក្រោយគេថា ខ្វះលុយគេខ្ចីទៅសិន (ខ្ចីម្តង៥០០ដុល្លារ) ឲ្យគាត់ចេះតែឲ្យទៅ ព្រោះគេធ្លាប់ទិញទឹកឃ្មុំ ដល់យូរទៅចាំបាត់ៗបាត់រហូតទៅ ។ អាហ្នឹងមកពីអី មកពីចង់បានរបស់គេ ហើយដល់ខឹង ខឹងគេបោក ។ ព្រះពុទ្ធមិនមែនបង្រៀនឲ្យអស់អ្នកបោកទេ គឺបង្រៀនមនុស្សឲ្យគេបោកលែងបាន ។ ដូចព្រះអង្គមិនមែនសម្តែងឲ្យបំបិទសាសនាទាំងអស់ទេ ប៉ុន្តែបង្រៀនមនុស្សឲ្យចេះជ្រើសរើសខ្លួនឯងថា ផ្លូវណាត្រូវ ផ្លូវណាខុស ។ បុគ្គលបែបណាទើបមានសត្រូវពិតប្រាកដ សត្រូវនឹងខ្លួនយើងពិតប្រាកដហ្នឹងស្អី ?សត្រូវសត្វលោកពិតប្រាកដ គឺអវិជ្ជា មិនមែនអ្នកដទៃទេ ។

លោកគ្រូសាន សុជា បានបន្ថែមទៀតថា ចុះទៅពឹងរបស់យើងពិតប្រាកដជាស្អី? នោះ គឺបញ្ញា វានៅតែខ្លួនយើងហ្នឹងឯង ។ អ៊ីចឹងបានបច្ចុប្បន្ននេះញាតិញោម អាត្មាចេះតែកោតថា បើយើងកើតទាន់ព្រះពុទ្ធសាសនានៅតែមានអ្នកកុហកបានអ៊ីចឹង ចុះទម្រាំយើងគិតតិចទៅមើល៎ យើងកើតអត់ទាន់ធម៌ព្រះពុទ្ធសោះហ្មង តើយើងមានពន្លឺអីសម្រាប់គិត មែនទេ? ឥឡូវនៅមានព្រះធម៌សម្រាប់ឲ្យគិតហេតុផល ឲ្យគិតបុណ្យ បាប នៅក្នុងចិត្តបរិសុទ្ធនេះ សត្វបរិសុទ្ធ ព្រោះចិត្តបរិសុទ្ធ វាចេញពីចិត្តទាំងអស់ យើងគិតអត់ឃើញព្រះធម៌ពន្លឺប៉ុណ្ណឹងហើយ បំភ្លឺប៉ុណ្ណឹងហើយ យើងគិតអត់ឃើញ នៅតែគេកុហកយើងបាន ចុះទម្រាំអត់ធម៌សោះ ។
លើសពីនេះទៅទៀត លោកម្ចាស់គ្រូ សាន សុជា ក៏មានសង្ឃដីកាបន្ត ៖ មួយទៀតអាត្មាឲ្យគន្លឹះញាតិញោមគិតតិច ញាតិញោមធ្លាប់ទៅពេទ្យទេ? ពេទ្យព្យាបាលមិនមែនចាក់ថ្នាំបំបាត់ឈឺទេ ចាក់ថ្នាំបំបាត់ឈឺចំពោះជំងឺណាដែលគេទ្រាំអត់បាន បានគេចាក់(ថ្នាំស្ពឹក) ទាល់តែទ្រាំលែងបានគេចាក់ បើនៅទ្រាំបានគេអត់ចាក់ទេ ព្រោះបើចាក់អាយុច្រើនពេលខូចសាច់អត់ងាយជាទេ ។ ញាតិញោមហេតុអីបានគេដាក់ថ្នាំក្មេងតូចៗគេលាបគ្រឿងផ្អែមពីក្រៅឲ្យក្មេងលេប ។ មកពីក្មេងពិបាកលេប តែបើសម្រាប់មនុស្សធំគេមិនបាច់ដាក់អ៊ីចឹងទេ បើកាលណាដាក់ជាតិផ្អែមច្រើនពេកវាខូចគុណភាពថ្នាំ ប៉ុន្តែសម្រាប់ក្មេង ចៀសមិនបានរឿងដាក់ផ្អែមពីក្រៅដោយសារអី មិនចេះលេប ។ បើញាតិញោមចង់ស្តាប់ធម៌ តែពាក្យផ្អែម ញាតិញោមនៅតែក្មេងដដែល គឺក្មេងអាយុច្រើន ។ ព្រះពុទ្ធព្រះអង្គប្រោសតែអ្នកចាស់ៗទេ ប៉ុន្តែដោយខ្មែរយើងច្រឡំពាក្យចាស់ មិនមែនចាស់តែអាយុទេ ឥន្ទ្រីយ៍ចាស់ ព្រះពុទ្ធប្រមើមើល៎ អ្នកដែលត្រូវប្រោស គឺអ្នកណាដែលចាស់ ប៉ុន្តែមិនមែនរើសវ័យចាស់ទេ គឺឥន្ទ្រីយ៍ចាស់(ធម៌ដែលជាធំ) ប៉ុន្តែយើងច្រឡំពាក្យចាស់ៗនេះបានចាស់ៗស្តាប់ធម៌ ។

ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកាបន្តថា ញាតិញោមស្តាប់ធម៌ធ្វើអី ? មើលឆ្លើយឲ្យត្រង់មើល៎ ។ ស្តាប់ធ្វើអី? ញាតិញោមឆ្លើយថា ស្តាប់យកបញ្ញា លោកគ្រូសាន សុជា ថា បើស្តាប់យកបញ្ញា ស្តាប់ធម៌អានិសង្ឃអត់បានបញ្ញាទេ ។ បញ្ញា គឺជាធម្មជាតិដែលវិនិច្ឆ័យភាពខុស និងត្រូវ ប៉ុន្តែអាត្មាបានទេសនានិយាយពីបុណ្យវិញ ញាតិញោមធ្វើបុណ្យណាបានអានិសង្ឃបុណ្យហ្នឹងឯង ទេសរឿងផ្សេងញាតិញោមថា លោកនេះមិនចេះទេសសោះ ។ មើលព្រះពុទ្ធមើលព្រះអង្គសម្តែងធម៌៤៥ព្រះវស្សា បើនៅតែសម្តែងអានិសង្ឃប៉ុន្មានតាមបុណ្យ ហ្នឹងបានធម៌៨ម៉ឺន៤ពាន់ព្រះធម្មខណ្ឌអត់? អ៊ីចឹងហេតុដែលស្តាប់ធម៌ឲ្យកើតបញ្ញា មិនមែនស្តាប់ឲ្យបានអីទេ គឺធម៌ដែលលើកឡើងឲ្យញាតិញោមគិតដល់ តែញាតិញោមគិតយល់អាហ្នឹងបានកើតបញ្ញា ។ នេះ គឺជារោគរបស់ញាតិញោម។
លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកាបន្ថែមថា ៖ អាត្មាឥឡូវលែងសូវសម្តែងធម៌ដោយសារអីញាតិញោម អាត្មាមើលទៅ ដូចកែមិនឡើង ដោយសារក្នុងពុទ្ធបរិស័ទយើងហ្នឹង ទុកការសម្តែងធម៌គ្រាន់តែជាការបង្គប់កិច្ច អត់ទុកការសម្តែងធម៌ហ្នឹងសំខាន់ ។ មួយវិញទៀត ញាតិញោម ៤ទៅ១០ឆ្នាំក្រោយ គួរតែបានរៀនពីការពិត អ្វីទៅជាទុក្ខអ្វីទៅជាសុខពិតប្រាកដ ។ ហ្នឹងហើយចេះពិតប្រាកដញាតិញោម ដល់តែញាតិញោមមានបញ្ញាស្តាប់ធម៌អីចឹងៗបានឈប់ខ្វល់ខ្វាយ ឈប់ភ័យព្រួយ ព្រោះញាតិញោមមានបញ្ញាជាទីពឹង អាត្មាមើលឃើញញាតិញោម ពុទ្ធបរិស័ទ្ធទាំងឡាយ មិនទាន់មានខ្លួនឯងជាពឹងពិតប្រាកដទេ ។ ម៉េចបានអាត្មាថា អ៊ីចឹង? ពីព្រោះព្រះធម៌ទេសនាទាំងឡាយហ្នឹង ពុំសូវផ្តល់ឲ្យនូវការពិចារណាទេ គឺឲ្យតែចូលបុណ្យ គឺធ្វើនេះទៅបានបុណ្យច្រើន ធ្វើនោះទៅបានបុណ្យច្រើន ការសម្តែងរបៀបនេះអត់មានឲ្យចេះណាញាតិញោម គ្រាន់តែឲ្យមានសទ្ធាក្នុងការធ្វើបុណ្យ តែបើឲ្យចេះអត់ទេ ។
លោកគ្រូសាន សុជា ក៏មានសង្ឃដីកាថា ៖ ពីមុនអាត្មាបន្ទោសញាតិញោម ប៉ុន្តែដល់អាត្មាតាមដានអ្នកទេសភាគច្រើន បុណ្យអី គឺនិយាយអានិសង្ឃបុណ្យហ្នឹង អ៊ីចឹងបានញាតិញោមនៅតែប៉ុណ្ណឹង វាអត់ឡើងទៅទៀត គេនិយាយខុសពីហ្នឹងអត់ដឹង ។ ធម៌ពិតប្រាកដមិនមែនធម៌នៅក្នុងវត្តទេ ហើយមិនមែនសីលពិតប្រាកដ តែថ្ងៃសីលដែរ រាល់ពេលនិយាយ កាយវាចា ចិត្តរបស់យើង គ្រប់ពេលនិយាយទាក់ទងដោយប្រើពាក្យសម្តី គឺសីលនៅពេលហ្នឹង ៕
ចែករំលែកព័តមាននេះ