ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន​បន្លែ​សរី​រាង្គ​ទំហំ​១០០ហិកតា​នៅ​តំបន់​អភិវឌ្ឍ​ន៍ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ មន្ត្រី​ជាន់​ខ្ពស់​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​ថា សួន​បន្លែ​សរី​រាង្គ​ដ៏​ធំ​​មួយ​ជា​លើក​ដំបូង​នឹង​ត្រូវ​បង្កើត​ឡើង​លើ​ផ្ទៃ​ដី​រហូត​ដល់​១០០​ហិកតា​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ ក្នុង​ស្រុក​បន្ទាយ​ស្រី​ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​អភិវឌ្ឍន៍​​មួយ​នោះ ​តាម​រយៈ​ការ​នាំ​ចេញ​ផលិត​ផល​កសិក​ម្ម​ដែល​

ខេត្ត​សៀម​រាប​ ៖ មន្ត្រី​ជាន់​ខ្ពស់​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​ថា សួន​បន្លែ​សរី​រាង្គ​ដ៏​ធំ​​មួយ​ជា​លើក​ដំបូង​នឹង​ត្រូវ​បង្កើត​ឡើង​លើ​ផ្ទៃ​ដី​រហូត​ដល់​១០០​ហិកតា​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ ក្នុង​ស្រុក​បន្ទាយ​ស្រី​ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​អភិវឌ្ឍន៍​​មួយ​នោះ ​តាម​រយៈ​ការ​នាំ​ចេញ​ផលិត​ផល​កសិក​ម្ម​ដែល​មាន​គុណ​ភាព​ស្តង់​ដា​ទៅ​កាន់​ទី​ផ្សារ​ទេស​ចរណ៍​សៀម​រាប​។

សួន​បន្លែសរី​រាង្គ​ដ៏​មាន​សារ​សំខាន់​នេះ ត្រូវ​បាន​បើក​ការ​ដ្ឋាន​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១១ ក្រោម​អធិបតី​ភាព​លោក​ស៊ូ ភិរិន្ទ​ អភិ​បាល​ខេត្ត​​ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អាជ្ញា​ធរ​ជាតិ​អប្សរា និង​មាន​ការ​ចូ​ល​រួម​ពី​លោក​ប៊ុន ណារិទ្ធិ អគ្គ​នាយក​អាជ្ញា​ធរ​អប្សរា ​លោក​ច័ន្ទ​ សុផល ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ព្រម​ទាំង​មន្ត្រី​កងកម្លាំង​​ប្រដាប់អាវុធ​​ បុគ្គ​លិក​អាជ្ញា​ធរ​អប្សរា​ ប្រជា​ពល​រដ្ឋ​ និង​សិស្សា​នុសិស្ស​ជា​ច្រើន​នាក់​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សួន​បន្លែ​សរី​រាង្គ​​នេះ លោក​ស៊ូ ភិរិន្ទ ​មាន​ប្រសាសន៍​ថា សួន​បន្លែ​សរី​រាង​្គ​ដែល​កំពុង​តែ​ចាប់​ផ្តើម​នៅ​ពេល​​​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយលោក​​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​អប្សរា​ ក្នុង​កិច្ច​ប្រឹង​ប្រែង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ ជា​ពិសេស​ប្រជា​ពល​រដ្ឋ​ធ្លាប់​រស់​នៅ​តំបន់​ការ​ពារ​១ និង​២ នៃ​ឧទ្យាន​អង្គ​របេតិក​ភណ្ឌ​ពិភព​លោក​ ហើយ​មាន​បំណង​បំបែក​គ្រួសារ​ថ្មី​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ក្នុង​ភូមិ​អភិវឌ្ឍ​ន៍ធម្ម​ជាតិ​រុន​តា​ឯក​ដែល​ជា​ភូមិ​អភិវឌ្ឍ​ន៍គំរូ​ទី​មួយ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​។

លោក​ស៊ូ ភិរិន្ទ​ បាន​ថ្លែង​ទៀត​ថា តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​សួន​បន្លែ​សរី​រាង្គ​​នៅ​ក្នុង​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី នា​ពេល​នេះ​ជា​ការ​​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​នូវ​ជោគ​ជ័យ​របស់​អាជ្ញា​ធរ​អប្សរា​ក្នុង​ការ​សម្រេច​​ទិស​ដៅ​របស់​ខ្លួន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​តំបន់​១ និង​២ នៃឧទ្យា​ន​អង្គរ​​ដែ​ល​ត្រូវ​ការ​ពារ​ក្នុង​កម្រិត​ខ្ពស់ ​ស្ម័គ្រ​ចិត្ត​មក​តាំង​ទី​លំនៅ​នៅ​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​សំណង់​មិន​រៀប​រយ​នៅ​ក្នុង​ឧទ្យាន​អង្គរ​បេតិក​ភណ្ឌ​ពិភព​លោក​។ ទន្ទឹម​នឹង​នោះ​គេ​ក៏​មាន​ការ​រំពឹង​ទុក​ដែរ​ថា សួន​បន្លែ​សរី​រាង្គ​ដែល​កំពុង​ចាប់​ដំណើរ​ការ​នា​ពេល​នេះ នឹង​អាច​រួម​ចំណែក​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្លុះ​ធ្លាយ​ចំណូល​ដ៏​ក្រាស់​ក្រែល​ពី​វិស័យ​ទេស​ចរណ៍​​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ផលិត​បន្លែ​ធម្ម​ជាតិ​គ្មាន​ជាតិ​គីមី សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​តំបន់​ជំនួស​ការ​នាំ​ចូល​នូវ​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ក្បែរ​ខាង​។

រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​នៃ​ប្រទេស​កម្ពុជា លោក​ថោង ខុន ធ្លាប់​​មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ឆ្នាំ​២០១០ កន្លង​ទៅ​ ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​សរុប​ប្រមាណ​ជាង​២​លាន​នាក់​ និង​នាំ​មក​នូវ​ចំណូល​ប្រមាណ​ជាង​១.៧០០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​ ប៉ុន្តែ​ចំណូល​ប្រមាណ​២៥​ភាគ​រយ​ត្រូវ​​ធ្លុះ​ធ្លាយ​ទៅ​វិញ​តាម​រយៈ​ការ​នាំ​ចូល​នូវ​ផលិត​ផល​មួយ​ចំនួន​ដូច​ជា​ពង​មាន់​ ពងទា​ បន្លែ​ ត្រី សាច់ និង​វត្ថុ​អនុ​ស្សាវរីយ៍​ពី​ប្រទេស​ក្បែរខាង​រួម​មាន​វៀត​ណាម និង​ថៃ​ជា​ដើម។

ថ្លែង​​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សួន​បន្លែ​សរី​រាង្គ​នេះ​ លោក​ប៊ុន ណារិទ្ធិ អគ្គ​នាយក​អាជ្ញា​ធរ​អប្សរា​​មាន​ប្រសាសន៍​ថា សួន​បន្លែ​ធម្ម​ជាតិ​ដំបូងមួយ​នេះ​​បង្កើត​ឡើង​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រវាង​អាជ្ញា​ធរ​អប្សរា​ក្នុង​នាម​សេនា​ធិការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ជាមួយ​ភាគី​ក្រុម​ហ៊ុន «SAIGON INVESTMENT CON​STRUCTION & COMMERCE CO.LTD (SICC)»នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ដែល​គ្រោង​​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់​ទៅ​៦៦១.០០០​ដុល្លារ​អាមេរិក​ ក្នុង​នោះ SICC វិនិយោគ​នូវ​ទឹក​ប្រាក់​ចំនួន​២២៥.០០០​ដុល្លារ​ ដោយ​ចាប់​ផ្តើម​ពី​ជំហាន​ដំបូង​លើ​ផ្ទៃ​ដី​៥​ហិកតា និងបន្ត​​ពង្រីក​ជា​បណ្តើរៗ​ឱ្យ​បាន​១០​០​ហិកតា​។

លោកអគ្គ​នាយក​​បាន​បន្ថែម​ថា តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ​វា​នឹង​នាំ​មក​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​ក្រៅ​តំបន់​អភិវឌ្ឍ​ន៍ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក អាច​ទទួល​បាន​បច្ចេក​ទេស​ថ្មី និង​​បទ​ពិសោធន៍​ថ្មី​សម្រាប់​យក​ទៅ​ពង្រីក​ការ​ដាំ​ដុះ​ក្នុង​គ្រួសារ ​ដែល​ជា​ឱកាស​បង្កើន​ប្រភព​ចំណូល​គ្រួសារ​បាន​តាម​រយៈ​ការ​លក់​កសិ​ផល​ដែល​មាន​គុណ​ភាព​ទៅ​កាន់​ទី​ផ្សារ​ទេស​ចរណ៍​សៀម​រាប​ទាំង​មូល ៕