ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ ! អ្នកលក់ដូរទូទៅ និងរត់ម៉ូតូឌុប អាចស្នើធ្វើប័ណ្ណ ប.ស.ស សម្រាប់ថែទាំសុខភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​វេទិកា​ពិភាក្សា ក្រោម​ប្រធានបទ«​អត្ថប្រយោជន៍ ប​.​ស​.​ស សម្រាប់​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​» កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ​៖ ក្នុង​វេទិកា​ពិភាក្សា ក្រោម​ប្រធានបទ«​អត្ថប្រយោជន៍ ប​.​ស​.​ស សម្រាប់​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​» កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ លោក សុក បូ​រ៉ា ប្រធាន​នាយកដ្ឋាន​តាវកាលិកនៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា (​ប​.​ស​.​ស​.) បាន​លើក​ឡើង​ថា នៅ​ពេល​នេះក្រៅពី​អនុវត្ត​លើ​មន្ត្រីរាជការ និង​កម្មករនិយោជិត រួម​ទាំង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ប​.​ស​.​ស ក៏​បាន​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ ឬ​បុគ្គល​ប្រកប​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដូច​ជា អ្នកលក់​ទឹកអំពៅ អ្នក​រត់​ម៉ូតូឌុប រត់​ឡាន​តាក់ស៊ី ជាដើម​។

លោក សុក បូ​រ៉ា បញ្ជាក់​ថា របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ គឺ​សមាជិក​ក្នុង​ម្នាក់ ត្រូវ​បង់​ភាគទាន ១៥៦០០​រៀល ក្នុង ១​ខែ និង​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់រង​សុខភាព ជាមួយនឹង ប​.​ស​.​ស ដូច​គ្នា​ទៅ​នឹង​មន្ត្រីរាជការ កម្មករនិយោជិត និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ដែរ​។ ពោល​គឺ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ ឬ​ពេល​គ្រោះថ្នាក់​ផ្សេង​ៗ ក្រៅពី​ហានិភ័យ​ការងារ និង​ការ​សម្រាក​មាតុភាព ( សម្រាលកូន ) នៅ​មន្ទីរពេទ្យ ដែល​ជា​ដៃគូ​របស់​ប​.​ស​.​ស ដោយ​មិន​គិតថ្លៃ​។

លោក សុក បូ​រ៉ា បន្ត​ថា ការ​សាកល្បង​នេះ គឺជា​ការ​សិក្សា​ដើម្បី​គិតគូរ​ពី​ស្ថិរភាព និរន្ត​ភាព​សម្រាប់​សមាជិក ទៅ​នឹង​ហិរញ្ញវត្ថុ​របស់ ប​.​ស​.​ស​. ហើយ​បុគ្គល​ស្វ័​យ​និ​យោជន៍ គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ សញ្ញា​តិ​ខ្មែរ គឺ​អាច​ស្នើ​ចុះបញ្ជី​ប្រើ​របប​សន្តិសុខ​សង្គម​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​នេះ​បាន​។ មក​ដល់​ពេល​នេះ ប​.​ស​.​ស មាន​មន្ទីរពេទ្យ​រដ្ឋ ដែល​ជា​ដៃគូជាង១​ពាន់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស មាន​ជាង៣០០​មន្ទីរពេទ្យ នៅ​ទូ​ទាំង​ប្រទេស​។

ក្រៅពី​មន្ត្រីរាជការ និង​កម្មករនិយោជិត​ធ្វើការ​តាម​រោងចក្រ​សហគ្រាស ព្រមទាំង​បុគ្គលិក​និយោជិត ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ប​.​ស​.​ស ក៏​បាន​អនុញ្ញាត​ឱ្យ​អ្នកបម្រើ​ការងារ​តាម​ផ្ទះ អ្នកបើកបរ​រថយន្ត ឬ​ក៏​អ្នក​ចាំចំការ​ឱ្យ​គេ ជាដើម អាច​ទៅ​ចុះបញ្ជី​ជាមួយ​ប​.​ស​.​ស ដើម្បី​ទទួល​បាន​របប​សន្តិសុខ​សង្គម ទាំង៣​ប្រភេទ ដូច​មន្ត្រីរាជការ កម្មករនិយោជិត និង​បុគ្គលិក​ក្រុមហ៊ុន​ដែរ​។ គឺ​ធានា​រ៉ាប់រង​សុខភាព គ្រោះថ្នាក់​ការងារ និង​ប្រាក់​សោធន​និវត្ត ( ប្រាក់​រ៉ឺ​ត្រែ​ត )​។

លោក សុក បូ​រ៉ា បន្ថែម​ថា ករណី​អ្នកធ្វើការ​តាម​ផ្ទះ តៃកុង​ឡាន ឬ​អ្នក​ចាំចំការ​ឱ្យ​គេ ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​របប​សន្តិសុខ​សង្គម ជាមួយ​ប​.​ស​.​ស គឺ​ម្ចាស់ផ្ទះ ឬ​ថៅកែ ត្រូវ​នាំ​អ្នក​ទាំងនោះ ទៅ​កាន់​ទីស្នាក់ការ​ប​.​ស​.​ស ដោយ​ភ្ជាប់​ជាមួយ​នូវ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ​។ រីឯ​សា​ម៉ី​ខ្លួន ជា​អ្នកធ្វើការ​តាម​ផ្ទះ តៃកុង​ឡាន និង​អ្នក​ចាំចំការ​ឱ្យ​គេ ត្រូវ​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ​។

ជាមួយ​គ្នា​នេះ លោក សុក បូ​រ៉ា ក៏​បាន​បន្ថែម​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ឬ​ក៏​អាច​នៅ​ក្រោយ​ការ​បោះ​ឆ្នោត តំណាងរាស្ត្រ នា​ខែកក្កដា​ខាង​មុខ ប​.​ស​.​ស នឹង​បើក​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម សម្រាប់​ក្រុម​គ្រួសារ សាច់ញាត្តិ​របស់​សមាជិក​ប​.​ស​.​ស​។ ពោល​គឺ​ប្តី​ប្រពន្ធ កូន បងប្អូន កូនក្មួយ និង​ឪពុក​ម្តាយ​របស់​សមាជិក​ប​.​ស​.​ស ក៏​អាច​ចុះ​ឈ្មោះ ប្រើប្រាស់​របប​សន្តិសុខ​សង្គម ដែល​អាច​ទទួល​បាន​នូវ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ រួម​ទាំង​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្សេង​ៗ ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បង់ប្រាក់ លើ គ្រោះថ្នាក់​ការងារ និង​ការ​ពិនិត្យ​សុខភាព របស់​កម្មករនិយោជិត ជា​បុគ្គលិក​ក្រុមហ៊ុន គឺ​ថៅកែ​ជា​អ្នក​បង់ប្រាក់​ឱ្យ​កម្មករនិយោជិត​។ សម្រាប់​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​និវត្ត ឬ​យើង​ហៅ​ជា​ទូទៅ​ថា ( ប្រាក់​រ៉ឺ​ត្រែ​ត ) គឺ ៤% នៃ​ប្រាក់ខែ ដោយ​ប្រាក់ខែ​ខ្ពស់​បំផុត គិត​ត្រឹម ១​លាន ២​សែន​រៀល​។ ត្រង់នេះ​មាន​ន័យ​ថា ទោះជា​បុគ្គលិក និយោជិត មាន​ប្រាក់ខែ​លើស​ពី ១​លាន ២​សែន​រៀល ក៏​គេ​គិត​ត្រឹម​ពិ​ដាន​ខ្ពស់​បំផុត​ត្រឹម ១​លាន ២​សែន​រៀល​ដែរ​។ សម្រាប់​ប្រាក់​សោធន​និវត្ត ឬ​យើង​ហៅ​ជា​ទូទៅ​ថា ( ប្រាក់​រ៉ឺ​ត្រែ​ត ) ដែល​កាត់ ៤% នៃ​ប្រាក់ខែ​នោះ គឺ​មិនមែន​បុគ្គលិក​ចេញ​ទាំង​អស់នោះ​ទេ មាន​ន័យ​ថា ក្នុង​នោះ ២% ថៅកែ​ក្រុមហ៊ុន ជា​អ្នក​បង់ និង ២%​ទៀត គឺ​បុគ្គលិក​និយោជិត​ជា​អ្នក​បង់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុគ្គល​ស្វ័​យ​និ​យោជន៍ សំដៅ​ដល់​ជន​ដែល​ប្រកបការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្ស​ដែល​ផ្តល់​ដោយ​និ​យោជន ឬ​រដ្ឋ​តាម​កិច្ចសន្យាការងារ ហើយ​ក៏​មិន​មាន​ប្រើប្រាស់​កម្មករនិយោជិត​នៅ​ក្នុង​សកម្មភាព​ការងារ ឬ​មុខរបរ​របស់​ខ្លួន ។ បុគ្គល​ស្វ័​យ​និ​យោជន៍ មាន​ដូច​ជា​ អ្នកលក់​ទឹកអំពៅ អ្នក​រត់​ម៉ូតូឌុប រត់​កង់​៣ ឬ​អ្នក​បើកឡាន​តាក់ស៊ី​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ