ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្រឹង​បង្អួច​នៅ​រួត​ទី​២​នៃ​ប្រាសាទអង្គរវត្ត​ ត្រូវ​បាន​ដំឡើង​ឡើង​វិញ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ដំឡើង​ចម្រឹង​បង្អួច​នៅ​រួត​ទី​២​

ខេត្ត​សៀម​រា​ប ៖ ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ដំឡើង​ចម្រឹង​បង្អួច​នៅ​រួត​ទី​២​នៃ​ប្រាសាទអង្គរវត្ត ដែល​ធ្វើ​ពី​ថ្មភក់​ឱ្យ​នៅ​តាម​កន្លែង​ដើម​ឡើង​វិញ ដើម្បី​អភិរក្ស​ថែរក្សា​មរតក​ដូន​តា​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ចម្រឹង​បង្អួច​ធ្វើ​ពី​ថ្មភក់​មាន​ទម្ងន់​ជាង ៥០-៦០​គីឡូ​ក្រាម កម្ពស់​ជាង​១,៧២ម៉ែត្រ ដែល​អ្នកជំនាញ​បាន​រៀបចំ​ដំឡើង​ឡើង​វិញ​នៅ​តាម​កន្លែង​ដើម​នេះ ធ្លាប់​ទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​ជ្រុះ​ធ្លាក់​នៅ​រាយ​ប៉ាយ​ជា​យូរ​មក​ហើយ​។

លោក សយ សុភា​រិ​ន្ទ បុរាណ​វិទូ និង​ជា​ភ្នាក់ងារ​អភិរក្ស​ប្រាសាទអង្គរវត្ត នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា មាន​ប្រសាសន៍​ថា ក្រុមការងារ​របស់​លោក​បាន​ចាប់ផ្តើម​ជួសជុល​ចម្រឹង​បង្អួច​ធ្វើ​ពី​ថ្មភក់​ទាំងនេះ តាំង​តែ​ពី​កំឡុង​ដើម​ខែមេសា ឆ្នាំ​២០២៣ មក​ម្ល៉េះ​។ ការងារ​ជួស​ជុល​នេះ ចាប់ផ្តើម​ឡើង​តាំងពី​ការ​ដើរ​ប្រមូល​បំណែក​តូច​ធំ​របស់​ចម្រឹង​បង្អួច​ដើម្បី​យក​មក​ផ្គុំ​គ្នា ដោយ​ព្យាយាម​មិន​យក​ថ្ម​ថ្មី​មក​ជំនួស​ទេ​។

លោក សយ សុភា​រិ​ន្ទ ឱ្យ​ដឹង​ទៀត​ថា ការ​ជួសជុល​ចម្រឹង​បង្អួច​ធ្វើ​ពី​ថ្មភក់​នៅ​រួត​ទី​២ នៃ​ប្រាសាទអង្គរវត្ត​នេះ អនុវត្តន៍​ដោយ​ក្រុម​អ្នកជំនាញ ព្រមទាំង​ប្រើ​បច្ចេកទេស​ជួសជុល​សម​ស្រប​ទៅ​តាម​បទដ្ឋាន​ដែល​អាច​ធានា​បាន​នូវ​លក្ខណៈ​ដើម និង​សុវត្ថិភាព យូរអង្វែង​តទៅ​មុខ​ទៀត​។ ចំណែក​បច្ចេកទេស និង​ការ​ជួស​ជុល​មាន​ដូច​ជា ការ​បោសសម្អាត ការ​ដក​ជាតិ​អំបិល​ចេញ ការ​បិទ​កាវ ការ​បិទ​បាយអរ ដើម្បី​ពង្រឹង​ឡើង​វិញ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុម​អ្នកជំនាញ​អា​ដ​ហុ​ក​របស់​គណៈ​កម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ